កីឡាអន្តរជាតិ
អន្តរជាតិ
១១នាក់ល្អបំផុតនៅ Euro 2020៖ កីឡាករអ៊ីតាលី៥រូប អង់គ្លេស៣រូប តែគ្មានម្ចាស់ស្បែកជើងមាស
14, Jul 2021 , 9:29 am        
រូបភាព
កីឡាករ៥រូបរបស់ក្រុមម្ចាស់ជើងឯកអ៊ីតាលី និងកីឡាកររបស់ក្រុមរងជើងឯកអង់គ្លេស ៣រូបជាប់ឈ្មោះក្នុងបញ្ចីកីឡាករល្អបំផុតទាំង១១រូបក្នុងព្រឹត្តិការណ៍ Euro 2020។ សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ប្រកាសដូច្នេះនៅថ្ងៃទី១៣ ខែកក្កដា។


៥រូបរបស់អ៊ីតាលីរួមមានអ្នកចាំទី Gianluigi Donnarumma ដែលជាប់ជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ រួមជាមួយខ្សែការពារ Leonardo Bonucci និង Leonardo Spinazzola ខ្សែបម្រើ Jorginho និងខ្សែបម្រើស្លាប Federico Chiesa។
 
ឯ៣រូបរបស់តោកំណាចមានខ្សែការពារស្តាំ Kyle Walker ខ្សែការពារកណ្តាល Harry Maguire និងខ្សែប្រយុទ្ធ Raheem Sterling។ ៣រូបផ្សេងទៀតដែលស្ថិតក្នុងឈុត១១នាក់ល្អបំផុតសម្រាប់ជើងឯកអឺរ៉ុបដែលរៀបចំដោយអ្នកបច្ចេកទេសរបស់ UEFA មានខ្សែបម្រើអេស្ប៉ាញ Pedri ខ្សែបម្រើដាណឺម៉ាក Pierre-Emile Hojbjerg និង Romelu Lukaku ខ្សែប្រយុទ្ធក្រុមបែលហ្ស៊ិក។ 
 
សម្រាប់ខ្សែប្រយុទ្ធ ម្ចាស់ស្បែកជើងមាស Cristiano Ronaldo ប្រធានក្រុមព័រទុយហ្កាល់ និងស្បែកជើងប្រាក់ Patrik Schick របស់ឆែកដែលរកបាន៥គ្រាប់ដូចគ្នា មិនត្រូវបាន UEFA ជ្រើសរើសទេ។


 
Sterling រកបាន ៣ គ្រាប់អោយអង់គ្លេស ឯ Lukaku រកបាន ៤ គ្រាប់អោយប៊ែលហ្សិក និងChiesa រកបាន២គ្រាប់ឱ្យអ៊ីតាលីទើបជាជម្រើសរបស់ UEFA សម្រាប់តំបន់ប្រយុទ្ធ ក្នុងឈុត១១នាក់ល្អបំផុត។
 
អ៊ីតាលីបានក្លាយជាម្ចាស់ជើងឯក Euro 2020 ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៦៨ តាមរយៈការយកឈ្នះអង់គ្លេសដោយបាល់កាត់សេចក្តីប៉េណាល់ទី ៣-២ បន្ទាប់ពីក្រុមទាំងពីរប្រកួត១២០នាទីស្មើគ្នា ១-១ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com