COVID-19
ជាតិ
ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងទេសចរណ៍ ត្រូវធ្វើតេស្តរហ័សរកកូវីដ-១៩ មុនចូលធ្វើការ
15, Jul 2021 , 3:23 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ រូបថត៖ ទំព័រហ្វេសប៊ុកក្រសួង។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ រូបថត៖ ទំព័រហ្វេសប៊ុកក្រសួង។
ដោយ: ថ្មីៗ
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា គ្រប់អង្គភាព នៃក្រសួងទេសចរណ៍ត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ នៅច្រកចូលអគារទាំង២នៃទីស្តីការក្រសួង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ចុះថ្ងៃទី ១៥កក្កដានេះ។

 
ក្រសួងទេសចរណ៍នឹងចាប់ផ្តើមអនុវត្តវិធានការនេះ ចាប់ពីថ្ងៃទី១៩ ខែកក្កដា សប្តាហ៍ក្រោយទៅ ហើយការដាក់ចេញវិធានការនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតខ្លាំងនៅកម្ពុជា។ 
 
នេះបើតាមសេចក្តីជូនដំណឹងដដែល បញ្ជាក់ទៀតថា ក្នុងករណីមានប៉ះពាល់ នឹងអ្នកជំងឺកូវីដ-១៩ ដែលមានរោគសញ្ញា ត្រូវធ្វើតេស្តរហ័សម្តងទៀត យ៉ាងយូរ៤៨ម៉ោង បន្ទាប់ពីតេស្តលើកទី១។ ចំពោះមន្ត្រីដែលធ្វើតេស្តដោយខ្លួន ហើយមានលទ្ធផលវិជ្ជមានកូវីដ-១៩ ត្រួវទាក់ទងទៅខ្សែទូសព្ទ ១១៥ ឬលេខ ១២២២ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។ 
 
សូមជម្រាបថា កន្លងមក ក្រសួងមហាផ្ទៃ ក៏បានអនុវត្តវិធានការធ្វើតេស្តរហ័សរកកូវីដ-១៩ លើមន្ត្រីរាជការ និងអ្នកចេញ-ចូល ទីស្តីក្រសួងដែរ ដើម្បីទើបស្កាត់ការរាលដាលជំងឺកូវីដ-១៩ ។
 
 
គិតត្រឹមថ្ងៃទី១៥ ខែកក្កដា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៦៤,៦១១នាក់ ក្នុងនោះ ៥,៥១៤នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៥៦,១៧៨ នាក់ និងស្លាប់សរុប ១,០២៥នាក់៕ 
 

Tag:
 តេស្តរហ័ស
 ក្រសួងទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com