រថយន្ត
អន្តរជាតិ
កូនរថយន្តឥន្ទធនូ បាននាំបាល់ចូលទីលាននាវគ្គផ្តាច់ព្រ័ត្រ Euro 2020
12, Jul 2021 , 7:19 pm        
រូបភាព
ប្រភពរូបថត៖ Getty Images
ប្រភពរូបថត៖ Getty Images
ដោយ: ធីតា
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានបង្ហាញកូនរថយន្តបញ្ជាសារជាថ្មីម្តងទៀតកាលពីជំនួបវគ្គផ្តាច់ព្រ័ត្រ Euro 2020 នៅកីឡដ្ឋាន Wembley ដែលអ៊ីតាលី បានឈ្នះជើងឯក ហើយបន្សល់ការខកចិត្តសម្រាប់ម្ចាស់ផ្ទះអង់គ្លេស។ លើកនេះ គឺជាកូនរថយន្តឥន្ទធនូ ដែលបង្ហាញពីការគាំទ្រ និងមោទកភាពសម្រាប់សហគមន៍ LGBTQ។

 
កូនរថយន្តបញ្ជាម៉ាក Volkswagen បានដឹកបាល់ចូលទៅកណ្តាលទីលាន ដើម្បីយកទៅប្រគល់ឲ្យលោកអាជ្ញាកណ្តាលហូឡង់ Bjorn Kuipers ដើម្បីចាប់ផ្តើមការប្រកួត។ នាពេលនោះ កីឡាករឆ្នើមអ៊ីតាលី Ciro Immobile ក៏តាមដានពិនិត្យមើលរថយន្តយ៉ាងយកចិត្តទុកដាក់ផងដែរ។
 
កូនរថយន្តដឹកបាល់ចូលទីលាន បង្ហាញវត្តមានលើកដំបូងកាលពីជំនួបបើកឆាកព្រឹត្តិការណ៍រវាងអ៊ីតាលី និងតួកគី បន្ទាប់មកនាជំនួបរវាង ស្វីស និងវេលស៍ រួមទាំងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាងអ៊ីតាលី និងអេស្ប៉ាញ ផងដែរ។
 
សម្រាប់វត្តមានកន្លងមក រថយន្តសុទ្ធតែមានពណ៌ប្រផេះ ខណៈនៅវគ្គផ្តាច់ព្រ័ត្រ ជារថយន្តឥន្ទធនូ ដើម្បីបង្ហាញពីការគាំទ្រដល់ដល់សហគមន៍ LGBTQ+ ព្រមទាំងលើកកម្ពស់ការរួមបញ្ចូល និងភាពចម្រុះគ្នានៅក្នុងសង្គម។


ប្រភពរូបថត៖ Getty Images
 
ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane ក៏បានពាក់ស្លាកឥន្ទធនូ ជានិមិត្តរូបផងដែរ នាពេលគោរពភ្លេងជាតិ ប៉ុន្តែក្រោយមកបានប្តូរចេញវិញ។
 
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ អ៊ីតាលី ឈ្នះប៉េណាល់ទី ៣-២ ក្រោយលទ្ធផលស្មើ ១-១។ ក្រុមរហស្សនាម Azzuri បានក្លាយជាម្ចាស់ពាន Euro លើកទីពីរ ក្នុងរយៈពេល៥៣ឆ្នាំ ខណៈតោកំណាចអង់គ្លេសនៅតែមិនអាចឈ្នះពានសំខាន់ បន្ទាប់ពីពួកគេធ្លាប់ឈ្នះ World Cup តែ១លើកគត់កាលពីឆ្នាំ១៩៦៦៕ 
 

ប្រភពរូបថត៖ Getty Images
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com