អន្តរជាតិ
លោក មៃ ផេន៖ ចិន ជាការគំរាមអាមេរិកខ្លាំងជាងសូវៀតសម័យសង្រ្គាមត្រជាក់ទៅទៀត លោកមៃ ផេន អតីតអនុប្រធានាធិបតីអាមេរិក។ រូបភាព៖ AFP
× អតីតអនុប្រធានាធិបតីអាមេរិក លោក មៃ ផេន នៅថ្ងៃទី១៤ ខែកក្កដា បានព្រមានថា ចិនកំពុងអភិវឌ្ឍខ្លួនទៅជា «អាណាចក្របិសាច» និងបង្កការគំរាមខ្លាំងដល់អាមេរិក ជាសហភាពសូវៀតនៅក្នុងសម័យសង្រ្គាមត្រជាក់ថែមទៀត។ ការព្រមានបែបនេះ ធ្វើឡើងស្របពេលមហាអំណាចទាំងពីរកំពុងមើលមុខគ្នាមិនត្រូវលើបញ្ហារាប់ជំពូក។
ថ្លែងនៅក្នុងវេទិកា Heritage Foundation លោក មៃ ផេន អតីតអនុប្រធានាធិបតីអាមេរិក បានជំរុញឱ្យលោកប្រធានាធិបតី ចូ បៃឌិន ប្រឈមមុខជាមួយក្រុងប៉េកាំងកាន់តែខ្លាំងជាងមុន លើបញ្ហាជាច្រើនដូចជា ដើមកំណើតជំងឺកូវីដ-១៩ និងសកម្មភាពរបស់ចិនដែលលោកចាត់ទុកជាអាណានិគមបែបថ្មីជាដើម។
«ចិនប្រហែលជាមិនទាន់ក្លាយជាអាណាចក្របិសាចឡើយ តែប្រទេសនេះកំពុងធ្វើការយ៉ាងខ្លាំងរាល់ថ្ងៃ ដើម្បីក្លាយជាអាណាចក្របែបនេះ»។ អតីតអនុប្រធានាធិបតីអាមេរិក បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា បក្សកុម្មុយនីស្តចិន ជាការគំរាមកំហែងដ៏ខ្លាំងបំផុតសម្រាប់វិបុលភាព សន្តិសុខ និងគុណតម្លៃរបស់អាមេរិក។
ក្រៅពីហៅចិនជាអាណាចក្របិសាច លោកផេន ក៏ចាត់ទុកចិន ជាគូប្រជែងដ៏ខ្លាំងផងដែររបស់អាមេរិកជាងសហភាពសូវៀត នៅក្នុងសង្រ្គាមត្រជាក់ថែមទៀត។ មិនតែប៉ុណ្ណោះ អតីតថ្នាក់ដឹកនាំអាមេរិករូបនេះ បានប្រាប់ឱ្យរដ្ឋបាល បៃឌិន ដាក់សម្ពាធលើចិន ដើម្បីបង្ហាញពីដើមកំណើតជំងឺកូវីដ-១៩ ផងដែរ។ កន្លងមក អាមេរិក តែងសង្ស័យថា ជំងឺកូវីដ-១៩ អាចលេចចេញពីមន្ទីរពិសោធន៍មួយនៅក្នុងទីក្រុងវូហាន។
ទន្ទឹមនេះ លោក ផេន បានយល់ថា អាមេរិក គួរតែផ្តាច់សេដ្ឋកិច្ចអាមេរិកពីចិនទាក់ទិនវិស័យឧស្សាហកម្ម និងពង្រឹងសេដ្ឋកិច្ចជាមួយតៃវ៉ាន់ និងទប់ស្កាត់ចិនលើការកសាងមូលដ្ឋានយោធានៅក្នុងតំបន់មួយចំនួន ដើម្បីកម្រិតដែនអាណានិគមបែបថ្មីរបស់ចិន។
សូមបញ្ជាក់ថា ទំនាក់ទំនងអាមេរិក កាលស្ថិតនៅក្រោមរដ្ឋបាល លោកដូណាល់ ត្រាំ មានទំនាស់យ៉ាងខ្លាំងជាមួយចិន។ បើទោះផ្លាស់ប្តូររដ្ឋបាលថ្មីក្តី ក្រុងវ៉ាស៊ីនតោន នៅតែប្រឈមមុខគ្នាជាមួយក្រុងប៉េកាំងលើបញ្ហាជាច្រើន រួមមានហុងកុង សមុទ្រចិនខាងត្បូង បញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ពាណិជ្ជកម្ម និងការកើនឡើងឥទ្ធិពលចិនជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com