ជាតិ
អាជ្ញាធរ ហាមក្រុមម៉ូតូបំពាក់សារ៉ែន ជិះបើកផ្លូវឲ្យរថយន្តសង្គ្រោះបន្ទាន់ កុំធ្វើសកម្មភាពទៀត
15, Jul 2021 , 4:23 pm        
រូបភាព
ក្រុមម៉ូតូបំពាក់សារ៉ែន ជិះបើកផ្លូវឲ្យរថយន្តសង្គ្រោះបន្ទាន់ នៅតាមសាធារណៈ។ រូបពីគណនីហ្វេសប៊ុក ពេជ្រពេជ្រ កម្ពុជាតេជោសន្តិភាព
ក្រុមម៉ូតូបំពាក់សារ៉ែន ជិះបើកផ្លូវឲ្យរថយន្តសង្គ្រោះបន្ទាន់ នៅតាមសាធារណៈ។ រូបពីគណនីហ្វេសប៊ុក ពេជ្រពេជ្រ កម្ពុជាតេជោសន្តិភាព
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលធានីភ្នំពេញ បានដកហូតសម្ភារៈ និងណែនាំឲ្យក្រុមអ្នកបើកម៉ូតូបំពាក់សារ៉ែន ដែលតែងតែជិះបើកផ្លូវឲ្យរថយន្តសង្គ្រោះបន្ទាន់ បញ្ឈប់សកម្មភាពជាបន្ទាន់ ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណជូនពលរដ្ឋ។ នេះបើតាមលោក សាន សុខសីហា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ។

 

លោក សាន សុខសីហា បញ្ជាក់ថា មូលហតុដែលនាំឱ្យហាមឃាត់ ក្រុមម៉ូតូបើកផ្លូវឲ្យរថយន្តសង្គ្រោះបន្ទាន់នេះ ដោយសារមានពលរដ្ឋជាច្រើននាក់មានការមិនពេញចិត្ត និងរាយការណ៍ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បើតាមលោក សីហា  សមត្ថកិច្ចបានការហាមឃាត់ក្រុមម៉ូតូបើកផ្លូវនេះ កាលពីថ្ងៃទី១២ កក្កដា។
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី១៥កក្កដា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញរូបនេះ បាននិយាយយ៉ាងដូច្នេះថា៖ «យើងអនុវត្តតាមការណែនាំរបស់សាលារដ្ឋបាលរាជធានីភ្នំពេញ និងស្នងការរាជធានីភ្នំពេញ ដើម្បីបញ្ឈប់សកម្មភាព ណែនាំ និងដកហូតសម្ភារៈមួយចំនួន។ ព្រោះយើងមើលទៅឃើញពលរដ្ឋខល(ហៅទូរស័ព្ទ)មកកម្លាំងស្នងការដ្ឋានរាជធានីភ្នំពេញ រិះគន់ជុំវិញបញ្ហាក្រុមជិះម៉ូតូបើកផ្លូវហ្នឹង។ លើសពីនេះ វាបាត់បង់សណ្ដាប់ធ្នាប់ បង្កបញ្ហាដល់អ្នកដំណើរផ្សេងទៀត ក្នុងការធ្វើចរាចរណ៍»។ 
 
អ្នកនាំពាក្យរូបនេះ អះអាងថា ក្រុមអ្នកជិះម៉ូតូបំពាក់សារ៉ែនបើកផ្លូវឲ្យរថយន្តសង្គ្រោះបន្ទាន់នេះ បានធ្វើសកម្មភាពកន្លងមក ដោយគ្មានការអនុញ្ញាត ឬគ្មានការស្នើសុំច្បាប់ពីខាងណាឡើយ។ «ករណីនេះ បើមានការអនុញ្ញាតត្រឹមត្រូវ ក្រោមការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញនិងខាងស្នងការដ្ឋាននគរបាលទើប មិនមែនជាបញ្ហាចោទ ។ហើយករណីក្រុមទាំងនេះ នៅតែបន្តសកម្មភាពសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។ នេះជាការបញ្ជាក់របស់លោក សាន សុខសីហា៕ 


 

Tag:
 សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com