ជាតិ
កម្ពុជានឹងប្រារព្ធ «ពិធីរាប់ថយក្រោយ៥០០ថ្ងៃ» នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នៅថ្ងៃ២០ ខែធ្នូ
13, Jul 2021 , 2:59 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជានឹងប្រារព្ធ «ពិធីរាប់ថយក្រោយ៥០០ថ្ងៃ» ដ៏ធិកអធមម្តងទៀត នៃដំណើរឆ្ពោះទៅពិធីបើកជាផ្លូវការស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។ ពិធីរាប់ថយក្រោយ ៥០០ថ្ងៃនេះ គឺនឹងប្រព្រឹត្តទៅចំថ្ងៃទី២០ ធ្នូ ២០២១។ នេះបើតាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ។


CAMSOC បានបញ្ជាក់ថា ពិធីរាប់ថយក្រោយ ៥០០ថ្ងៃនេះ នឹងស្វែងរក ហើយប្រគល់រង្វាន់លើកទឹកចិត្តជូនដល់ជ័យលាភីរចនាភ្លើងគុប និងរចនាមេដាយស៊ីហ្គេមផងដែរ ដើម្បីបន្តផ្សព្វផ្សាយពីដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យកាន់តែទូលំទូលាយទាំងក្របខ័ណ្ឌថ្នាក់ជាតិ និងអន្តរជាតិ។
 
កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ កម្ពុជាបានប្រារព្ធពិធីរាប់ថយក្រោយ១០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាផ្លូវការយ៉ាងអធិកអធមម្តងហើយ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពសម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។
 
កម្ពុជា បានកំណត់ពិធីបើកជាផ្លូវការស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។ ដោយឡែកពិធីបិទវិញ គឺនៅថ្ងៃទី១៧ ឧសភា ២០២៣។ ក្នុងអំឡុងពេលរៀបចំនេះ កម្ពុជា ក៏ជួបប្រទះបញ្ហាប្រឈមច្រើនដែរ ខណៈជំងឺកូវីដ-១៩ កំពុងរាតត្បាត។ នេះបើតាមវ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ដែលបានបន្ថែមថា បញ្ហាប្រឈមទាំងនោះ ត្រូវបានដោះស្រាយជាបន្តបន្ទាប់ នៅក្នុងឆមាសទី១ ឆ្នាំ២០២១នេះ។
 
«ដូច្នេះ សមិទ្ធផលទាំងឡាយនៅក្នុងឆមាសទី១នេះ គឺយើងទទួលបានច្រើនណាស់ បើទោះបីជាស្ថិតក្នុងបរិបទកូវីដ-១៩ក្តី។ ប៉ុន្តែបើទោះជាយើងទទួលរងនូវផលប៉ះពាល់ទាំងអស់នោះក្តី ក៏យើងបានធ្វើដំណើរ ក្នុងបរិបទថ្មី សម្រាប់ការងាររបស់យើងដែរ»។ នេះបើតាមហ្វេសប៊ុក CAMSOC ដែលបានស្រង់សម្តីលោក លោក វ៉ាត់ ចំរើន។
 
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន ក៏ជំរុញឱ្យក្រុមការងារ និងសហព័ន្ធទាំងអស់ ត្រូវបញ្ចប់កិច្ចការងារតាមផែនការឲ្យបានរៀបរយនៅត្រឹមឆមាសទី២ ឆ្នាំ២០២១នេះ ដូចជាការកំណត់វិញាសារ និងប្រភេទកីឡាទាំងអស់ ខណៈទីលានប្រកួត ត្រូវបានកំណត់ការរៀបចំរួចហើយ ដោយត្រូវកែលម្អទីលានប្រកួតឲ្យត្រូវតាមស្តង់ដាបច្ចេកទេស ។
 
នៅក្នុងឆមាសទី២ ឆ្នាំ២០២១នេះ CAMSOC នឹងបើកយុទ្ធនាការឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដូចជាយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ, យុទ្ធនាការកម្ពុជាស្អាត, យុទ្ធនាការកាត់បន្ថយគ្រឿងញៀន-គ្រោះថ្នាក់ចរាចរណ៍ និងសណ្តាប់ឆ្នាប់សង្គមជាច្រើនទៀត រួមទាំងវិធានការរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។

បន្ថែមពីនេះ CAMSOCនឹងបើកយុទ្ធនាការជាតិស្តីពីការផ្សព្វផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ទាំងថ្នាក់ជាតិ និងអន្តរជាតិ តាមរយៈការជួយជ្រោមជ្រែងពីគណៈកម្មាធិការជាតិអូឡាំពិកនីមួយៗជាសមាជិកអាស៊ីអាគ្នេយ៍។ នេះបើតាមអគ្គលេខាធិការ CAMSOC៕

Tag:
 ស៊ីហ្គេម
  SEA Game 2023
© រក្សាសិទ្ធិដោយ thmeythmey.com