កីឡាអន្តរជាតិ
អន្តរជាតិ
Southgate ឈឺចាប់ដែលអង់គ្លេសខកឱកាសលើកពាន Euro 2020 តែសរសើរកូនក្រុមធ្វើការបានល្អ
12, Jul 2021 , 11:29 am        
រូបភាព
លោក Gareth Southgate សារភាពថាបរាជ័យរបស់អង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រ Euro 2020 ក្រោមថ្វីជើងអ៊ីតាលី «ពិតជាធ្វើឱ្យលោកឈឺចាប់ខ្លាំង»។ យ៉ាងណាមិញ លោកមិនបន្ទោសកីឡាករទេ ហើយថែមទាំងសរសើរថា ពួកគេបានផ្តល់អ្វីគ្រាប់យ៉ាងដែលដែលពួកគេមានអស់ហើយ។


អ៊ីតាលីក្រោមការដឹកនាំរបស់លោក Roberto Mancini បានក្លាយជាម្ចាស់ជើងឯក Euro 2020 ដោយការទាត់បាល់កាត់សេចក្តីប៉េណាល់ទី ៣-២ ក្រោយលទ្ធផលប្រកួត១២០នាទីស្មើ ១-១ នាជំនួបវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley។
 
Euro 2020 ជាជំនួបផ្តាច់ព្រ័ត្រពានលំដាប់អន្តរជាតិ លើកដំបូងរបស់ក្រុមក្រុមតោកំណាចក្រោយខកខានអស់រយៈពេល៦៥ឆ្នាំ ចាប់តាំងពីពួកគេលើកពាន World Cup ឆ្នាំ១៩៦៦ម្លេះ។ ប៉ុន្តែពួកគេនៅតែខកចិត្ត ដ្បិតទទួលបានត្រឹមរងជើងឯក។
 
បរាជ័យនេះ បានធ្វើឱ្យគ្រូអង់គ្លេសលោក Southgate សោកស្តាយ និងខូចចិត្តយ៉ាងខ្លាំង ព្រោះនេះជាឱកាសមាសសម្រាប់លោកសាងប្រវត្តិសាស្ត្រសម្រាប់ក្រុម និងអង់គ្លេសទាំងមូល។
គ្រូបង្វឹកវ័យ៥០ឆ្នាំ បានប្រាប់ BBC ថាលោកឈឺចាប់សម្រាប់បរាជ័យលើកដំបូងនៅជំនួបចុងក្រោយ។ ទោះបីយ៉ាងណាក៏ដោយលោក Southgate នៅតែសរសើរ និងមានមោទកភាពចំពោះកូនក្រុមលោក ដោយអះអាងថាពួកគេធ្វើការរួមគ្នាបានល្អ និងផ្តល់ឱ្យប្រទេសជាតិនូវអនុស្សាវរីយ៍ដ៏មិនគួរឱ្យជឿ។
 
Harry Kane ប្រធានក្រុមអង់គ្លេស ក៏មានអារម្មណ៍មិនខុសពីគ្រូរបស់ខ្លួនដែរ។ ខ្សែប្រយុទ្ធ Tottenham Hotspur រូបនេះរៀបរាប់ទាំងក្តុកត្លួលថាបរាជ័យលើកនេះនឹងធ្វើឱ្យគេ ឈឺចាប់ ប៉ុន្តែនេះជាមេរៀនសម្រាប់អាជីពដែលនៅសល់។ ឈឺចាប់មួយរយៈ ប៉ុន្តែ Kane ជឿជាក់ថាអង់គ្លេសកំពុងដើរលើផ្លូវត្រូវ ហើយសង្ឃឹមថានឹងអាចរីកចម្រើនពីឆ្នាំក្រោយៗទៅ។
 
«យើងគួរមានមោទកភាពណា ដែលក្រុមអង់គ្លេសសម្រេចបានត្រឹមលទ្ធផលរងជើងឯក។ ខ្ញុំមិនអាចផ្តល់ឱ្យច្រើនជាងនេះទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់ Kane៕
 

Tag:
 Euro 2020
  Gareth Southgate
© រក្សាសិទ្ធិដោយ thmeythmey.com