COVID-19
ជាតិ
ទណ្ឌិតស្ត្រី២៦នាក់ នៅពន្ធនាគារខេត្តសៀមរាប ឆ្លងកូវីដ-១៩
14, Jul 2021 , 12:29 pm        
រូបភាព
រូបភាព៖ ហ្វេសប៊ុកពន្ធនាគារខេត្តសៀមរាប
រូបភាព៖ ហ្វេសប៊ុកពន្ធនាគារខេត្តសៀមរាប
ទណ្ឌិត២៦នាក់ទៀត នៅពន្ធនាគារខេត្តសៀមរាប បានឆ្លងជំងឺកូវីដ-១៩។ អ្នកទោសដែលឆ្លងទាំងនេះសុទ្ធតែស្ត្រី ដោយក្នុងនោះមានជនជាតិខ្មែរ២៣នាក់ , ថៃម្នាក់ ,ឥណ្ឌូណេស៊ីម្នាក់ និងជនជាតិវេណេស៊ុយអេឡាម្នាក់។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃទី១៣កក្កដា។

 
អ្នកទោសទាំង ២៦នាក់នេះ គឺស្ថិតក្នុងចំណោមអ្នកដែលមានតេស្តវិជ្ជមានកូវីដ-១៩ សរុប ៨៥នាក់។ គួររំលឹកថា កាលពីថ្ងៃទី៧ កក្កដាកន្លងទៅ ក៏មាន មន្ត្រី និងទណ្ឌិតនៅពន្ធនាគារខេត្តសៀមរាបនេះ ១៩នាក់ដែរ បានឆ្លងកូវីដ-១៩ ក្នុងនោះក៏មាន លោក ភាន ឆវ័ន្ត ដែលជាប្រធានពន្ធនាគារផងដែរ។
 
ក្រៅពីខេត្តសៀមរាប កន្លងមក ជំងឺកូវីដ-១៩ បានឆ្លងលើមន្រី្តពន្ធនាគារ និងអ្នកជាប់ឃុំ នៅបណ្តារាជធានីខេត្តមួយចំនួនដែរ រួមមានពន្ធនាគារនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្ដាល កំពង់ស្ពឺ ស្វាយរៀង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។
 
 
ក្រៅពីទណ្ឌិត អ្នកវិជ្ជមានផ្សេងទៀត គឺជាអាជីវករ មេផ្ទះ កុមារ សិស្ស និងបុគ្គលិកក្រុមហ៊ុនឯកជនជាដើម ព្រមទាំងមានអ្នកទើបត្រឡប់មកពីប្រទេសថៃចំនួន ៧នាក់ផងដែរ។ អ្នកទើបវិជ្ជមាន គឺជាពលរដ្ឋរស់នៅក្រុងសៀមរាប នៅស្រុកសូទ្រនិគម  ប្រាសាទបាគង  និងស្រុកក្រឡាញ់។ អ្នកឆ្លងមួយចំនួនមានអាសយដ្ឋាននៅរាជធានីភ្នំពេញ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តព្រៃវែង។
 
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏ប្រកាសថាមានអ្នកដែលបានជាសះស្បើយ ៥៤នាក់ដែរ។ ចំណែកករណីស្លាប់មានម្នាក់ទៀត គឺជាស្ត្រីវ័យ ៧៤ឆ្នាំ អាសយដ្ឋានភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ 
 
បច្ចុប្បន្ន ខេត្តសៀមរាបរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ២,៦៣៩នាក់ ក្នុងនោះ៩៨១នាក់ បានជាសះស្បើយ ២៦នាក់ស្លាប់ និង១,៦៣២នាក់ទៀតកំពុងសម្រាកព្យាបាល៕
 
 
 
 
 

Tag:
 ទណ្ឌិត
  ពន្ធនាគារ
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com