ជាតិ
ពីនេះ ពីនោះ
«រចនាប័ទ្ម» មានន័យខុសពី«រចនាបថ»ដូចម្តេច?
20, Mar 2023 , 7:29 am        
រូបភាព
«រចនាប័ទ្ម»និង«រចនាបថ»គឺជាពាក្យដែលមហាជនឆ្ងល់ និងជជែកដេញដាលគ្នាអំពីការប្រើប្រាស់ពាក្យទាំងពីរ។ ពាក្យ«រចនាប័ទ្ម»គឺមានការពន្យល់នៅក្នុងវចនានុក្រមខ្មែរ។ ប៉ុន្តែគ្មានពាក្យ«រចនាបថ»នៅក្នុងវចនានុក្រមខ្មែរឡើយ។ ប៉ុន្តែពលរដ្ឋតែងតែនិយមប្រើពាក្យនេះ ខណៈពលរដ្ឋខ្លះទៀតនៅមានចម្ងល់នៅឡើយ។

 
តាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត «រចនាប័ទ្ម» គឺជាពាក្យដែលរួមផ្សំគ្នារវាងពាក្យ រចនា ប្រែថាការតាក់តែង និងពាក្យ«បទ្ម» ឬបទុម ដែលប្រែមកថាឈូក។ គេអាចនិយាយពីរចនាប័ទ្ម មកជារចនាបទុម ឬហៅឲ្យចំគឺក្បាច់ត្របកឈូក ក៏បានដែរ។ ក្បាច់រចនាប័ទ្ម ឬក្បាច់រចនាបទុម គឺក្បាច់ត្របកឈូកផ្ងារ ឬឈូកផ្កាប់ ឬក៏ទាំងផ្ងារទាំងផ្កាប់។ ឧទាហរណ៍៖ បល្ល័ង្កព្រះរចនាប័ទ្ម។ 
 
ចំណែកពាក្យ«រចនាបថ» គឺមានន័យ៣បែប ដោយបែបទី១ មានន័យថា បែបបទ ឬរបៀបពិសេសនៃបុគ្គលម្នាក់ៗដែលសម្តែងឡើងជាទូទៅក្នុងការនិពន្ធ ក្នុងការត្រាប់តាមរចនាបថរបស់អ្នកនិពន្ធណាមួយ។ ក្នុងន័យទី២ គឺសំដៅលើទម្រង់ភាសាសម្រាប់សកម្មភាពតាមមជ្ឈដ្ឋានក្នុងក្រុមសង្គមណាមួយ។ឧទាហរណ៍៖ រចនាបថរដ្ឋបាល។ 
 
«រចនាបថ»ក៏មានន័យម្យ៉ាងទៀតថា ទឹកដៃសិល្បៈសម្រាប់បង្ហាញឲ្យឃើញពីលក្ខណៈផ្ទាល់របស់សិល្បករសម័យកាល ឬសម្រាប់ប្រទេសណាមួយ។ ឧទាហរណ៍៖ រចនាបថភ្នំដា ឬរចនាបថរ៉ូម៉ាំង។ នេះបើតាមសទ្ទានុក្រមពាក្យថ្មី ដែលរៀបរៀងដោយលោក ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com