កីឡាអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្ត្រីអង់គ្លេស៖ អង់គ្លេស និងអៀរឡង់សមទទួលសិទ្ធិរៀប World Cup 2030
14, Jul 2021 , 8:29 am        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន ជឿជាក់ថា ចក្រភពអង់គ្លេស និងអៀរឡង់នឹងឈ្នះការដេញថ្លៃរៀបចំ FIFA World Cup ឆ្នាំ ២០៣០។ លោក Johnson អះអាងដូច្នេះ ដោយសារលោកមើលឃើញថាប្រទេសទាំងពីរមានលក្ខណសម្បត្តិល្អដែលអាចដំណើរការព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកបាន។


អង់គ្លេស ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះ និងឈ្នះ World Cup ឆ្នាំ ១៩៦៦ បានបរាជ័យក្នុងការដេញថ្លៃរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ក្នុងឆ្នាំ ២០០៦ និង ២០១៨។ ប៉ុន្តែក្រោយអង់គ្លេសប្រើប្រាស់កីឡដ្ឋាន Wembley សម្រាប់ការប្រកួត Euro 2020 បានដោយជោគជ័យ នាយករដ្ឋមន្រ្តីអង់គ្លេសសង្ឃឹមថា ប្រទេសខ្លួននឹងឈ្នះក្នុងការដេញថ្លៃជាលើកទី៣ សម្រាប់ World Cup ឆ្នាំ២០៣០។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក ចនសុន បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «នេះជាដំណើរការដ៏វែងឆ្ងាយ និងលំបាកបំផុត ... ប៉ុន្តែជាក់ស្តែងខ្ញុំគិតថាចក្រភពអង់គ្លេសពិតជាមានលក្ខខណ្ឌល្អ រួមគ្នាជាមួយអៀរឡង់ ហើយយើងនឹងទទួលបានផ្លែផ្កា» ។
 
ស្របពេលគ្នានោះ នៅពេលសួរថាតើអង់គ្លេសបានធ្វើឱ្យខូចឈ្មោះរបស់ខ្លួនទេបន្ទាប់ពីអ្នកគាំទ្របាល់ទាត់ដែលគ្មានសំបុត្រព្យាយាមសម្រុកចូលកីឡដ្ឋាន Wembley ជាជំនួបផ្តាច់ព្រ័ត្រ Euro 2020? Johnson ឆ្លើយថា ពួកគេធ្វើឱ្យខូចបរិយាកាសពិតមែន តែមិនមែននៅក្នុងកីឡដ្ឋាននោះទេ ហើយលោកនឹងពិនិត្យ និងធ្វើវាឱ្យប្រសើរជាងនេះទៅទៀត។
 
កាតានឹងដឹកនាំធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ ២០២២ ដែលមាន៣២ក្រុមចូលរួម មុនពេល អាមេរិក កាណាដា និងម៉ិកស៊ិកជាហម្ចាស់ផ្ទះនៅឆ្នាំ២០២៦ ដែលមានក្រុមរហូតដល់៤៨ក្រុមចូលរួមជាលើកដំបូង មានន័យថាកើនក្រុមដល់ទៅ១៦ឯណោះ៕
 

Tag:
 World Cup
  Boris Johnson
© រក្សាសិទ្ធិដោយ thmeythmey.com