ជាតិ
កម្ពុជា សម្រេចរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុប តាមប្រព័ន្ធវីដេអូ នៅចុងខែវិច្ឆិកា
13, Jul 2021 , 10:54 am        
រូបភាព
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) នៅក្រុមប្រឹក្សាអឺរ៉ុប នៅទីក្រងព្រុចស៊ែរ កាលពីថ្ងៃទី១៨ តុលា ២០១៨ ។(រូបពីAFP)
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) នៅក្រុមប្រឹក្សាអឺរ៉ុប នៅទីក្រងព្រុចស៊ែរ កាលពីថ្ងៃទី១៨ តុលា ២០១៨ ។(រូបពីAFP)
ភ្នំពេញ៖ កម្ពុជា បានសម្រេចចុងក្រោយ ដោយរៀបចំកិច្ចប្រជុំអាស៊ី-អឹរ៉ុប លើកទី១៣ នៅថ្ងៃទី២៥-២៦ វិច្ឆិកា ២០២១ តាមប្រព័ន្ធវីដេអូ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១២ កក្កដា។


 
លោក លុយ ដេវីត រដ្ឋលេខាធិការ ក្រសួងការបរទេស និងឧត្តមមន្ត្រីទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប បានបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូនេះ គឺដើម្បីធានាសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំបណ្ដាប្រទេសនានា។ 
 
ក្រសួងការបរទេស បានបញ្ជាក់ដូច្នេះថា៖«សេចក្តីសម្រេចនេះ ធ្វើឡើងស្របតាមអនុសាសន៍ណែនាំរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយបានបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំកំពូលជាលក្ខណៈរូបវ័ន្ត គឺនឹងមិនមានសុវត្ថិភាពដល់បណ្ដាថ្នាក់ដឹកនាំនៃប្រទេសដៃគូ ASEM ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំនោះឡើយ ហើយក៏មិនអាចប្រព្រឹត្តទៅបានផងដែរ ព្រោះជំងឺរាតត្បាតនេះ បាននឹងកំពុងបន្តរីករាលដាលខ្លាំង ស្របពេលដែលបណ្ដាប្រទេសជាច្រើនលើសកលលោក បានដាក់ចេញនូវការរឹតត្បិតលើការធ្វើដំណើរសារជាថ្មី»។
 
កាលពីថ្ងៃទី៧-៩ កក្កដា ២០២១ កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ី-អឹរ៉ុប លើកទី១៣ ក៏បានធ្វើជាសហប្រធានជាមួយសហភាពអឺរ៉ុប ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប (ASEM SOM) តាមប្រព័ន្ធវីដេអូ ។ ក្នុងនោះមានបណ្ដាប្រទេសដៃគូ៥១ រួមទាំងតំណាងពីសហភាពអឺរ៉ុប លេខាធិការអាស៊ាន និងមូលនិធិអាស៊ីអឹរ៉ុប (ASEP)ចូលរួមផងដែរ។
 
កិច្ចប្រជុំនេះ បានពិភាក្សាយ៉ាងលម្អិតពីសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយជំងឺកូវីដ-១៩ ដែលវានឹងក្លាយជាឯកសារមួយ ក្នុងចំណោមឯកសារលទ្ធផលដ៏សំខាន់ចំនួនពីរ ដែលនឹងត្រូវអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះ ឧត្តមមន្ត្រី ASEM ក៏បានឯកភាពគ្នាឱ្យមានការជួបពិភាក្សាគ្នាម្ដងទៀត នៅក្នុងខែកក្កដានេះ ដើម្បីសម្រេចជាស្ថារពរលើសេចក្តីថ្លែងការណ៍នេះ។

ដំបូងឡើយ កម្ពុជា គ្រោងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៦ និង១៧ វិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែដោយសារតែជំងឺកូវីដ-១៩ រាតត្បាតខ្លាំង ទើបសម្រេចពន្យាពេល មកធ្វើនៅពាក់កណ្ដាលឆ្នាំ២០២១នេះ ។ តែស្ថានភាពជំងឺកូវីដ-១៩បច្ចុប្បន្ន នៅតែបន្តគំរាមកំហែងនោះ ទើបសម្ដេចនាយករដ្ឋមន្រ្តី កំណត់ឱ្យរៀបចំកិច្ចប្រជុំ នៅចុងខែវិច្ឆិកា ឆ្នាំ២០២១នេះ។

អត្ថបទទាក់ទង
 
កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) បានបង្កើតឡើង នៅឆ្នាំ១៩៩៦ ដើម្បីផ្សាភ្ជាប់អាស៊ីនិងអឺរ៉ុប តាមរយៈវេទិកាសន្ទនា និងសហប្រតិបត្តិការួមគ្នា។ កម្ពុជា បានក្លាយជាសមាជិកASEM នៅឆ្នាំ២០០៤។ កម្ពុជា គឺជាប្រទេសទី៤ ក្នុងចំណោមប្រទេសតំបន់អាស៊ាន បន្ទាប់ពីប្រទេសថៃ (១៩៩៦) វៀតណាម(២០០៤) និងឡាវ (២០១២) ដែលក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ,គណៈកម្មាធិការអឺរ៉ុប និងសមាគមន៍អាស៊ាន។
 
បើគិតចាប់តាំងពីឆ្នាំ១៩៩៦មក កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) បានរៀបចំចំនួន១២លើកហើយ ដោយក្នុងនោះធ្វើឡើងនៅប្រទេសថៃ (១៩៩៦) អង់គ្លេស (១៩៩៨) កូរ៉េខាងត្បូង (២០០០) ដាណាម៉ាក (២០០២) វៀតណាម (២០០៤) ហ្វាំងឡង់ (២០០៦) ចិន (២០០៨) បែលហ្ស៊ិក (២០១០) ឡាវ (២០១២) អ៊ីតាលី (២០១៤) ម៉ុងហ្គោលី (២០១៦) និងបែលហ្ស៊ិកម្តងទៀត នាឆ្នាំ២០១៨ ។ 
 
បច្ចុប្បន្នប្រទេសដែលជាសមាជិក ASEM មាន៥១ប្រទេស ក្នុងនោះមាន អូស្ត្រាលី, អូទ្រីស, បង់ក្លាដែស, បែលហ្ស៊ិក, ប្រ៊ុយណេ, ប៊ុលហ្គារី, កម្ពុជា, ចិន, ក្រូអាត, សាធារណរដ្ឋឆែក, ដាណឺម៉ាក, អេស្តូនី, ហ្វាំងឡង់, បារាំង, អាល្លឺម៉ង់, ក្រិក, ហុងគ្រី, ឥណ្ឌា, ឥណ្ឌូណេស៊ី, អៀរឡង់, អ៊ីតាលី, ជប៉ុន, កាហ្សាក់ស្ថាន, កូរ៉េខាងត្បូង, ឡាវ, ឡេតូនី, លីទុយអានី, លុចសំបួ, ម៉ាឡេស៊ី, ម៉ាល់ត៍, ម៉ុងហ្គោលី, មីយ៉ាន់ម៉ា, ហូឡង់, នូវែលសេឡង់, ន័រវេស, ប៉ាគីស្ថាន, ហ្វីលីពីន, ប៉ូឡូញ, ព័រទុយហ្គាល់, រុស្ស៊ី, សិង្ហបុរី, ស្លូវ៉ាគី, ស្លូវេនី, អេស្ប៉ាញ, ស៊ុយអែត, ស្វ៊ីស, ថៃ, ចក្រភពអង់គ្លេស និងវៀតណាម។ សហភាពអឺរ៉ុប និងអាស៊ាន ជាអង្គការប្រចាំតំបន់ដែលចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ៕
 

Tag:
 ប្រជុំអាស៊ី-អឺរ៉ុប
  ASEM
© រក្សាសិទ្ធិដោយ thmeythmey.com