ជាតិ
ពីនេះ ពីនោះ
តើអ្នកបានធ្វើអ្វីខ្លះដើម្បីសងគុណទន្លេសាបទេ?
13, Jul 2021 , 8:59 am        
រូបភាព
រូបភាព៖ ឈុត ឈាណា
រូបភាព៖ ឈុត ឈាណា
ដោយ:
 ក្នុងរូបភាពនេះ គឺជាទូករបស់អ្នកនេសាទចតអែបមាត់ច្រាំង ដើម្បីយកផលនេសាទ ដែលពួកគេនេសាទបានពីក្នុងទន្លេសាប ទៅលក់ឱ្យឈ្មួញកណ្តាល សិ្ថតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល ។ ទន្លេសាប គឺជាទន្លេមួយដ៏សំខាន់ ដែលតភ្ជាប់បឹងទន្លេសាបជាមួយទន្លេមេគង្គ និងទន្លេបាសាក់ នៅចំណុចប្រសព្វទន្លេទាំងបួន គឺទន្លេចតុមុខ។ ទន្លេសាប មានប្រវែងប្រហែល ១២០គីឡូម៉ែត្រ ហូរឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង។ ជារៀងរាល់ឆ្នាំ មច្ឆជាតិជាច្រើនប្រភេទ និងរាប់សិបលានតោន បានឆ្លងកាត់ទន្លេសាបសម្រាប់បំពេញវដ្តជីវិត រវាងទន្លេមេគង្គ និងបឹងទន្លេសាប។


ក្រៅពីមច្ឆជាតិ មនុស្ស សត្វ និងរុក្ខជាតិ ក៏ទាញយកផលប្រយោជន៍ពីទន្លេសាប បានយ៉ាងច្រើនឥតគណនាផងដែរ។ ទន្លេសាប ផ្តល់សុខុមាលភាពដល់មនុស្ស មច្ឆជាតិ សត្វ និងរុក្ខជាតិ។ មច្ឆជាតិ សត្វ និងរុក្ខជាតិ ផ្តល់សុខុមាលភាពដល់មនុស្ស។ មនុស្សជាអ្នកទាញយកផលប្រយោជន៍ផ្សេងៗ ពីទន្លេសាប មច្ឆជាតិ សត្វ និងរុក្ខជាតិ។ 
 
ជារៀងរាល់ឆ្នាំ មនុស្សចាប់ត្រីរាប់លានតោនពីក្នុងទន្លេសាប ចាប់សត្វផ្សេងៗ ធ្វើជាចំណី កាប់រុក្ខជាតិសម្រាប់ធ្វើផ្ទះ និងធ្វើអុសដុតចម្អិនអាហារ ព្រមទាំងប្រើប្រាស់ទឹកទន្លេសាបសម្រាប់របរកសិកម្ម និងតម្រូវការផ្សេងៗទៀត ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ដូច្នេះ មនុស្សគួរដណ្តឹងសួរខ្លួនឯងថា៖ «តើខ្លួនបានធ្វើអ្វីខ្លះ ដើម្បីសងគុណទន្លេសាបវិញ?»។ 
 
ដើម្បីទាញយកផលប្រយោជន៍ពីទន្លេសាបបានយូរអង្វែង គម្រាងអច្ឆរិយភាពនៃទន្លេមេគង្គ សូមអំពាវនាវដល់ប្រជាជនទាំងអស់ ដែលរស់នៅតាមបណ្តោយដងទន្លេសាប មេត្តាជួយថែរក្សាការពារ និងកុំបោះសម្រាម ចូលក្នុងទន្លេ។ សុខុមាលភាពទន្លេសាប សុខុមាលភាពយើងទាំងអស់គ្នា!។ សូមចូលរួមចែករំលែកអត្ថបទនេះ និងតាមដានជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដើម្បីស្វែងយល់អំពីទន្លេសាប និងអត្ថប្រយោជន៍ជាច្រើនដែលវាផ្តល់ឱ្យយើង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com