អន្តរជាតិ
ចិន ជំទាស់ដាច់ខាតលើចំណាត់ការអាមេរិកដែលដាក់ក្រុមហ៊ុនខ្លួនក្នុងបញ្ជីខ្មៅ
12, Jul 2021 , 9:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃទី១១ ខែកក្កដា បានជំទាស់ដាច់ខាត ចំពោះការដាក់បញ្ចូលក្រុមហ៊ុន ខ្លួនចំនួន២៣ ក្នុងបញ្ជីខ្មៅរបស់អាមេរិក។ អាមេរិក បានដាក់ក្រុមហ៊ុនទាំងនោះក្នុងបញ្ជីខ្មៅ ក្រោមហេតុផលពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងមានទំនាក់ទំនងជាមួយយោធាចិន។

 
ក្រសួងពាណិជ្ជកម្មអាមេរិក នៅថ្ងៃទី៩ ខែកក្កដា បានដាក់ក្រុមហ៊ុនចិនចំនួន១៤ ក្នុងបញ្ជីពាណិជ្ជកម្មខ្មៅរបស់ខ្លួន ដោយអះអាងថា រំលោភសិទ្ធិមនុស្ស និងសកម្មភាពដូចជា ការគាបសង្កត់ ចាប់បង្ខាំង និងឈ្លបការណ៍លើជនជាតិភាគតិចមូស្លីមវីហ្គ័រ និងជនភាគតិចមូស្លីមផ្សេងៗទៀត នៅតំបន់ស៊ីនជាំង។ 
 
បន្ថែមពីនេះ ក្រុងវ៉ាស៊ីនតោន បានបញ្ចូលក្រុមហ៊ុនចំនួន៥ ក្នុងបញ្ជីខ្មៅផងដែរ ដោយខ្លួនអះអាងថា ក្រុមហ៊ុនទាំងនោះបានគាំទ្រយោធាចិនដោយផ្ទាល់ ក្នុងកម្មវិធីទំនើបកម្មសព្វាវុធ ទាក់ទងឧបករណ៍កាំរស្មីឡាហ្ស៊ែ និងប្រព័ន្ធគ្រប់គ្រងការប្រយុទ្ធជាដើម។ ខណៈក្រុមហ៊ុនចំនួន ៤ទៀត ត្រូវបានអាមេរិកកំណត់ថា បាននាំចេញ ឬព្យាយាមនាំចេញទំនិញ ទៅកាន់ក្រុមហ៊ុនផ្សេងទៀត ដែលបានទទួលរងទណ្ឌកម្មអាមេរិក។
 
ទាក់ទិននឹងបញ្ហានេះ ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្តីថ្លែងការណ៍មួយ ជំទាស់នឹងវិធានការអាមេរិកលើក្រុមហ៊ុនខ្លួន និងចាត់ទុកសកម្មភាពនោះ ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់សេដ្ឋកិច្ចអន្តរជាតិ ច្បាប់ពាណិជ្ជកម្ម និង ជាការកៀបសង្កត់លើក្រុមហ៊ុនចិនដោយគ្មានហេតុផល។ ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំង នឹងចាត់វិធានការតបវិញ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ចិន។
 
យ៉ាងណាមិញ ក្រុមហ៊ុន Wuhan Raycus Fiber Laser Technologies Co ដែលជាក្រុមហ៊ុនមួយ ស្ថិតក្នុងបញ្ជីខ្មៅអាមេរិក នៅថ្ងៃទី១១ ខែកក្កដា បានបញ្ជាក់ថា  ការដាក់បញ្ចូលក្រុមហ៊ុនខ្លួន ក្នុងបញ្ជីសេដ្ឋកិច្ចខ្មៅ នឹងមិនមានផលប៉ះពាល់ខ្លាំងដល់ការស្រាវជ្រាវ និងផលិតកម្មរបស់ខ្លួននោះទេ។
 
ក្រុមហ៊ុន ដែលស្ថិតក្នុងបញ្ជីខ្មៅរបស់អាមេរិក ត្រូវជាប់បម្រាមតឹងរ៉ឹងមួយចំនួន ដូចជាការតម្រូវឱ្យស្នើសុំអាជ្ញាបណ្ណ ពីក្រសួងពាណិជ្ជកម្មអាមេរិក និងត្រួតពិនិត្យយ៉ាងម៉ត់ចត់ មុននឹងអាចទទួលទំនិញពីក្រុមហ៊ុនអាមេរិក។
 
គួររំលឹកថា កាលពីឆ្នាំ២០១៩ ក្នុងអាណតិ្តលោកដូណាល់ ត្រាំ អាមេរិកបានដាក់បញ្ចូល ស្ថាប័នរដ្ឋចំនួន ២០ស្ថាប័ន និងក្រុមហ៊ុនចិនចំនួន៨ ចូលបញ្ជីខ្មៅរួចមកហើយ ដែលរួមមាន ក្រុមហ៊ុន កាម៉េរ៉ាសុវត្ថិភាព Hikvision ព្រមទាំងប្រធានក្រុមហ៊ុនជំនាញបច្ចេកវិទ្យា ចាប់អត្តសញ្ញាណ តាមរយៈមុខមនុស្ស SenseTime Group Ltd និងMegvii Technology Ltd ទាក់ទងបញ្ហាសិទ្ធិមនុស្ស នៅតំបន់ស៊ីនជាំង៕
 

Tag:
 អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com