COVID-19
ជាតិ
អ្នកនាំពាក្យ ៖ គម្លាតចាក់វ៉ាក់សាំងដូសទី១ និងទី២ ដើម្បីបង្កើនប្រសិទ្ធភាពអង្គបដិបក្ខ ក្នុងបរិបទកូវីដបំប្លែងថ្មី
14, Jul 2021 , 5:16 pm        
រូបភាព
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងប្រាប់អ្នកកាសែត នៅគ្រានាំយកថវិកា១០លានរៀល និងសម្ភារៈផ្សេងទៀត ទៅប្រគល់ជូនលោកតា ណុប មាន វ័យ៧០ឆ្នាំ ដែលជាមនុស្សទី៥លាននៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៤ កក្កដា ២០២១។ រូបពីហ្វេសប៊ុកក្រសួងសុខាភិបាល។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងប្រាប់អ្នកកាសែត នៅគ្រានាំយកថវិកា១០លានរៀល និងសម្ភារៈផ្សេងទៀត ទៅប្រគល់ជូនលោកតា ណុប មាន វ័យ៧០ឆ្នាំ ដែលជាមនុស្សទី៥លាននៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៤ កក្កដា ២០២១។ រូបពីហ្វេសប៊ុកក្រសួងសុខាភិបាល។
ភ្នំពេញ៖ គម្លាតនៃការចាក់វ៉ាក់សាំង ប្រភេទស៊ីណូវ៉ាក់(Sinovac) និងស៊ីណូហ្វាម (Sinopharm) រវាងដូសទី១ និងទី២ ត្រូវដូរពី១៤ថ្ងៃ ទៅ២១ថ្ងៃវិញ។ មូលហេតុដែលបន្ថែមគម្លាតចាក់វ៉ាក់សាំងដូសទី១ និងទី២ នេះ ដើម្បីបង្កើនប្រសិទ្ធភាពអង្គបដិបក្ខនៅក្នុងសរីរាង្គពលរដ្ឋ។នេះបើតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។


លោកស្រី ឱ វណ្ណឌីន បានពន្យល់ថា ការបង្កើនគម្លាតចាក់វ៉ាក់សាំង ពីដូសទី១ និងដូសទី២ រយៈពេល១សប្ដាហ៍នេះ នឹងជួយឱ្យអង្គបដិបក្ខ(បង្កើតភាពស៊ាំនឹងមេរោគ)ក្នុងខ្លួនមនុស្ស កាន់តែប្រសើរឡើង ខណៈដែលវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី កំពុងរាតត្បាតនៅជុំវិញពិភពលោក។ បើតាមលោកស្រី ការបន្ថែមពេល១អាទិត្យទៀត គឺអនុវត្តតាមក្បួនវិទ្យាសាស្ត្រដែលរកឃើញថ្មី។ ប៉ុន្តែលោកស្រី ឱ វណ្ណឌីន និយាយបែបនេះ មិនមែនមានន័យថា អ្នកចាក់វ៉ាក់សាំងទាំង២ដូសហើយ ជាង៣លាននាក់មកនេះ គ្មានអង្គបដិបក្ខរឹងមាំនោះទេ ។
 
ថ្លែងក្រោយនាំយកថវិកា និងសម្ភារៈផ្សេងទៀត ទៅប្រគល់ជូនលោកតា ណុប មាន វ័យ៧០ឆ្នាំ ដែលជាមនុស្សទី៥លាននៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៤ កក្កដា រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បាននិយាយដូច្នេះថា៖«មិនមែនជាបញ្ហាថា អូហ៍! លើកមុនចាក់ខុសហើយ។ អត់មានរឿងខុសអីទេ។ ខ្ញុំសូមអនុញ្ញាតជម្រាបថា អ្នកចាក់[វ៉ាក់សាំងបង្ការកូវីដ-១៩0 មុនក៏ត្រូវ អ្នកចាក់ក្រោយក៏ត្រូវ គឺត្រូវទាំងអស់។ អត់មានអីខុសទេ។ នេះគ្រាន់តែថា វិទ្យាសាស្ត្របានឡើងថា ប្រសិនបើយើងចំណាយពេល១អាទិត្យទៀតទៅ ដើម្បីរុញធ្វើយ៉ាងម៉េចឱ្យការបង្កើតអង្គបដិបក្ខនេះ វាកាន់តែរឹង [ហេតុផល]តែប៉ុណ្ណឹងទេ»។
 
តាមពិតទៅក្បួនវិទ្យាសាស្ត្រជាសកលលោកកន្លងមក ក៏តម្រូវឱ្យគម្លាតចាក់វ៉ាក់សាំងដូសទី១ និងទី២ ចាប់ពី១៤ថ្ងៃ ដល់២៨ថ្ងៃដែរ ដើម្បីបង្កើតអង្គបដិបក្ខនេះ។ ប៉ុន្តែរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល បានសម្រេចកំណត់យកត្រឹមគម្លាតចាក់វ៉ាក់សាំង ត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះ។ មូលហេតុដែលរដ្ឋាភិបាល សម្រេចយកត្រឹម១៤ថ្ងៃនេះ ក្រោមហេតុផលពន្លឿនការចាក់វ៉ាក់សាំងជូនពលរដ្ឋ តាមផែនការដែលបានកំណត់ ដើម្បីការពារអាយុជីវិតពលរដ្ឋ ខណៈជំងឺកូវីដ-១៩ គំរាមកំហែងខ្លាំង នៅកម្ពុជា ក៏ដូចជាពិភពលោក។ នេះបើតាមលោកស្រី ឱ វណ្ណឌីន។ 
 
«ដូច្នេះទើបមានការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់ពីប្រមុខដឹកនាំរបស់យើង [សម្ដេច ហ៊ុន សែន] នៅក្នុងការុញច្រានអនុវត្តតាមយុទ្ធសាស្ត្រផ្ការីកនេះ ដើម្បីរុញច្រានឱ្យវ៉ាក់សាំងនេះ គឺបានស្រោចឱ្យបានលឿនជាទីបំផុត។ ពីព្រោះបើយើងនៅតែរង់ចាំ [គម្លាតចាក់វ៉ាក់សាំងដូសទី១ និងទី២ រហូតដល់២១ថ្ងៃ ឬ២៨ថ្ងៃ] គឺពិបាកគ្រប់គ្រងសភាពការណ៍ ដូច្នេះយើងត្រូវតែរុញឱ្យបានលឿនជាទីបំផុត»។ នេះជាការពន្យល់របស់អ្នកនាំពាក្យសុខាភិបាល។
 
ចំពោះការប្ដូរគម្លាតចាក់វ៉ាក់សាំងនៃម្ជុលទី១ និងទី២នេះ ក៏មានការយល់ព្រមពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើរបាយការណ៍របស់គណៈកម្មការប្រចាំការ នៃគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ដែរ។
 
គិតមកទល់ពេលនេះ មានពលរដ្ឋជាង៥,១លាននាក់ហើយបានចាក់វ៉ាក់សាំងកូវីដ-១៩ ឬជាង៥១ភាគរយនៃផែនការចាក់លើពលរដ្ឋ១០លាននាក់។ ក្នុងនោះអ្នកចាក់វ៉ាក់សាំងដូសទី២ ជិត៤លាននាក់ហើយ។ ភាគច្រើននៃវ៉ាក់សាំងដែលបានចាក់ជូនពលរដ្ឋនោះ ជាប្រភេទស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ខណៈវ៉ាក់សាំងប្រភេទ Covishield របស់ក្រុមហ៊ុន Astra Zeneca មានតែជាង៣០ម៉ឺនដូសប៉ុណ្ណោះ ។ វ៉ាក់សាំងក្រុមហ៊ុន Astra Zeneca សម្រាប់ចាក់លើពលរដ្ឋដែលមានវ័យចាប់ពី៦០ឆ្នាំឡើងទៅ ជាង ១៥ម៉ឺននាក់ប៉ុណ្ណោះ៕

Tag:
 COVID-19
  ឱ វណ្ណឌីន
© រក្សាសិទ្ធិដោយ thmeythmey.com