ជាតិ
សង្គមជាតិ
អាជីវករផ្សាកណ្ដាល ១៧នាក់ ឆ្លងកូវីដ-១៩ កម្រិតស្រាល
13, Jul 2021 , 4:59 pm        
រូបភាព
ការបិទខ្ទប់ផ្សារកណ្តាល ដែលស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រូបភាពពីរដ្ឋបាលខណ្ឌដូនពេញ។
ការបិទខ្ទប់ផ្សារកណ្តាល ដែលស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រូបភាពពីរដ្ឋបាលខណ្ឌដូនពេញ។
ដោយ:
ភ្នំពេញ៖ អាជីវករ សនិ្តសុខ និងគណៈកម្មាការគ្រប់គ្រងផ្សារកណ្ដាល ១៧នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ។ នេះបើតាមលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដែលបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ។

 
លោក សុខ ពេញវុធ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានចុះមកប្រមូលសំណាកអាជីវករផ្សារកណ្តាល និងអ្នកពាក់ព័ន្ធ ចំនួន១៨៣នាក់ កាលពីថ្ងៃទី១២ ខែកក្កដា ដោយរកឃើញអ្នកជំងឺកូវីដ-១៩ ទាំង១៧នាក់នេះ។ បើតាមលោក អភិបាលខណ្ឌដូនពេញ អ្នកពាក់ព័ន្ធផ្សេងទៀត ក៏កំពុងទៅយកសំណាករកជំងឺកូវីដ-១៩ នៅវិទ្យាល័យបាក់ទូកដែរ។
 
លោក ហូវ អ៊ិត គណៈកម្មាការគ្រប់គ្រងផ្សារកណ្តាល បានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងផ្សារកណ្តាលនេះ កំពុងតែសម្រាកព្យាបាលនៅមជ្ឈមណ្ឌលកោះពេជ្រ។ បើតាមលោក ហូវ អ៊ិត អ្នកជំងឺទាំងនោះ គឺស្ថិតនៅក្នុងស្ថានភាពកម្រិតស្រាល ពីព្រោះពួកគេសុទ្ធតែចាក់វ៉ាក់សំាងកូវីដ-១៩ ទាំង២ដូសរួចហើយ។
 
គណៈកម្មាការគ្រប់គ្រងផ្សារកណ្តាលរូបនេះ បានអះអាងថា ការរាលដាលឆ្លងជំងឺកូវីដ-១៩នៅផ្សារកណ្តាល បានកើតឡើង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។ 
 
ករណីនេះជាលើកទី២ហើយ ដែលផ្ទុះជំងឺកូវីដ-១៩ នៅផ្សារកណ្តាល។ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១កន្លងមក អាជីវករផ្សារកណ្តាលចំនួន៦០នាក់ បានឆ្លងជំងឺកូវីដ-១៩។
 
ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រេចបិទផ្សារកណ្តាលរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-២៦ ខែកក្កដា។
 
លោកអភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អាជីវករ ឬអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ រួសរាន់ទៅធ្វើតេស្តជាបន្ទាន់ និងត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងខ្លួនឲ្យបានត្រឹមត្រូវ។
 
លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា ប្រសិនជាអាជីវករទាំងអស់ មិនគោរពតាមការណែនាំវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ទេនោះ ពួកគេមិនអាចបើកដំណើរការលក់ដូរ ក្រោយពេលដែលផ្សារបើកដំណើរការឡើងវិញឡើយ ហើយពួកគេក៏ត្រូវពិន័យអន្តរកាល គិតជាទឹកប្រាក់ពី១លានរៀល ទៅ១០លានរៀល។
 
ក្រៅពីផ្សារកណ្តាល ក៏មានផ្សារអូរឡាំពិក ដែលត្រូវបានផ្អាកដំណើរការផ្សារមួយរយៈដែរ ខណៈផ្សារបឹងកេងកេង ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ។ 
 
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៦២ ៧០០នាក់ ក្នុងនោះ ៥ ០៩០នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៥៤ ៤៨៩នាក់ និងស្លាប់សរុប ៩៥៣នាក់៕ 
 
 

Tag:
 អាជីវករ
 ផ្សារកណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com