កីឡាជាតិ
ជាតិ
NOCC ព្រមាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក្រោយសម្ដេច ហ៊ុន សែន ​ប្រតិកម្ម​
12, Jul 2021 , 7:24 pm        
រូបភាព
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​ព្រមាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក្រោយពី​មានការ​សម្រេច​លទ្ធផល​មិនត្រូវ​លក្ខន្តិកៈ និង​អយុត្តិធម៌​ចំពោះ​ការប្រកួត​។ ការព្រមាន​លើ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ធ្វើឡើង​ក្រោយពី​សម្ដេច ហ៊ុន សែន បានប្រតិកម្ម​លើ​ការសម្រេច​ក្នុងការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់ និង​រង្វាន់​នៅ​សង្វៀន CBS (CNC) រវាង​កីឡាករ ឃឹម បូរ៉ា និង​កីឡាករ ម៉ឺន មេ​ឃា​។​

 
មួយថ្ងៃក្រោយប្រតិកម្មរបស់នាយករដ្ឋមន្ត្រីនោះ  NOCC ក៏បាន​សង្កេតឃើញថា អាជ្ញាកណ្ដាល​-​ចៅក្រម ជាម​ន្ដ្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​វិនិច្ឆ័យ​ការប្រកួត ដោយ​មិន​គោរព​តាម​គោលការណ៍​លេង​ដោយ​យុត្តិធម៌ (Fair-Play) ហើយ​មិន​គោរព​តាម​បទបញ្ជា​ការប្រកួត ។ ជាពិសេស គ្មាន​ក្រមសីលធម៌ និង​ស្មារតី​ជាម​ន្ដ្រី​យុត្តិធម៌​កីឡា ដែល​ធ្វើ​ឲ្យ​មហាជន​បាត់បង់​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធគ្រប់គ្រង​កីឡា និង​ប៉ះពាល់​ដល់​គុណ​តម្លៃ​នៃ​កីឡា​អត្តសញ្ញាណ​ជាតិ​មួយ​នេះ។​
 
​បើតាម​NOCC ការប្រកួត​លើស​ង្វៀន​ឯកជន​កន្លងមក ក៏មាន​ការវិនិច្ឆ័យ​ល​ទ្ធ​ផល​ប្រកួត ដោយមាន​បញ្ហា​អយុត្តិធម៌​ជា​ញឹកញាប់ ដែល​សហព័ន្ធ​កីឡា​គុន​ខ្មែរ នៅតែ​មិនអាច​កែសម្រួល ឬ​កែទម្រង់​បាន ហើយ​ធ្វើ​ឲ្យ​មហាជន និង​ថ្នាក់ដឹកនាំ​មានប្រតិកម្ម​ជា​ញឹកញាប់។​
 
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានចេញ​លិខិត​នៅ​ល្ងាច ថ្ងៃទី​១២ កក្កដា ដោយមាន​ខ្លឹមសារ​ដូច្នេះ​៖«​សូម​ប្រកាស​ដាក់​ការព្រមាន​លើកដំបូង​ដល់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ឲ្យ​ធ្វើការ​កែទម្រង់ និង​ដាក់ចេញ​នូវ​បទ​ប្ប​ញ្ញ​ត្ដិ ដោយ​ដាក់ពិន័យ​យ៉ាង​ម៉ឹងម៉ាត់​ដល់​អាជ្ញាកណ្ដាល​-​ចៅក្រម​ឲ្យ​គោរព​ស្មារតី​កីឡា គោរព​បទបញ្ជា​ការប្រកួត គោរព​គោលការណ៍ Fair-Play និង​គោរព​ក្រមសីលធម៌​កីឡា ដោយ​មិនអាច​រំលោភ​បាន​។ ប្រសិនបើ​មាន​បញ្ហា​ដដែល​កើតឡើង​ទៀត NOCC នឹង​ប្រើ​សិទ្ធិ​ដាក់​ព្យួរ​សមាជិកភាព​ដែលជា​ផលវិបាក​របស់​សហព័ន្ធ​មិនអាច​ចូលរួម​ការប្រកួត​ជា​អន្ដរជាតិ និង​រៀបចំ​ការប្រកួត​ជា​អន្ដរជាតិ​ផ្លូវការ​បាន ហើយក៏​មិនអាច​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម រួមទាំង​ស៊ី​ហ្គេម​នៅ​កម្ពុជា​ផងដែរ​»​។​
 
​បើទោះបី​ការប្រកួត​ស្ថិតក្នុង​ក្របខណ្ឌ​អាជីវកម្ម មិន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ចលនា​អូឡាំពិក ហើយ​ការប្រកួត​ជាការ​ដណ្ដើម​លាភសក្ការៈ​ជា​លុយ ផ្ទុយ​នឹង​ស្មារតី និង​ធម្មនុញ្ញ​អូឡាំពិក​ក្តី ប៉ុន្ដែ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ស្ថិតក្រោម​ឆ័​ត្រ​នៃ​លក្ខន្ដិកៈ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។ នេះ​ជាការ​បញ្ជាក់​របស់ NOCC​។​

អត្ថបទទាក់ទង

 
​កាលពី​ថ្ងៃទី​១១ កក្កដា សម្តេច ហ៊ុន សែន បានបង្ហាញ​ការហួសចិត្ត ចំពោះ​កីឡាករ​ប្រដាល់​វាយ​ខុស​ក្បួន តែ​អាជ្ញាកណ្តាល​មិន​ព្រម​ប្រកាស​លទ្ធផល​។ ដ្បិត​សម្តេច ហ៊ុន សែន មិនបាន​បញ្ជាក់​ចំៗ​ក្តី ប៉ុន្តែ​គេ​អាច​យល់បាន​ថា សម្តេច​និយាយ​សំដៅលើ​ការប្រកួត​រវាង ឃីម បូរ៉ា និង ម៉ឺន មេ​ឃា នា​ជំនួប​ដណ្តើម​ខ្សែក្រវាត់​មួយ​នៅលើ​សង្វៀន CNC​។ កាលណោះ មេ​ឃា បាន​លើក បូរ៉ា បោក​ដូច​កីឡាកាស រហូតដល់​រងរបួស​។ អាជ្ញាកណ្តាល​បានសម្រេច​លើក​ការប្រកួត ដោយ​មិន​បញ្ជាក់​ពី​លក្ខន្តិកៈ​។​
 
​ប៉ុន្តែ​ក្រោយ​រលក​នៃ​ការរិះគន់ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ CNC និង​ម្ចាស់​ឧបត្ថម្ភ បានសម្រេច​ផ្តល់​ជ័យជម្នះ​ឲ្យ ឃីម បូរ៉ា ដោយ​មិនមាន​ការប្រកួត​លើក​ទី​ពីរ​នោះឡើយ​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com