អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ច្រានចោលការជំរុញឱ្យផ្សះផ្សាជាមួយជនជាតិរ៉ូហ៊ីងយ៉ា
15, Jul 2021 , 8:29 pm        
រូបភាព
ជនជាតិរ៉ូហ៊ីងយ៉ា។ រូបភាព៖ AFP
ជនជាតិរ៉ូហ៊ីងយ៉ា។ រូបភាព៖ AFP
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី១៤ ខែកក្កដា បានច្រានចោលសេចក្តីសម្រេចក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានការផ្សះផ្សាជាមួយក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ បើតាមយោធាមីយ៉ាន់ម៉ា សេចក្តីថ្លែងការណ៍ក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាការកាន់ជើងតែម្ខាងលើជនជាតិភាគតិចមួយនេះ។

 
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃទី១២ ខែកក្កដា កន្លងទៅ បានចេញសេចក្តីសម្រេចមួយ ដោយអំពាវនាវឱ្យមានកិច្ចចរចា និងការបង្រួបបង្រួមប្រកបដោយសន្តិភាព និងស្ថាបនា ដោយផ្អែកទៅតាមផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា រួមទាំងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាផង។ បញ្ហាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាប្រធានមួយ ដែលនៅតែបន្តជាប់គាំង ខណៈផែនការធ្វើមាតុភូមិនិវត្តន៍ជនជាតិមួយនេះ មិនទាន់មានផ្លែផ្កា។ 
 
ជាការឆ្លើយតបនឹងសេចក្តីសម្រេចខាងលើ ក្រសួងការបរទេសរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានច្រានចោលសេចក្តីសម្រេចនោះ ដោយចាត់ទុកជាព័ត៌មានមិនពិត និងមានការចោទប្រកាន់លំអៀងទៅភាគីម្ខាង។ បើតាមរដ្ឋាភិបាលយោធា ពាក្យ «រ៉ូហ៊ីងយ៉ា» ត្រូវបានបង្កើតឡើងជាមួយរបៀបវារៈនយោបាយប៉ុណ្ណោះ និងមិនត្រូវបានទទួលស្គាល់ និងបដិសេធដោយរដ្ឋាភិបាល។
 
ក្នុងន័យនេះ របបសឹកមីយ៉ាន់ម៉ា បានបដិសេធមិនទទួលស្គាល់សហគមន៍ជនជាតិរ៉ូហ៊ីងយ៉ាជាជនជាតិមីយ៉ាន់ម៉ាឡើយ។ ចាប់តាំងពីឆ្នាំ២០០៧ មក ជាជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ៧០ម៉ឺននាក់ បានភៀសខ្លួនទៅបង់ក្លាដែស បន្ទាប់ពីមានការបង្រ្កាបយ៉ាងខ្លាំងពីសំណាក់យោធា នៅក្នុងរដ្ឋរ៉ាក់ឃីន។ 
 
បញ្ហាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កាន់តែស្មុគស្មាញថែមទៀតចាប់តាំងពីរដ្ឋប្រហារយោធា នៅដើមខែកុម្ភៈកន្លងមក។ កន្លងមក រដ្ឋាភិបាលបង្រួបបង្រួមជាតិ ឬរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បានអំពាវនាវឱ្យរ៉ូហ៊ីងយ៉ាចូលដៃជាមួយគ្នា ដើម្បប្រយុទ្ធជាមួយក្រុមយោធា។ ក្នុងការអំពាវនាវនោះ រដ្ឋាភិបាលស្រមោល បានធានាផ្តល់សញ្ញាតិដល់ក្រុមរ៉ូហ៊ីងយ៉ាវិញ។ 
 
សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍ក្រុមប្រឹក្សាសិទ្ធិមនុស្ស ក៏បានគាំទ្រលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា និងអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នាផងដែរ។ មកទល់ពេលនេះ ប្រជាជនមីយ៉ាន់ម៉ា យ៉ាងហោចណាស់ ៩០០នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលបាតុកម្ម ខណៈមនុស្សជាច្រើនពាន់នាក់ផ្សេងទៀត នៅតែបន្តជាប់ឃុំ៕
 

Tag:
 មីយ៉ាន់ម៉ា
  រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com