អន្តរជាតិ
ប្រទេស​អេស្ប៉ាញ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ការ​ចាប់​ខ្លួន​អ្នក​យក​ព័ត៌មាន​នៅ​​គុយបា
15, Jul 2021 , 11:29 pm        
រូបភាព
ស្ត្រី​ម្នាក់​ស្រែក​ពាក្យ​ស្លោក​គាំទ្រ​រដ្ឋាភិបាល ខណៈ​ក្រុម​បាតុករ​ដែល​ប្រឆាំង​រដ្ឋាភិបាល​ធ្វើ​បាតុកម្ម​ក្នុង​ទីក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។
ស្ត្រី​ម្នាក់​ស្រែក​ពាក្យ​ស្លោក​គាំទ្រ​រដ្ឋាភិបាល ខណៈ​ក្រុម​បាតុករ​ដែល​ប្រឆាំង​រដ្ឋាភិបាល​ធ្វើ​បាតុកម្ម​ក្នុង​ទីក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។
ដោយ: VOA
ប្រទេស​អេស្ប៉ាញ​កាលពី​ថ្ងៃអង្គារ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​គុយបា​ដោះលែង​អ្នក​កាសែត​ម្នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅ​រដ្ឋធានី​ឡាហាវ៉ាន​ ​នៅ​ពេល​គាត់​យក​ព័ត៌មាន​អំពី​ការ​ធ្វើ​បាតុកម្ម​ដ៏​ធំ​បំផុត​ជា​ច្រើន​ទសវត្សរ៍​មក​នេះ​នៅ​ក្នុង​ប្រទេស​កុម្មុយនីស្ត​នេះ។​ អ្នកស្រី ​Camila Acosta ​អាយុ​ ២៨​ ឆ្នាំ​ដែល​ធ្វើការ​ឱ្យ​កាសែត​អេស្ប៉ាញ​ប្រចាំថ្ងៃ ​ABC​ ត្រូវ​បាន​ប៉ូលិស​ឃុំខ្លួន​កាលពី​យប់​ថ្ងៃ​ច័ន្ទ។​

 
រដ្ឋមន្រ្តី​ការ​បរទេស​អេស៉្បាញ​លោក​ Jose Manuel Albares បាន​សុំ​ឱ្យ​ប្រទេស​គុយបា​ ដោះលែង​អ្នកស្រី​ Acosta ​ជា​បន្ទាន់​ និង​គោរព​សិទ្ធិ​បាតុករ។ ​លោក​ Albares ​សរសេរ​នៅ​លើ​Twitter ​ថា៖ «អេស្ប៉ាញ​ការពារ​សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​សេរី​ និង​សន្តិវិធី​ ហើយស្នើឱ្យ​អាជ្ញាធរ​គុយបា​គោរព​សិទ្ធិ​នេះ។​ យើង​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី ​Camila Acosta​ ជាបន្ទាន់»។​
 
រដ្ឋាភិបាល​គុយបា​បាន​បង្ក្រាបសកម្មជន​នៅ​យប់​ថ្ងៃ​ច័ន្ទ​ បន្ទាប់ពី​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​បាន​ទាក់ទាញ​មនុស្ស​រាប់ពាន់​នាក់​កាល​ពី​ចុង​សប្តាហ៍។​ អ្នកស្រី ​Acosta ដែល​ពិពណ៌នា​អំពី​ខ្លួន​អ្នកស្រី​នៅ​លើ​ Twitter ​ថា​ ជា​អ្នក​កាសែត​ឯករាជ្យ​នៅ​ប្រទេស​គុយបា​ បាន​រាយ​ការណ៍​ឱ្យ​កាសែត​ ABC ​ រយៈ​ពេល​៦​ខែ​មក​ហើយ។​ អ្នកស្រី​កំពុង​បង្ហោះ​រូបថត​នៃ​ភាព​វឹកវរ​ចូល​ទៅ​ក្នុង​បណ្តាញ​សង្គម​នៅ​ពេល​ត្រូវ​បាន​គេ​ចាប់​ឃុំ​ឃាំង។​
 
ការ​ចាប់​ខ្លួន​អ្នកស្រីបាន​ជំរុញ​ឱ្យមាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ​ក្នុង​ចំណោម​អ្នក​នយោបាយ ​និង​ស្ថាប័ន​សារ​ព័ត៌មាន ខណៈកាសែត​របស់​អ្នកស្រីនិយាយ​ថា​ អ្នកស្រី​មិន​បាន​ចូល​រួមការ​តវ៉ា​ទេ ​គឺគ្រាន់តែ​ចង​ក្រង​ឯកសារ​ប៉ុណ្ណោះ។​
 
កាសែត​ ABC ​បាន​ដឹង​ថា ​អ្នកស្រី​ Acosta ​ត្រូវ​បាន​ចាប់​ខ្លួន​ប្រហែល​នៅ​ម៉ោង​២​រសៀល​ម៉ោង​នៅ​ប្រទេស​គុយបា​ នៅ​ថ្ងៃ​ច័ន្ទ។ ​អ្នកស្រី​ Alexis Rodriguez ​និពន្ធនាយក​ផ្នែក​ព័ត៌មាន​បរទេស​របស់​កាសែត​ ABC ​បាន​ប្រាប់​វីអូអេ​កាលពី​ថ្ងៃ​អង្គារ​ថា​ «អ្នកស្រី​ Acosta ទៅ​យក​ព័ត៌មាន មិន​មែន​ចូលរួម​បាតុកម្ម​ទេ។ ​គេ​ប្រាប់​យើង​ថា ​អ្នកស្រី​ត្រូវគេ​ចាប់ខ្លួន​ពី​បទ​ប្រឆាំង​នឹង​សន្តិសុខ​រដ្ឋ»។​
 
រដ្ឋាភិបាល​គុយបា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា បុរស​អាយុ​៣៦​ឆ្នាំម្នាក់​បានស្លាប់​ កាលពី​ថ្ងៃ​ច័ន្ទ​ ក្នុង​អំឡុង​ពេល​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​បាតុករ​ និង​ប៉ូលិស​នៅ​ទី​ក្រុង ​Arroyo Naranjo​ ជាយ​រដ្ឋធានី​ឡាហានវ៉ាន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com