ជាតិ
សម្តេច ស ខេង ក្រើនរំឭកឲ្យទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទកុមារ តាមអនឡាញ
14, Jul 2021 , 2:47 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ នាពិធីប្រកាសឲ្យប្រើប្រាស់ និងអនុវត្ត«ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញឆ្នាំ២០២១-២០២៥ នាថ្ងៃទី១៤ ខែកក្កដា តាមវីដេអូZoom សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធរួមគ្នា ពង្រឹងវិធានការទប់ស្កាត់ការកេងប្រវ័ញ្ចកុមារ តាមប្រព័ន្ធអ៊ីនធឺណិត។

 
សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា អំឡុងការរាតត្បាតជំងឺកូវីដ-១៩ទូទាំងពិភពលោក ប្រព័ន្ធបច្ចេកវិទ្យា គឺដើរតួយ៉ាងសំខាន់ក្នុងការប្រាស្រ័យទាក់ទង ដោះស្រាយគ្រប់បញ្ហា ការអភិវឌ្ឍន៍គ្រប់វិស័យ និងការសិក្សាអប់រំរបស់កុមារ និងយុវជនទាំងនៅទីក្រុង និងជនបទ។ 
 
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់ថា ទោះប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដ៏ល្អសម្រាប់គ្រប់វិស័យ ក្នុងបរិបទកូវីដ-១៩ ក្តី ប៉ុន្តែវាក៏ជាអាវុធបង្កគ្រោះថ្នាក់ដល់កុមារ ដែលប្រើប្រាស់ខុសគោលដៅ ប្រឈមនឹងការរំលោភបំពានផ្លូវភេទ ឧក្រិដ្ឋកម្ម និងការកេងប្រវ័ញ្ចក្នុងរូបភាពផ្សេងៗ តាមប្រព័ន្ធអនឡាញ។ 
 
សម្តេច ស ខេង បានអះអាងថា ការកេងប្រវ័ញ្ចលើកុមារតាមអនឡាញនេះ គឺជាបញ្ហាសកលដែលកើតឡើងទូទាំងប្រទេស រួមទាំងកម្ពុជាផងដែរ ដែលតម្រូវឲ្យភាគីពាក់ព័ន្ធត្រូវរួមគ្នា ដោះស្រាយជាបន្ទាន់។ 
 
ដើម្បីទប់ស្កាត់ហានិភ័យដែលកើតឡើងលើកុមារតាមអនឡាញប្រកបដោយប្រសិទ្ធភាព រដ្ឋាភិបាលកម្ពុជាក៏បានបង្កើតក្រុមប្រឹក្សាជាតិដើម្បីកុមារ និងបង្កើតនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ នេះបើតាម សម្តេច ស ខេង ដោយក្រើនរំលឹកដល់ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានាបន្តអនុវត្តផែនការ និងសកម្មភាព ដើម្បីការពារកុមារពីការរំលោភបំពានផេ្សងៗតាមប្រព័ន្ធអ៊ីនធឺណិត។ 


 
សម្តេច ស ខេង បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នមានសមត្ថកិច្ចរួមគ្នា បន្តបទដ្ឋានច្បាប់ដែលមានជាធរមាន ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងកំណែទម្រង់ប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌប្រកបដោយសង្គតិភាព និងផ្តល់សេវាយុត្តិធម៌សង្គម និងបង្កើនឱកាសកិច្ចការពារសម្រាប់កុមារ និងដោះស្រាយករណីលើកុមារ។
 
ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តគ្រប់គ្រងលើក្រុមហ៊ុនអ៊ីនធឺណិត ដោយបង្កើតជាគោលនយោបាយគ្រប់គ្រង និងការពារកុមារ។ សម្តេចក៏បានស្នើឲ្យក្រសួងសង្គមកិច្ច បន្តលើកកម្ពស់សេវាសង្គម និងការផ្តល់ប្រឹក្សាយោបល់ និងសាមហរណកម្មចំពោះកុមាររងគ្រោះ និងងាយរងគ្រោះក្នុងបទល្មើសបច្ចេកវិទ្យាព័ត៌មាន។ 
 
លើសពីនេះ សម្តេច ស ខេង ក៏បានណែនាំដល់ស្ថាប័នពាក់ព័ន្ធ បន្តលើកកម្ពស់ការយល់ដឹងពីព័ត៌មានសង្គម ដល់មាតាបិតាអំពីការប្រើប្រាស់ និងគ្រោះថ្នាក់ លើកុមារ តាមប្រព័ន្ធអ៊ីនធឺណិតនេះ។
 
កន្លងមក កម្ពុជា បានចុះហត្ថលេខីនៃសេចក្តីថ្លែងការណ៍សកលនៅកិច្ចប្រជុំកំពូលជាសកល នៅទីក្រុងAbu Dhabi នៃប្រទេសUnited Arab Emirates នៅឆ្នាំ២០១៥ និងចូលជាសមាជិកភាពជាដៃគូសកលលុបបំបាត់អំពើហិង្សាលើកុមារ រួមទាំងអនុវត្តគោលនយោបាយការពារកុមារ។ នេះបើតារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕
 
 
 
 

Tag:
 កុមារ
 អនឡាញ
© រក្សាសិទ្ធិដោយ thmeythmey.com