ជាតិ
សង្គមជាតិ
ខេត្តកោះកុងរៀបចំគ្រែកាតុងជាង១០០គ្រែ សម្រាប់អ្នកជំងឺកូវីដ-១៩
× ភ្នំពេញ៖ អភិបាលខេត្តកោះកុងបានរៀបចំគ្រែក្រដាស ឬគ្រែកាតុង ជាង១០០ សម្រាប់ឲ្យអ្នកជំងឺកូវីដ-១៩កម្រិតស្រាល សម្រាកព្យាបាលនៅអាគារសូនឹង ខេត្តកោះកុង។ នេះបើតាមលោក ទូ សាវុធ អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗ។
លោក ទូ សាវុធ អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានបញ្ជាក់ថា គ្រែក្រដាសទាំងនោះ គឺសម្រាប់ដាក់ឲ្យអ្នកជំងឺកូវីដ-១៩កម្រិតស្រាលសម្រាកព្យាបាលបានតែម្នាក់ ហើយអាចប្រើបានតែម្តងប៉ុណ្ណោះ នឹងត្រូវយកទៅបោះចោលហើយ ក្រោយពីអ្នកជំងឺបានជាសះស្បើយ។
«អ្នកជំងឺកូវីដ-១៩ដែលសម្រាកព្យាបាលជំងឺកូវីដ-១៩ហើយព្យាបាលគាត់ជាសះហើយ គឺយើងយកគ្រែទាំងហ្នឹងទៅដុតចោលហើយ។ យើងប្រើគ្រែហ្នឹងសម្រាប់ដាក់តែព្យាបាលអ្នកជំងឺក្នុងកម្រិតស្រាល»។ នេះជាការលើកឡើងរបស់លោកអភិបាលរងខេត្តកោះកុង ។
លោកអភិបាលរងខេត្តកោះកុង បានបញ្ជាក់ថា បច្ចុប្បន្នខេត្តកោះកុងមានគ្រែសម្រាប់អ្នកជំងឺកូវីដ-១៩សរុបចំនួន១០០០គ្រែ ដែលស្ថិតនៅក្នុងមណ្ឌលព្យាបាលចំនួន៩។ បើតាមលោក ទូ សាវុធ អ្នកជំងឺសរុបមានជាង៦០០០នាក់ ជាសះស្បើយជាង១៩០០នាក់ និងស្លាប់១៨នាក់។
លោក ទូ សាវុធ បានអះអាងថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តកោះកុងក្នុងមួយថ្ងៃ គឺមិនក្រោម១០០នាក់ឡើយ។ តែយ៉ាងណាអាជ្ញាធរខេត្ត ស្រុក និងភាគីពាក់ព័ន្ធគឺនៅអាចគ្រប់គ្រងបាន ដោយមានការបិទខ្ទប់តំបន់ដែលរាតត្បាតជំងឺកូវីដ-១៩ រួមទាំងការពន្លឿននៃការធ្វើតេស្តរហ័សចំពោះអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩។ នេះជាការលើកឡើងរបស់លោក ទូ សាវុធ។
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ៦៣,៦១៥នាក់ ក្នុងនោះ៥,៣៤៧នាក់ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៥៥,៣៦៥នាក់ និងស្លាប់សរុប ៩៨៦នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com