កីឡាអន្តរជាតិ
អន្តរជាតិ
Messi យល់ព្រមបន្តលេងឱ្យ Barcelona ៥ឆ្នាំទៀត តែបន្ថយប្រាក់ឈ្នួលពាក់កណ្តាល
15, Jul 2021 , 9:29 am        
រូបភាព
Lionel Messi យល់ព្រមរួមរស់ជាមួយ Barcelona លើកិច្ចសន្យារហូតដល់ឆ្នាំ ២០២៦ ប៉ុន្តែប្រាក់ឈ្នួលត្រូវកាត់បន្ថយពាក់កណ្តាលនៃប្រាក់ឈ្នួលដែលរូបគេទទួលបានមុនៗ។ នេះបើតាមការផ្សាយរបស់កាសែត BBC។


 
ខ្សែបម្រើវ័យ៣៤ឆ្នាំដែលទើបជួយអាហ្សង់ទីនឈ្នះ Copa America ជាលើកដំបូងក្នុងអាជីព បានផុតកិច្ចសន្យាជាមួយក្រុមអ្នកមានបុណ្យកាលពីថ្ងៃទី៣០ ខែមិថុនា ខណៈរូបគេទទួលបានប្រាក់ឈ្នួលដល់ទៅ ១៧០លានដុល្លារក្នុងមួយរដូវកាល។
 
ការចុះហត្ថលេខាឡើងវិញរបស់ Messi ជាគោលដៅសំខាន់បំផុតរបស់លោក Joan Laporta ប្រធានក្លិប Barcelona ថ្មី។ យ៉ាងណា ម្ចាស់ពាន Ballon D’Or ៦សម័យត្រូវបន្ថយប្រាក់ឈ្នួលដល់ទៅពាក់កណ្តាល ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ បើធៀបនឹងកិច្ចសន្យាពីមុនៗ ៥ឆ្នាំក្រោយនេះប្រធានក្រុមអាហ្សង់ទីននឹងទទួលបានប្រាក់ឈ្នួ ៨៥លានដុល្លារក្នុងមួយរដូវកាល។
 
Messi ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ Paris St-Germain និង Manchester City ដោយគ្មានតម្លៃផ្ទេរ។ ប៉ុន្តែក្រោយមកក្លិបយក្សបារាំងរាយការណ៍ថាបានបរាជ័យក្នុងការបញ្ចុះបញ្ចូលរូបគេមកកាន់ក្រុងប៉ារីសដើម្បីចូលរួមជាមួយមិត្តចាស់ Neymar ទៅហើយ។
 
Barca ក៏កំពុងពិនិត្យមើលកិច្ចព្រមព្រៀងដោះដូរខ្សែប្រយុទ្ធឆ្នើម Antoine Griezmann ជាមួយខ្សែបម្រើ Saul Niguez របស់ក្លិប Atletico Madrid ផងដែរ ខណៈការដោះដូរនេះដោយសារក្លិបចង់កាត់បន្ថយប្រាក់ឈ្នួលខ្លះ អំឡុងពេលវិបត្តិកូវីដ-១៩។
 
ស្របពេលគ្នានេះដែរ ក្លិបយក្សអេស្ប៉ាញបានលក់ចេញកីឡាករមួយចំនួន ដូចជា Junior Firpo, Jean-Clair Todibo និង Carles Alena ដើម្បីសន្សំថវិកាចាយវាយនៅរដូវកាល២០២១-២២ ហើយកីឡាករសំខាន់ៗផ្សេងទៀតក៏នឹងអាចត្រូវលក់ចេញបន្តបន្ទាប់ផងដែរ៕
 

Tag:
 Lionel Messi
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com