ជាតិ
ទោះពិការដៃទាំងទ្វេ លោក មឿន ចាន់ណា នៅតែឈ្មុសឈ្មុលរកប្រាក់ផ្គត់ផ្គង់គ្រួសារ ក្នុងវិបត្តិកូវីដ-១៩
16, Jul 2021 , 8:59 am        
រូបភាព
លោក មឿន ចាន់ណា និងឥវ៉ាន់អនឡាញ ដែលក់។​ រូបភាពពីទំព័រហ្វេសប៊ុក Channa​ជនពិការ online shope
លោក មឿន ចាន់ណា និងឥវ៉ាន់អនឡាញ ដែលក់។​ រូបភាពពីទំព័រហ្វេសប៊ុក Channa​ជនពិការ online shope
ភ្នំពេញ៖ លោក មឿន ចាន់ណា បានពិការដៃទាំងសងខាង រយៈពេល៥ឆ្នាំមកហើយ ដោយសារឧបទ្ទវហេតុឆក់ខ្សែភ្លើង នៅពេលលោកប្រកបរបរជាជាងផ្សារដែក។ ក្រោយបាត់បង់ដៃទាំងពីរ លោក ចាន់ណា ក៏បានប្តូមករកស៊ីលក់អីវ៉ាន់តាមប្រព័ន្ធអនឡាញវិញ។ ប៉ុន្តែដោយសារកូវីដ-១៩រាតត្បាត បានធ្វើឲ្យការរកស៊ីរបស់លោក ចាន់ណា មិនសូវកាក់កបដូចមុន ទើបលោកសម្រេចចិត្តប្រកបរបរដឹកជញ្ជូនអីវ៉ាន់ឲ្យគេមួយទៀត។ 

 
មានវ័យ២៧ ឆ្នាំ លោក មឿន ចាន់ណា បានចាប់ផ្ដើមរបស់លក់កាបូប ស្បែកជើង និងនាឡិកា តាមអនឡាញ ចាប់តាំងពីឆ្នាំ២០១៩មក ក្រោយពេលដែលជួបឧបទ្ទវហេតុឆក់ខ្សែភ្លើង រហូតដល់បាត់បង់ដៃទាំងពីរ។ ដំបូងឡើយរបរលក់តាមអនឡាញនេះ បានផ្ដល់ចំណូលដល់លោក ចាន់ណា ក្រាស់ក្រែលដែរ យ៉ាងតិច ៣០ដុល្លារក្នុងមួយថ្ងៃ សម្រាប់ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។ ប៉ុន្តែក្រោយជំងឺកូវីដ-១៩ រាតត្បាតមក លោក ចាន់ណា ក៏ប្រឈមមុខធ្លាក់ចំណូលជាលំដាប់។
 
បុរសដែលមានស្រុកកំណើតនៅខេត្តកំពុងធំរូបនេះ បានប្រាប់សារព័ត៌មានThmeythmey25 ឲ្យដឹងថា៖« បើប្រៀបធៀបពីមុន និងឥឡូវ គឺខុសគ្នាឆ្ងាយមែនទែន អាចនិយាយបានថាខុសគ្នាសឹង ៩០ភាគរយ។ ពីមុន ក្នុងមួយថ្ងៃយ៉ាងហោចណាស់ក៏មានអតិជនគាត់សួរ ២០ ទៅ៣០នាក់ដែរ តែមកដល់សម័យកូវីដនេះច្រើនបំផុតត្រឹម ៥នាក់ទេ»។


លោក មឿន ចាន់ណា និងឥវ៉ាន់អនឡាញ ដែលក់។​ រូបភាពពីទំព័រហ្វេសប៊ុក Channa​ជនពិការ online shope 

ដោយសាររស់នៅ ក្រោមពាក្យស្លោកមួយថា «ជីវិត ជាការតស៊ូ» នោះ លោក មឿន ចាន់ណា មិនទុកឱ្យខ្លួន និងគ្រួសារ ត្រូវដាច់បាយស្លាប់ឡើយ។ បុរសពិការដៃទាំងពីរ ដែលមានប្រពន្ធ និងកូនប្រុសម្នាក់អាយុ៨ខែនោះ បានងាកទៅប្រកបរបរដឹកអីវ៉ាន់ឲ្យគេមួយទៀត ក្នុងដំណាក់កាលកូវីដ-១៩ កំពុងរាតត្បាតខ្លាំងនេះ។
 
លោក ចាន់ណា បានចាប់ផ្តើមដឹកជញ្ជូនអីវ៉ាន់ឲ្យក្រុមហ៊ុនឯកជន បានមួយសប្ដាហ៍ហើយ ដោយខាងក្រុមហ៊ុនគិតថ្លៃសេវាឲ្យលោកតាមកញ្ចប់អីវ៉ាន់នីមួយៗ ។ ចំពោះតម្លៃនៃកញ្ចប់នីមួយៗខុសគ្នាទៅតាមទីតាំងឆ្ងាយឬជិត ពី៥,០០០រៀល ទៅដល់១២,០០០រៀល។ លោក ចាន់ណា អាចដឹកបានក្នុងមួយថ្ងៃចន្លោះពី ៤ ទៅ ៥កញ្ចប់។ 
 
«វាមិនមែនជារឿងងាយស្រួលឡើយក្នុងការជិះម៉ូតូផង និងដឹកឥវ៉ាន់ច្រើនផង។ ជាពិសេស នៅពេលមានភ្លៀងធ្លាក់ ខ្ញុំមិនអាចពាក់អាភ្លៀងដោយខ្លួនឯងបានឡើយ ព្រោះដៃខ្ញុំទាំងពីរពិបាកលើកពាក់។ ហេតុនេះ ពេលភ្លៀងធ្លាក់ ខ្ញុំមានតែត្រូវជិះទៅទាំងភ្លៀងប៉ុណ្ណោះ។ គ្រួសារខ្ញុំគាត់ក៏បារម្ភដែរ ខ្លាចជិះម៉ូតូធ្លាក់គ្រលុក ដួលម្នាក់ឯង ព្រោះខ្ញុំអត់មានដៃសម្រាប់ទប់»។ នេះបើតាមលោក មឿន ចាន់ណា ដែលត្រូវទទួលភារកិច្ចរ៉ាប់រងគ្រួសារទាំងស្រុង។
 
ចំណូលពីការដឹកជញ្ជូននេះ បានជួយដោះស្រាយជីវភាពប្រចាំថ្ងៃរបស់លោក ចាន់ណា បានមួយកម្រិតដែរ។ ជាពិសេសការទិញម្ហូបអាហារប្រចាំថ្ងៃ រួមទាំងទិញសម្ភារប្រើប្រាស់ និងទឹកដោះគោកូនជាដើម។


លោក មឿន ចាន់ណា និងឥវ៉ាន់អនឡាញ ដែលក់។​ រូបភាពពីទំព័រហ្វេសប៊ុក Channa​ជនពិការ online shope 

ទោះបីស្ថិតក្នុងកាលៈទេសៈលំបាកក្តី ប៉ុន្តែបុរសពិការដៃទាំងពីរនេះ តាំងចិត្តខ្លួន មិនទទួលយកជំនួយពីគេឡើយ។«ជំនួយពីបងប្អូនសប្បុរសធម៌ក៏ខ្ញុំធ្លាប់បានដែរ ព្រោះអ្នកខ្លះគាត់អាណិត។ ប៉ុន្តែខ្ញុំមិនអាចពឹងផ្អែករបស់ពួកគាត់បានរហូតឡើយ ពួកគាត់អាចជួយបានមួយគ្រា ខ្ញុំអរគុណណាស់»។ នេះជាការលើកឡើងរបស់លោក ចាន់ណា ដែលលើកទឹកចិត្តដល់បងប្អូនជនពិការ ពីកំណើតក្តី ឬដោយហេតុការណ៍ណាមួយក្តី ត្រូវរឹងមាំ និងតស៊ូឡើង ដោយកុំឆាប់បាក់ទឹកចិត្តឡើយ។ 
 
«ទោះយើងបាត់បង់ផ្នែកណាមួយនៃរាង្គកាយ តែយើងនៅតែមានសង្ឃឹម និងមានភាពជោគជ័យជានិច្ចសម្រាប់យើង»។ នេះការបន្ថែមរបស់បុរសពីការដៃ ដោយសារគ្រោះថ្នាក់ឆក់ខ្សែភ្លើង៕
 
 

Tag:
 ថ្មីៗ
  លោក មឿន ចាន់ណា
  ជនពិការ
© រក្សាសិទ្ធិដោយ thmeythmey.com