អន្តរជាតិ
ចិនបណ្តេញនាវាអាមេរិកចេញពីសមុទ្រចិនខាងត្បូងចំខួប៥ឆ្នាំនៃសាលក្រមតុលាការអន្តរជាតិ
12, Jul 2021 , 4:59 pm        
រូបភាព
ដែនកោះ នៅក្នុងសមុទ្រចិនខាងត្បូង។ រូបភាព៖ CGTN
ដែនកោះ នៅក្នុងសមុទ្រចិនខាងត្បូង។ រូបភាព៖ CGTN
យោធាចិន នៅថ្ងៃទី១២ ខែកក្កដា បានអះអាងថា ខ្លួន បានបណ្តេញនាវាអាមេរិកចេញពីដែនទឹករបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។ ការបណ្តេណនាវាអាមេរិកនេះ ធ្វើឡើងចំពេលខួប ៥ឆ្នាំ នៃសាលក្រមរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្រុងឡាអេ។


 
 
ក្នុងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្រុងឡាអេ បានកាត់សេចក្តីថា ចិនមិនមានដែនសមត្ថកិច្ចមួយចំនួនលើសមុទ្រចិនខាងត្បូងឡើយ ក្នុងនោះមានដូចជាសិទ្ធិប្រវត្តិសាស្រ្ត និងការទាមទារកោះជាដើម។ ចំខួប ៥ឆ្នាំ ចិនបានអះអាងថា នាវាពិឃាដអាមេរិក USS Benfold បានបើកចូលក្នុងដែនទឹករបស់ខ្លួន ជិតប្រជុំកោះប៉ារ៉ាសែល (Paracel) ក្នុងសមុទ្រចិនខាងត្បូង។ 
 
ទាក់ទិននឹងបញ្ហានេះ ចិន បានអះអាងថា កងទ័ពរំដោះប្រជាជនចិន បានបណ្តេញនាវាអាមេរិកចេញពីដែនទឹករបស់ខ្លួន។ ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញនៅថ្ងៃទី១២ ខែកក្កដា លោក Tian Junli អ្នកនាំពាក្យបញ្ជាការយោធាភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បានសង្កត់ធ្ងន់ថា សកម្មភាពរបស់អាមេរិក ជាទង្វើបំផ្លាញដែនអធិបតេយ្យ និងផលប្រយោជន៍ រួមទាំងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់សមុទ្រចិនខាងត្បូង។ 
 
លើសពីនេះ អ្នកនាំពាក្យរូបនេះ ក៏បានចាត់ទុកសកម្មភាពយោធាអាមេរិក ជាការបំពានច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិផងដែរ។ កន្លងមក អាមេរិក បានចាត់ទុកសមុទ្រចិនខាងត្បូង ជាសមុទ្រអន្តរជាតិ និងជាតំបន់សេរី និងបើកចំហ។ 
 
ដោយចាត់ទុកទង្វើអាមេរិកជាប្រភពនៃជម្លោះ លោក Tian បានរិះគន់ និងជំទាស់យ៉ាងខ្លាំង ហើយថែមទាំងជំរុញឱ្យអាមេរិញបញ្ឈប់សកម្មភាពបង្កអស្ថិរភាពទាំងនោះទៀត។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
គួររំលឹកថា នៅថ្ងៃម្សិលមិញ ប្រមុខការទូតអាមេរិក លោកអាន់តូនី ប្ល៊ីងខិន បានលើកឡើងថា ចិននៅតែបន្តសកម្មភាពគំរាម និងសម្លុតប្រទេសអាស៊ីអាគ្នេយ៍ និងគំរាមកំហែងលើសេរីភាពនៃការធ្វើនាវាចរណ៍លើផ្លូវទឹក៕ 
 

Tag:
 ចិន
  អាមេរិក
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com