កីឡាអន្តរជាតិ
អន្តរជាតិ
ផ្លាស់ទៅ PSG, Donnarumma ក្លាយជាអ្នកចាំទីមានប្រាក់ឈ្នួលខ្ពស់ជាងគេលើលោក
15, Jul 2021 , 12:59 pm        
រូបភាព
Gianluigi Donnarumma អ្នកចាំទីសញ្ជាតិអ៊ីតាលីបានផ្លាស់ទៅចូលរួមជាមួយ Paris Saint-Germain ដោយគ្មានតម្លៃផ្ទេរ ក្រោយកិច្ចសន្យាជាមួយ AC Milan បញ្ចប់។ Donnarumma ដែលបង្ហាញខ្លួនក្នុងក្របខណ្ឌ Serie A ចំនួន ២១៥លើក ទទួលបានថ្លៃពលកម្មប្រចាំសប្តាហ៍៣០ម៉ឺនដុល្លារអាមេរិក។


បើតាមការផ្សារយរបស់ទស្សនាវដ្តី Forbes អ្នកចាំទីដែលជាប់ជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ Euro 2020 យល់ព្រមផ្តល់កិច្ចសន្យារយៈពេលប្រាំឆ្នាំជាមួយ PSG ក្នុងតម្លៃ ៧០ លានដុល្លារអាមេរិក ។
 
កិច្ចព្រមព្រៀងនេះ នាំឱ្យ Donnarumma វ័យ២២ឆ្នាំ ទទួលបានប្រាក់ឈ្នួល ១,២០លានដុល្លារក្នុងមួយខែរហូតដល់ឆ្នាំ ២០២៦ ដែលធ្វើឱ្យរូបគេក្លាយជាអ្នកចាំទីមានថ្លៃពលកម្មខ្ពស់បំផុតនៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន។
 
អ្នកចាំទីដែលជួយអ៊ីតាលឈ្នះជើងឯកអឺរ៉ុបឆ្នាំ២០២០ បានខកខានចរចាលើកកិច្ចសន្យាថ្មីជាមួយ AC Milan ដែលធ្វើឱ្យរូបគេចាកចេញពីទឹកដី San Siro ជាទីធ្លាប់រួមរស់៦ឆ្នាំ ដោយគ្មានតម្លៃខ្លួន។
 
មកទល់ពេលនេះក្លិបយក្សបារាំង ក្រោមការគ្រប់គ្រងរបស់អ្នកចាត់ការទូទៅលោក Mauricio Pochettino យកបានកីឡាករសំខាន់ៗចំនួន៤រូបហើយ ដើម្បីជួយក្រុមប្រជែងពានលំដាប់កំពូលដូចជា Ligue 1 និង Champions League រដូវកាលថ្មីខាងមុខនេះ។ កីឡាករទាំង៤រូបរួមមាន Georginio Wijnaldum ពី Liverpool ដោយគ្មានតម្លៃខ្លួន ខ្សែការពារ Sergio Ramos ផុតកិច្ចសន្យាជាមួយ Real Madrid រួមជាមួយខ្សែការពារ Achraf Hakimi ពី Inter Milan ក្នុងតម្លៃផ្ទេរ ៧១លានដុលា្លរអាមេរិក និង Donnarumma៕
 

Tag:
 Gianluigi Donnarumma
  PSG
© រក្សាសិទ្ធិដោយ thmeythmey.com