កីឡាអន្តរជាតិ
អន្តរជាតិ
អាជ្ញាកណ្តាលដែលមានជាងគេលើលោក កាត់ក្តីជំនួបផ្តាច់ព្រ័ត្រ Euro 2020 អ៊ីតាលី-អង់គ្លេស
11, Jul 2021 , 5:27 pm        
រូបភាព
ដោយ: ថ្មីៗ
អាជ្ញាកណ្តាលហូឡង់ លោក Bjorn Kuipers នឹងកាត់ក្តីវគ្គផ្តាច់ព្រ័ត្រ Euro 2020 រវាងអង់គ្លេស និងអ៊ីតាលី នាកីឡដ្ឋាន Wembley។ អ្វីដែលគួរឲ្យកត់សម្គាល់ លោកត្រូវបានចាត់ទុកជាអាជ្ញាកណ្តាលដែលមានជាងគេលើពិភពលោកផងដែរ។

 
 
ជាមួយនឹងរបាយការណ៍ទ្រព្យសម្បត្តិជាង១១.៥លានផោនកាលពីឆ្នាំ២០១៦ ដែលផ្សព្វផ្សាយដោយ Daily Mail លោក Bjorn Kuipers បានជាប់ឈ្មោះជាអាជ្ញាកណ្តាលដែលមានជាងគេបំផុតលើពិភពលោក។ លោកជាសហស្ថាបនិកផ្សារទំនើប Jumbo Kuipers ដែលបានប្រតិបត្តិការទូទាំងហូឡង់ និងបែលហ្ស៊ិក។
 
បន្ថែមពីលើនេះ មុខជំនួញរបស់លោកក៏ធ្លាប់ចេញរាប់លានដុល្លារផងដែរ តាមរយៈការឧបត្ថម្ភដល់កីឡាប្រណាំង Formula One ដ៏ឆ្នើម Max Verstappen។
 
ទោះបីជាមានទ្រព្យសម្បត្តិរាប់លានដុល្លារ ប៉ុន្តែលោកនៅតែបន្តអាជីពជាអាជ្ញាកណ្តាលតាំងពីឆ្នាំ២០១២មក ក្នុងកម្មវិធីប្រកួតធំៗ។ បុរសអាយុ៤៨ឆ្នាំរូបនេះ ក៏បានកាត់ក្តីនៅជំនួបវគ្គ៨ក្រុមចុងក្រោយដែលដាណឺម៉ាកឈ្នះឆែក ២-១ រួមទាំងជាជំនួយការទី៤ នាពេលអង់គ្លេសឈ្នះក្រូអាស៊ី ១-០ ផងដែរ។
 
បន្ថែមពីលើនេះ អាជ្ញាកណ្តាលហូឡង់រូបនេះ ធ្លាប់ត្រូវបានចោទប្រកាន់ពីសំណាក់កីឡាករ Paris Saint-Germain ពីររូប Marco Verratti និង Ander Herrera ថាបានជេរពួកគេ នាប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ទល់នឹង Manchester City រដូវកាលមុន។
 
កាលនោះ Verratti ប្រតិកម្មយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ Kuipers ដែលឱ្យកាតក្រហម Di Maria ស្របពេល PSG ចាញ់ Man City ២-០ នៅជំនួបជើងទី២។ ក្រោយចប់ការប្រកួតខ្សែបម្រើអន្តរជាតិអ៊ីតាលីរូបនេះ បានចោទអាជ្ញាកណ្តាល Kuipers ថាបាននិយាយ f*** you ពីរដងទៅកាន់ខ្លួន។ Ander Herrera ក៏អះអាងដូចមិត្តរួមក្រុម PSG ដូច្នេះដែរ។
 
Verratti ដែលបង្ហាញទម្រង់លេងដ៏ល្អសម្រាប់ក្រុមលោក Roberto Mancini នឹងត្រូវជួបគ្នាជាមួយលោក Kuipers ជាថ្មីនៅ Wembley សម្រាប់វគ្គផ្តាច់ព្រ័ត្រ Euro 2020 រវាងអង់គ្លេសជាមួយអ៊ីតាលី។
 
លោក Kuipers វ័យ៤៨ឆ្នាំ ក៏ធ្លាប់កាត់ក្តីការប្រកួតរវាងអង់គ្លេស និងអ៊ីតាលីនៅវគ្គចែកពូលនៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៤ ផងដែរ ដែលកាលនោះអ៊ីតាលីឈ្នះ ២-១៕
 
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com