អន្តរជាតិ
លោក ចច ដាប់ប៊លយូ ប៊ូស៖ ដកទ័ពពីអាហ្វហ្កានីស្ថាន ជាកំហុស
14, Jul 2021 , 9:29 pm        
រូបភាព
ប្រធានាធិបតី ចច ដាប់ប៊លយូ ប៊ូស សួរសុខទុក្ខកងទ័ពអាមេរិកនៅអាហ្វហ្កានីស្ថានក្នុងឆ្នាំ២០០៦។ រូបថត AFP
ប្រធានាធិបតី ចច ដាប់ប៊លយូ ប៊ូស សួរសុខទុក្ខកងទ័ពអាមេរិកនៅអាហ្វហ្កានីស្ថានក្នុងឆ្នាំ២០០៦។ រូបថត AFP
អតីតប្រធានាធិបតីអាមេរិក ចច ដាប់ប៊លយូ ប៊ូស បានរិះគន់ការដកទ័ពពីអាហ្វហ្កានីស្ថានរបស់រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ដោយចាត់ទុកជារឿងខុសឆ្គងមួយ។ លោក ប៊ូស ដែលបញ្ជូនទ័ពអាមេរិកទៅឈ្លានពានអាហ្វហ្កានីស្ថានក្រោយព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ព្រមានថា ប្រជាជនអាហ្វហ្កានីស្ថាន នឹងរងគ្រោះខ្លាំងដោយសារក្រុមតាលីបង់មិនខាន។

 
ការដកកងទ័ពអាមេរិកពីអាហ្វហ្កានីស្ថាន កំពុងដំណើរការដោយរលូន ដោយគ្រោងបញ្ចប់នៅចុងខែសីហា តាមការកំណត់របស់ប្រធានាធិបតី ចូ បៃឌិន ។ លោក បៃឌិន ចាត់ទុកការដកទ័ពនេះជាការបញ្ចប់សង្រ្គាមដ៏យូរអង្វែង តែនឹងបន្តផ្ដល់ជំនួយដល់រដ្ឋាភិបាលក្រុងកាប៊ុលតាមវិធីផ្សេង។ ស្របពេលអាមេរកដកទ័ព ក្រុមតាលីបង់ដែលត្រូវទ័ពអាមេរិកបណ្ដេញចេញពីអំណាចកាលពី២០ឆ្នាំមុន ក៏ពង្រីកតំបន់ត្រួតត្រាកាន់តែធំ ហើយបង្កការគំរាមខ្លាំងដល់ប្រជាជនអាហ្វហ្កានីស្ថាន។
 
ទាក់ទងរឿងដកទ័ពនេះ លោក ចច ដាប់ប៊លយូ ប៊ូស អតីតប្រធានាធិបតីអាមេរិក បានចេញមកប្រឆាំង។ លោក ប៊ូស ប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ Deutsche Welle ថា ប្រជាជនអាហ្វហ្កានីស្ថាន ពិសេសស្រ្តី និងកុមារី នឹងរងទុក្ខខ្លាំងក្រោយការចាកចេញនេះ ហើយក្រុមតាលីបង់ នឹងធ្វើសកម្មភាពសាហាវ។
 
«ស្រ្តី និងក្មេងស្រីៗអាហ្វហ្កានីស្ថាន នឹងត្រូវរងគ្រោះដែលមិនអាចបរិយាយបាន។ នេះជាកំហុសមួយ។ ពួកគេត្រូវទុកឱ្យរងការកាប់សម្លាប់ក្រោមស្នាដៃក្រុមឃោរឃៅមួយនេះ។» លោក ប៊ូស ប្រាប់ Deutsche Welle បែបនេះនៅថ្ងៃទី១៤ ខែកក្កដា។
 
សូមបញ្ជាក់ថា លោក ប៊ូស នេះហើយដែលបញ្ជូនកងទ័ពអាមេរិកទៅកាន់អាហ្វហ្កានីស្ថានក្នុងឆ្នាំ២០០១ ក្រោយព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី១១ ខែកញ្ញា និងបានផ្ដួលរំលំរបបដឹកនាំរបស់ក្រុមតាលីបង់ ដែលអាមេរិកអះអាងថា មានទំនាក់ទំនងជាមួយក្រុមអាល់កៃដា។ មេដឹកនាំអាល់កៃដា អូសាម៉ា ប៊ីនឡាឌិន ក៏ត្រូវបានសម្លាប់នៅប៉ុន្មានឆ្នាំបន្ទាប់មក។
 
អាមេរិក និងសម្ព័ន្ធមិត្តណាតូ ចាប់ផ្ដើមដកទ័ពនៅខែឧសភាកន្លងមក។ ប្រតិបត្តិការដកទ័ពនេះ បញ្ចប់ស្ទើរ៩០ភាគរយទៅហើយ៕
 
 

Tag:
 អាមេរិក
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com