ជាតិ
COVID-19៖ រដ្ឋាភិបាលគួរឲ្យពលករ ទទួលបានជំនួយសង្គម និងបង្កើតការងារក្នុងស្រុក
12, Jul 2021 , 5:59 pm        
រូបភាព
សកម្មភាពពលករកម្ពុជា វិលមកពីតាមអូរស្មាច់មាន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
សកម្មភាពពលករកម្ពុជា វិលមកពីតាមអូរស្មាច់មាន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
ភ្នំពេញ៖ ពលករខ្មែរសម្រុកត្រឡប់មកកម្ពុជាវិញ ខណៈថៃកំពុងរីករាលដាលកូវីដ-១៩ខ្លាំង ។ ក្រៅពីបញ្ហាប្រឈមឆ្លងកូវីដ-១៩ ពលករខ្មែរទាំងនោះ ក៏គ្មានការងារធ្វើ រួមទាំងបំណុលទៀតផង។ សង្គមស៊ីវិលផ្នែកសិទ្ធិការងារ ជំរុញឲ្យរដ្ឋ ដោះស្រាយបញ្ហាពលរដ្ឋមកថៃនេះ តាមរយៈបង្កើតការងារ ឬមុខរបរឲ្យពួកគេ។ ប៉ុន្តែក្រសួងសេដ្ឋកិច្ច ពន្យល់វិញថា បញ្ហាពលរដ្ឋក្រីក្រ ដែលកំពុងខ្វះខាតជាក់ស្ដែង ដែលត្រូវដោះស្រាយចាំបាច់ ជាងបញ្ហាជីវភាពពលករនេះ ។


 
ពលករខ្មែរ ៣០០នាក់ក្នុងមួយថ្ងៃ បានសម្រុកចេញពីថៃ មកកម្ពុជា ជាបន្តបន្ទាប់ ក្រោយថៃប្រកាសបិទតំបន់ និងទីក្រុង ដោយសារការផ្ទុះកូវីដ-១៩ ធ្ងន់ធ្ងរ។ ពលករខ្មែរសម្រុកមកវិញនេះ ភាគច្រើនជាអ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អ្នកស្រី ឡាយ ស្រីមុំ ជាអ្នកធ្វើការតាមអាហាដ្ឋាននៅថៃ ដែលទើបមកដល់កម្ពុជា កាលពីថ្ងៃទី៧ កក្កដា ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា អ្នកស្រីនិងប្ដីបានត្រឡប់ខ្មែរវិញ ដោយសារកន្លែងការងារផ្អាកដំណើរការ។ ចំណែក កូនពីរនាក់ទៀតរបស់អ្នកស្រី មិនទាន់ត្រឡប់មកវិញនោះទេ ព្រោះការងារនៅរោងចក្រជប៉ុន ក្នុងប្រទេសថៃ នៅដំណើរការធម្មតា។ 
 
អ្នកស្រី មុំ និងស្វាមី កំពុងជាប់ចត្តាឡីស័ក នៅមណ្ឌលស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ តាមការកំណត់របស់អាជ្ញាធរ។ ក្រោយចត្តាឡីស័កចប់ អ្នកស្រី មុំ បានដាក់គោលដៅរកការងារធ្វើ បណ្ដោះអាសន្ននៅម្ដុំផ្ទះ នាទីក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយបំណុល។ 
 
«ខ្ញុំត្រូវបង់ធនាគារជាង៩០ម៉ឺនរៀលក្នុងមួយខែ ហើយចាយប្រចាំថ្ងៃផង ចង់មិនចង់ចេញទៅវិញ(ចេញពីចត្តាឡីស័ក)ត្រូវរកការងារធ្វើសិនដើម្បីដោះទាល់។ ហើយបើកន្លែងការងារគេបើកវិញ, អាជ្ញាធរខ្មែរយើងឲ្យចេញទៅវិញ ខ្ញុំត្រឡប់ធ្វើការវិញហើយ ព្រោះទម្លាប់ធ្វើការនៅទីនោះហើយ គឺជាង៤ឆ្នាំមកហើយ»។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ឡាយ ស្រីមុំ ដោយបន្ថែមថា ខ្លួនក៏បានដឹងពីបញ្ហាប្រឈមការឆ្លងកូវីដ-១៩ នៅពេលមាតុភូមិនិវត្តន៍វិញ ប៉ុន្តែដោយសារគ្មានការងារធ្វើនៅថៃ ទើបបង្ខំចិត្តសម្រេចមកវិញនេះ។ 
 
លោក ង៉ែត សោភ័ណ្ឌ ដែលធ្វើការសំណង់ នៅថៃជាង១០ឆ្នាំហើយនោះ ក៏បានវិលត្រឡប់មកកម្ពុជាវិញដែរ ដោយសារថៅកែខ្លួនផ្អាកការងារមួយរយៈពេល។ វិលមកស្រុកកំណើតវិញនេះ លោក សោភ័ណ្ឌ សម្រេចចិត្តធ្វើស្រែសិន ដើម្បីដោះស្រាយជីវភាព។ 
 
«គេបិទការដ្ឋានការងារក៏អត់ កន្លែងស្នាក់នៅក៏អត់ មានតែត្រឡប់មកខ្មែរវិញ។ ប្រហែលនៅខ្មែរយូរបន្តិចហើយលើកនេះ ព្រោះកន្លែងការងារមិនដឹងពេលណាបើកវិញ ហើយខ្ញុំក៏ខ្លាចឆ្លងកូវីដ-១៩ដែរ។ មានតែនៅធ្វើស្រែសិនផ្ទះសិនហើយ ចាំដើររកការងារនៅក្នុងភូមិស្រុកបន្ថែមទៀត»។ នេះបើតាមលោក សោភ័ណ្ឌ ដែលបង្ហាញការព្រួយបារម្ភថា លោកក៏មិនដឹងធ្វើការអ្វីដែរនៅខ្មែរ ព្រោះធ្លាប់តែធ្វើការនៅថៃ។ 
 
ពាក់ព័ន្ធការវិលត្រឡប់មកវិញ របស់ពលករខ្មែរនៅថៃនេះ លោក សូ ឆ្លូញ អនុប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា យល់ថា រដ្ឋាភិបាលត្រូវជួយផ្ដល់ការឧបត្ថម្ភផ្នែកណាមួយដូចស្បៀងអាហារ ថវិកា ឬបង្កើតការងារដល់ពួកគេ នៅអំឡុងពេលនេះ។ បើតាមលោក ឆ្លូញ រដ្ឋក៏គួរពន្លឿនការផ្ដល់វ៉ាក់សាំងដល់ពលករ ដែលត្រឡប់មកវិញ ព្រោះពួកគេប្រឈមការឆ្លងជាខ្លាំង។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម អនុប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជារូបនេះ បាននិយាយដូច្នេះ៖«ពលករភាគច្រើនមិនទាន់មានការងារធ្វើ ប្រឈមការឆ្លងកូវីដ-១៩ ហើយត្រូវចត្តាឡីស័កទៀត។ ពលករខ្លះជាប់បំណុលទៀត ដែលនាំជីវភាពពួកគេកាត់ពិបាក។ រដ្ឋគិតគូរដោះបញ្ហានេះខណៈកម្មករសំណង់ក្នុងស្រុក ដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃសមាជិកសហជីពរបស់ខ្ញុំ ក៏រងផលប៉ះពាលជាង៥០ភាគរយដែរ ក្នុងចំណោមសហជិកសរុបជាង៩០០០នាក់»។ 
 
ផែនការជួយដល់ពលករនេះ មិនអាចដោះស្រាយបានភ្លាមៗនោះទេ ដោយសាររដ្ឋាភិបាលត្រូវរៀបចំគោលនយោបាយ និងប្រើរយៈពេលវែង។ នេះបើតាមលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបញ្ជាក់ថា បញ្ហាដែលត្រូវដោះស្រាយចំពោះមុខ គឺពលរដ្ឋមានជីវភាពទីទាល់ក្រ ដែលកំពុងរងគ្រោះជាក់ស្ដែង ក្នុងវិបត្តិកូវីដ-១៩នេះ។ 
អ្នកនាំពាក្យរូបនេះ បានពន្យល់ដូច្នេះថា៖ «ក្រសួងខ្ញុំមិនមែនធ្វើការខាងហ្នឹង(បញ្ហាពលករ)តែម្នាក់ឯងទេ ត្រូវការពិគ្រោះយោបល់ជាមួយក្រសួងការងារ ក្រសួងពាក់ព័ន្ធផ្សេងទៀត។ រឿងនេះកើតឡើងភ្លាមៗ មិនអាចដោះស្រាយបានភ្លាមៗទេ។ យើងត្រូវការវិនិច្ឆ័យនិងវាយតម្លៃទៀត វាជារឿងគោលនយោបាយមិនមែនមកដោះស្រាយភ្លាមៗទេ»។  
 
ជុំវិញគោលការណ៍ជួយដោះស្រាយដល់ពលករនេះ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស របស់អង្គការសង់ត្រាល់ បានបន្ថែមថា ដំណាក់កាលនេះ ស្ថានទូតខ្មែរប្រចាំប្រទេសថៃ គួរធ្វើការជាមួយអាជ្ញាធរថៃឲ្យជាប់ ដើម្បីធានាថា ពលករដែលបន្តស្នាក់នៅថៃ មានសុវត្ថិភាព ហើយអ្នកត្រឡប់ខ្មែរ ក៏មិនជួបបញ្ហាប្រឈម។ 
 
លោកសង្កត់ធ្ងន់ថា៖ «រដ្ឋាភិបាលគួរពង្រឹងវិសាលភាពនៃការទទួលបានជំនួយគាំពារសង្គម ដល់ពលករ ដើម្បីជួយសម្រាកបន្ទុកពួកគេ ខណៈពេលមិនទាន់រកបានការងារថ្មីនៅខ្មែរ។ ជាជំហានបន្ទាប់ ក៏ត្រូវគិតគូរបង្កើតការងារដល់ពួកគេផងដែរ ព្រោះពលករខ្លះក៏កំពុងជាប់បំណុលផងដែរ»។ 
 
ជុំវិញស្ថានភាពពលករខ្មែរនៅក្រៅប្រទេស និងគោលនយោបាយជួយដល់ពួកគេនេះ សារព័ត៌មានថ្មីៗ មិនទាក់ទងសុំព័ត៌មានលម្អិតពី លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឡើយ។ ដោយឡែក លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា លោកពុំទាន់មានរបាយការណ៍ជុំវិញពលករក្រៅប្រទេសនោះទេ។ 
 
បើតាមលោក ថារ៉ូ បច្ចុប្បន្ននេះ ពលករខ្មែរនៅប្រទេសថៃប្រមាណ៤០០នាក់ហើយបានឆ្លងកូវីដ-១៩។ ក្រៅពីពលករខ្មែរ កើតកូវីដ-១៩ នេះ ក៏មានពលករខ្មែរ៣០នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ការងារ បើគិតពីដើមឆ្នាំ២០២១មក។ នេះជាការបញ្ជាក់របស់អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស របស់អង្គការសង់ត្រាល់។
 
របាយការណ៍របស់ IOM និង UNFPA ចេញផ្សាយរបាយការណ៍ ថ្ងៃទី១៨ ធ្នូ២០២០ ដែលបានស្ទង់មតិពលករ១,១០៨នាក់ ក្នុងខេត្តបាត់ដំបង់ បន្ទាយមានជ័យ សៀមរាប និងព្រៃវែង បានបង្ហាញថា គ្រួសារពួកគេជិត៣០ភាគរយ បានបាត់ប្រភពចំណូល។ លើសពីនេះ ជិត៦០ភាគរយនៃពលករទាំងនោះ គឺគ្មានប្រភពចំណូល។ ក្នុងនោះដែរ ពលករច្រើនជាង៥០ភាគរយមានជាប់បំណុល។ ចំណែកពលករ ត្រឹមតែ២៥ភាគរយប៉ុណ្ណោះ ដែលមានបណ្ណសមធម៌។ 
 
គិតត្រឹមថ្ងៃ២០ធ្នូ ២០២០ ដល់ខែមិថុនា ២០២១នេះ ពលរដ្ឋខ្មែរត្រឡប់ពីថៃ មានជាង៤.៤ម៉ឺននាក់។ ជាមួយគ្នានេះ អាជ្ញាធរថៃ ក៏បានបញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់ ៤ពាន់នាក់ មកអាជ្ញាធរកម្ពុជាវិញដែរ។ នេះបើតាមរបាយការណ៍របស់ លោក កែ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៕
 
 
 

Tag:
 ពលករ
  សេដ្ឋកិច្ចក្រៅប្រព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com