ជាតិ
រដ្ឋមន្ត្រីកសិកម្ម ៖ក្រុមហ៊ុនដីសម្បទាន ផ្អាកការចេញចូល របស់បុគ្គលិកវៀតណាម ដើម្បីទប់ស្កាត់កូវីដ-១៩
12, Jul 2021 , 5:19 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានស្នើឱ្យក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងអស់ ផ្អាកការចេញចូលរបស់បុគ្គលិកវៀតណាម ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។


 
សំណើរបស់លោក វេង សាខុន ប្រាប់ទៅក្រុមហ៊ុនទាំងនោះ ធ្វើឡើងតាមបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្នើឱ្យទប់ស្កាត់ការចេញចូលតាមច្រកព្រំដែនវៀតណាម។ លិខិតរបស់រដ្ឋមន្រ្តីកសិកម្ម ចុះថ្ងៃទី១២ កក្កដា បានសរសេរដូច្នេះថា៖«ស្នើសុំ ឱ្យបណ្តាក្រុមហ៊ុនវៀតណាម ដែលកំពុងមានវត្តមានធ្វើការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ផ្អាកការធ្វើដំណើរឆ្លងកាត់ពីកម្ពុជាទៅវៀតណាម និងពីវៀតណាមមកកម្ពុជាវិញជាបណ្តោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិ វៀតណាមទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជាសកលនៃជំងឺ Cov-19 នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល នាពេលបច្ចុប្បន្ននេះ»។
 
ថ្លែងក្នុងកិច្ចប្រជុំតាមអនឡាញជាមួយមន្ត្រីរដ្ឋាភិបាល ដោយមានការផ្សាយបន្តផ្ទាល់ នៅថ្ងៃទី១ កក្កដា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរបន្តការទប់ស្កាត់ការនាំចូលនូវកូវីដ-១៩ បំប្លែងថ្មី ដោយពង្រឹងច្រកចេញចូលតាមព្រំដែន និងទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ បើតាមសម្ដេច ហ៊ុន សែន ព្រំដែនគោក គឺបានពង្រឹងវិធានការ តាំងពីមានការផ្ទុះកូវីដ-១៩ បំប្លែងថ្មី នៅថៃ និងវៀតណាម។ 
 
សម្ដេចបញ្ជាឱ្យអាជ្ញាធរតាមពង្រឹងវិធានការតាមព្រំដែនថៃ ឱ្យបានម៉ត់ចត់ដោយសារពលករខ្មែរ សម្រុកចេញពីថៃច្រើនមកកម្ពុជា។ ដោយឡែកការឆ្លងពីវៀតណាមវិញ គឺកើតចេញពីអនិកជនវៀតណាម នាំចូលមកកម្ពុជា។ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឱ្យអាជ្ញាធរតាមព្រំដែនវៀតណាម ពង្រឹង និងហាមការចេញចូលរបស់អនិកជនវៀតណាម បើសិនជាគ្មានភារកិច្ចចាំបាច់។ សម្រាប់ព្រំដែនឡាវ គឺមិនមានការពង្រឹងវិធានការទេ ដោយឡាវ មិនសូវមានករណីផ្ទុះខ្លាំង។
 
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៦១,៨៧០ នាក់ ក្នុងនោះករណីនាំចូលមានចំនួន ៤,៨៧៣នាក់។ អ្នកជាសះស្បើយមាន ៥៣,៤៧៧ នាក់ និងស្លាប់សរុប ៩២៥នាក់។ ចំណែកវៀតណាម មានអ្នកឆ្លង ជាង៣ម៉ឺននាក់ ជាសះស្បើងជាង៩ពាន់នាក់ និងស្លាប់១២៣នាក់៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com