ជាតិ
ប្រឆាំងដាច់ក្បាលដាច់កន្ទុយ ចុងក្រោយចុះចូល និងលើកសរសើរកប់ពពក
15, Jul 2021 , 11:00 pm        
រូបភាព
រូប៖ Google
រូប៖ Google
អ្នកខ្លះ ប្រឹងបង្ហាញការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា ក្នុងការផ្លាស់ប្តូរមេដឹកនាំ តែចុងក្រោយ ត្រូវតំណែង និងលាភសក្ការៈ ផ្លាស់ប្តូរពួកគេវិញ។ រដ្ឋាភិបាល ដែលធ្លាប់តែអាក្រក់បំផុតក្នុងកែវភ្នែករបស់ពួកគេ ក៏ប្រែក្លាយជាល្អរកលេខដាក់គ្មាន។



ចិត្តមនុស្ស ពិតជាពិបាកប៉ាន់ស្មាន ជាពិសេសនៅក្នុងនយោបាយ។ មនុស្សខ្លះ ដូចជាដំណក់ទឹកលើស្លឹកឈូក។ ពួកគេ អាចជាអ្នកប្រឆាំង ក៏អាចរត់ទៅចុះចូលជាមួយរដ្ឋាភិបាល ហើយក៏អាចចេញពីរដ្ឋាភិបាល ទៅធ្វើជាអ្នកប្រឆាំងវិញដែរ។

ពេលនៅប្រឆាំង រដ្ឋាភិបាល ឬគណបក្សកាន់អំណាច គ្មានកន្លែងណាល្អសោះឡើយ។ រដ្ឋាភិបាល អាក្រក់គ្រប់យ៉ាង។ ទោះរដ្ឋាភិបាល ធ្វើអ្វី ក៏មិនចេះត្រូវ។ ពាក្យថា រដ្ឋាភិបាលរណបបរទេស រដ្ឋាភិបាលធ្វើឲ្យបាត់បង់ទឹកដី រដ្ឋាភិបាលក្បត់ជាតិ រដ្ឋាភិបាលទន់ខ្សោយ រដ្ឋាភិបាលធ្វើឲ្យប្រទេសក្រីក្រ រដ្ឋាភិបាលធ្វើបាបប្រជាជន ។ល។ គឺចេញមកអស់ហើយ។

បើឲ្យសរសើររដ្ឋាភិបាល ទោះវាយស្លាប់ ក៏ហាមាត់មិនចេញដែរ។ កាតព្វកិច្ច មានតែម្យ៉ាង គឺរុករកកំហុសរបស់រដ្ឋាភិបាល និងរិះគន់រដ្ឋាភិបាល។ កំហុសរដ្ឋាភិបាលប៉ុនអាតូម ក៏មើលឃើញដែរ។

មើលទៅហាក់ដូចជាប្តូរផ្តាច់សម្បើមណាស់ ទោះជីវិត ក៏ហ៊ានលះបង់ ដើម្បីផ្លាស់ប្តូររដ្ឋាភិបាលឲ្យបាន។ មើលទៅហាក់ដូចជាក្លាហាន ដែលមិនចុះញ៉ម មិនភ័យខ្លាច។ មើលទៅហាក់ដូចជាពោរពេញដោយឧត្តមគតិ មនសិការ និង ឆន្ទៈមុះមុត ដែលមិនប្រាថ្នាតំណែង បុណ្យស័ក្តិ លោភសក្ការៈអ្វីឡើយ ក្រៅតែពីចង់សម្រេចគោលដៅ គឺផ្លាស់ប្តូរមេដឹកនាំ ដើម្បីឲ្យជាតិមានការផ្លាស់ប្តូរទៅរកភាពរីកចម្រើន។

ប៉ុន្តែ អ្វីៗ ប្រែជាមិនអាចនឹកស្មានដល់។ ត្រឹមមួយប៉ប្រិចភ្នែក មនុស្ស អាចផ្លាស់ប្តូរចិត្តគំនិតភ្លាម។ ពីអ្នកប្រឆាំង ក្លាយជាមនុស្សរបស់រដ្ឋាភិបាល។

នៅពេលចុះចូល រដ្ឋាភិបាល ដែលធ្លាប់តែរកកន្លែងត្រឹមត្រូវគ្មាន បែរជាល្អគ្រប់លក្ខណ៍។ មានតែថ្នាក់ដឹកនាំកំពុងកាន់អំណាចទេ ដែលបានចាកចេញពីក្រុមគ្រួសារ និងបានយកជីវិតធ្វើជាដើមទុន ដើម្បីស្រោចស្រង់ប្រទេសជាតិពីភ្នក់ភ្លើងសង្គ្រាម។ មានតែគណបក្សកាន់អំណាច មានតែរដ្ឋាភិបាលបច្ចុប្បន្នមួយនេះគត់ ដែលអាចធ្វើឲ្យប្រទេសមានសន្តិភាព មានការអភិវឌ្ឍ ប្រជាជនរស់នៅដោយសម្បូរសប្បាយ។ គ្មានអ្នកណា គ្មានគណបក្សណាផ្សេង មានគុណសម្បត្តិ មានលទ្ធភាពអាចដឹកនាំប្រទេសបានឡើយ។ បើផ្លាស់ប្តូរមេដឹកនាំ ប្រទេសជាតិ នឹងជួបការលំបាក។ គុណសម្បត្តិទាំងអម្បាលម៉ានរបស់រដ្ឋាភិបាល គាស់កកាយយកមកអភិប្រាយគ្មានសល់។ រដ្ឋាភិបាល ដាំកូនឈើ លែងកូនត្រី ក៏រំលើកដែរ។

ពាក្យថា មិនអាចរស់នៅជាមួយរដ្ឋាភិបាលបាន ប្រែមកជាពាក្យថា ប្រជាជន មិនអាចគ្មានរដ្ឋាភិបាលបច្ចុប្បន្នបានឡើយ។ ពាក្យថា រដ្ឋាភិបាល ផ្តល់ភាពក្រហល់ក្រហាយដល់ប្រជាជន ប្តូរមកជាពាក្យថា រដ្ឋាភិបាល ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាជន។ ពាក្យថា រដ្ឋាភិបាល ឃោរឃៅយង់ឃ្នង គន្លាស់មកជាពាក្យថា រដ្ឋាភិបាល មានមេត្តា មានការអធ្យាស្រ័យខ្ពស់។

បើសរសើរ សរសើរស្ទើរតែលើសគេលើសឯង ហើយបើការពារ ក៏ការពារស្ទើរតែលើសគេលើសឯង សូម្បីអ្នកដែលរួមរស់ជាមួយរដ្ឋាភិបាលតាំងពីដើមអឺយមក សឹងតែមិនដែលសរសើរ មិនដែលការពាររដ្ឋាភិបាលដល់ថ្នាក់នេះផង។

ឧទាហរណ៍ដូចជា៖ នៅពេលប្រឆាំង វាយប្រហារសម្តេច ហ៊ុន សែន សព្វគ្រប់បែបយ៉ាង តែដល់ពេលចុះចូល សម្តេច ជាអ្នកស្នេហាជាតិ ជាវីរបុរស ជាបិតាសន្តិភាព ជាអ្នកជួយសង្គ្រោះជីវិតប្រជាជន ជាមេដឹកនាំប្រកបដោយគតិបណ្ឌិត។

ពីអ្នកប្រឆាំងស្លាប់រស់ ក្លាយជាអ្នកការពារគ្រប់ទង្វើរបស់រដ្ឋាភិបាល។ កុំឲ្យតែអ្នកណា រិះគន់រដ្ឋាភិបាលប៉ុនក្រចកដៃ គឺចេញមកពាំងភ្លាម។ រឿងរ៉ាវក្នុងទ្រនំចាស់ កកូរកកាយដល់បាត យកទៅបង្ហាញជាសាធារណៈខ្ទេចខ្ទីអស់។ 

ប្រភេទមនុស្សខាងលើនេះ គេ ប្រាកដជាធ្លាប់ឃើញហើយនៅក្នុងសង្គមខ្មែរ។ អ្នកនយោបាយ សកម្មជននយោបាយខ្លះ ចេញពីគណបក្សប្រឆាំង ឬចេញពីគណបក្សក្រៅរដ្ឋាភិបាល ទៅចុះចូលជាមួយគណបក្សកាន់អំណាច ហើយចេញពីគណបក្សកាន់អំណាច វិលទៅរកគណបក្សដើមវិញ ឬទៅរកគណបក្សណាផ្សេង។ អ្នកខ្លះ ចេញចូលៗពីគណបក្សមួយទៅគណបក្សមួយ ដល់ទៅបីបួនត្រឡប់ក៏មាន។ មន្រ្តីសង្គមស៊ីវិលខ្លះ ក៏ដើរតាមផ្លូវនេះដែរ។

កុំចាំបាច់និយាយដល់អ្នកនយោបាយ សកម្មជននយោបាយ ឬមន្រ្តីអង្គការសង្គមស៊ីវិល បុគ្គលខ្លះ ដែលបម្រើការងារតាមក្រុមហ៊ុនឯកជន ក៏ស្ថិតក្នុងលំនាំនេះដូចគ្នា។ ពេលចូលបម្រើការងារឲ្យក្រុមហ៊ុនដែលប្រឆាំងរដ្ឋាភិបាល គេ ក៏កាឡាខ្លួនជាអ្នកប្រឆាំង។ ពេលចូលបម្រើការងារឲ្យក្រុមហ៊ុន ដែលគាំទ្ររដ្ឋាភិបាល គេ ក៏ប្លែងខ្លួនជាអ្នកគាំទ្ររដ្ឋាភិបាល។ 

តាមពិតទៅ ការផ្លាស់ប្តូរ ការចាកចេញពីកន្លែងមួយទៅកន្លែងមួយ ការចាកចេញពីគណបក្សមួយទៅគណបក្សមួយ មិនមែនសុទ្ធតែអាក្រក់ មិនមែនសុទ្ធតែបង្ហាញពីភាពមិនស្មោះត្រង់នោះទេ។ ការផ្លាស់ប្តូរ ការចាកចេញទៅរកកន្លែងថ្មី គឺជាសិទ្ធិសេរីភាពរបស់មនុស្សម្នាក់ៗ។ មិនមែនធ្វើជាអ្នកប្រឆាំងហើយ អ្នក ត្រូវតែធ្វើជាអ្នកប្រឆាំងអស់មួយជីវិតឡើយ ហើយមិនមែនបានចូលទៅក្នុងគណបក្សកាន់អំណាច អ្នក មិនអាចចេញវិញបាននោះទេ។ 

ពេលខ្លះ បុគ្គលម្នាក់ សម្រេចចិត្តចាកចេញ គឺដោយសារមានបញ្ហានៅកន្លែងចាស់ ឬគណបក្សចាស់ ដែលមិនអាចត្រាំត្រែងតទៅទៀតបាន។ ជួនកាល ដោយសារទាល់ច្រក រងការគំរាមកំហែង ឬ ជួបស្ថានភាពលំបាកណាមួយ ដែលតម្រូវឲ្យចុះចូលជាមួយគណបក្សផ្សេង បុគ្គលនោះ ក៏សុខចិត្តទៅចុះចូល។ ការចាកចេញនិងការចុះចូលរបស់បុគ្គលនោះ ក្នុងស្ថានភាពបែបនេះ គេមិនអាចបន្ទោសបានឡើយ។ ម្យ៉ាងទៀត បុគ្គលម្នាក់ អាចនឹងផ្លាស់ប្តូរគណបក្សថ្មី បើគេ យល់ថា គណបក្សថ្មីនោះ អាចជួយជាតិ ជួយប្រជាជនបាន។ 

ប៉ុន្តែបើអ្នក គ្មានគោលជំហរច្បាស់លាស់ ដោយរេចុះរេឡើងតាមតែតំណែង តាមតែទឹកប្រាក់ គេ នឹងកត់សម្គាល់ថា អ្នក ជាមនុស្សមិនស្មោះត្រង់ ហើយអ្នក នឹងលែងមានតម្លៃ។ កុំព្រោះតែគណបក្សថ្មី ឲ្យតំណែងខ្ពស់ ស្រាប់តែរត់ទៅគណបក្សនោះ ហើយលើកសរសើរគណបក្សនោះកប់ពពក រួចងាកមកវាយប្រហារគណបក្សចាស់មិនដកដៃ។ ការផ្លាស់ប្តូរបែបនេះ មិនមែនដើម្បីជួយជាតិអ្វីឡើយ តែតាមពិត អ្នក ផ្លាស់ប្តូរពីគណបក្សមួយទៅគណបក្សមួយ គឺដើម្បីតំណែង ដើម្បីលាភសក្ការៈ ឬដើម្បីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ៕ 

Tag:
 ដូរបក្ស
  គ្មានគោលជំហរ
© រក្សាសិទ្ធិដោយ thmeythmey.com