COVID-19
អន្តរជាតិ
កុមារជិត២៣លាននាក់ ខកខានទទួលវ៉ាក់សាំងបង្ការជំងឺផ្សេងៗ ដោយសារកូវីដ-១៩
16, Jul 2021 , 9:29 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
កុមារជិត ២៣លាននាក់ បានខកខានទទួលវ៉ាក់សាំងបង្ការជំងឺផ្សេងទៀត នៅក្នុងឆ្នាំ២០២០ ដោយសារជំងឺឆ្លងកូវីដ-១៩ ដែលបានរាតត្បាតយ៉ាងខ្លាំង។ នេះជាតួលេខដ៏ខ្ពស់បំផុត បើគិតចាប់ពីឆ្នាំ២០០៩ មក។

 
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ មូលនិធិកុមារអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក (WHO) បានអះអាងរួមគ្នាថា គម្លាតការផ្តល់វ៉ាក់សាំងបង្ការជំងឺផ្សេងៗនៅសកលលោក បានផ្តល់ផលវិបាក និងធ្វើឱ្យកុមារជាច្រើនលាននាក់ ប្រឈមនឹងជំងឺឆ្លងផ្សេងៗ ស្របពេលរដ្ឋាភិបាលប្រទេសនីមួយៗ បានបន្ថយវិធានរឹតត្បិតជំងឺកូវីដ-១៩ ។
 
របាយការណ៍ដដែលនោះ បានបង្ហាញថា ប្រទេសចំនួន១០ដែលនាំមុខដោយឥណ្ឌា និងនីហ្សេរីយ៉ា មានចំនួនកុមាររហូតដល់ទៅ ២២,៧លាននាក់ ដែលមិនបានទទួលវ៉ាក់សាំង ឬទទួលវ៉ាក់សាំងមិនបានពេញលេញ ក្នុងការបង្ការជំងឺខាន់ស្លាក់, តេតាណុស និងជំងឺក្អកមាន់។ ចំនួននេះ បានកើនឡើង៣,៧លាននាក់ បើគិតចាប់ពីឆ្នាំ២០១៩ និងមានចំនួនច្រើនបំផុត បើគិតចាប់តាំងពីឆ្នាំ២០០៩មក។
 
លើសពីនេះ ការផ្ទុះឡើងទ្រង់ទ្រាយធំនៃជំងឺកញ្ជ្រឹល បានកើតមាននៅក្នុងអាហ្វហ្កានីស្ថាន ម៉ាលី, សូម៉ាលី និងយេម៉េន។ បើតាមស្ថាប័នទាំងពីរ កុមារចំនួន ២២,៣លាននាក់ ខកខានក្នុងការទទួលវ៉ាក់សាំង១ដូសសម្រាប់បង្ការជំងឺកញ្ជ្រឹល នៅក្នុងឆ្នាំ២០២០។ 
 
«ជំងឺឆ្លងសកល បានធ្វើឱ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺផ្សេងៗ ដើរថយក្រោយ»។  លោកស្រី Kate O'Brien នាយកប្រព័ន្ធភាពស៊ាំរបស់អង្គការ WHO បានសង្កត់ធ្ងន់បែបនេះ។ 
 
ទន្ទឹមនេះ ប្រធានកម្មវិធីប្រព័ន្ធភាពសាំរបស់អង្គការ យូនីសេហ្វ (UNICEF) បានលើកឡើងថា សញ្ញាអាសន្ននៃកុមារមិនទទួលបានវ៉ាក់សាំងពេញលេញ កំពុងតែកើនឡើង។ នៅក្នុងឆ្នាំ២០២០ វាបានហក់ដល់ ១៧,១លាននាក់ ពីចំនួន ១៣,៦លាននាក់ នៅក្នុងឆ្នាំ២០១៩។ កុមារភាគច្រើនរស់នៅក្នុងប្រទេសដែលមានជម្លោះ ឬសង្រ្គាម។ 
 
ស្របពេលជំងឺកូវីដ-១៩ កំពុងរាតត្បាត ប្រទេសចំនួន៦៦ បានផ្អាកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺផ្សេងៗ។ ដោយមើលឃើញសញ្ញាអាសន្ន អាចនឹងកើតមាននាពេលខាងមុខ លោកស្រី O'Brien បានទទូចឱ្យបណ្តាប្រទេសទាំងអស់ ចាត់វិធានការ មុនពេលជំងឺឆ្លងទាំងនោះ បង្កជាផលវិបាកទ្រង់ទ្រាយធំ៕ 
 

Tag:
 កូវីដ-១៩
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com