ជាតិ
សង្គមជាតិ
ស្តេចកំប្លែង Charlie Chaplin (សាក់ឡូ) បានមកទស្សនាភ្នំពេញ និងអង្គរវត្តនៅឆ្នាំ១៩៣៦
16, Apr 2022 , 8:45 pm        
រូបភាព
លោកសាក់ឡូ និង Paulette បានទស្សនាប្រាសាទអង្គរវត្ត និងអង្គរធំ ដោយមានលោក Victor Goloubew ជាមគ្គុទ្ទេសក៍។​ រូបថត Charlie Chaplin Achieve។
លោកសាក់ឡូ និង Paulette បានទស្សនាប្រាសាទអង្គរវត្ត និងអង្គរធំ ដោយមានលោក Victor Goloubew ជាមគ្គុទ្ទេសក៍។​ រូបថត Charlie Chaplin Achieve។
កាលពីឆ្នាំ១៩៣៦ កម្ពុជា ក្លាយជាគោលដៅទេសចរណ៍មួយក្នុងដំណើរកម្សាន្តរយៈពេល៥ខែ ជាពិសេសនៅតំបន់ឥណ្ឌូចិនរបស់ស្តេចកំប្លែងអង់គ្លេស Charlie Chaplin ដែលពលរដ្ឋខ្មែរស្គាល់ថា «សាក់ឡូ»។ តារាសម្តែង និងជាអ្នកដឹកនាំភាពយន្តកំប្លែងគ្មានសំឡេង (Silent-Film) រូបនេះ បានដល់រាជធានីភ្នំពេញនៅថ្ងៃទី១៨ខែមេសា ហើយបន្តទៅទស្សនាប្រាសាទនានានៅក្នុងខេត្តសៀមរាបនៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៣៦ ដដែល។

 
៥ថ្ងៃក្រោយការចាក់បញ្ចាំងរឿង «សម័យទំនើប» (Modern Times) នៅរោងភាពយន្តហូលីវូដ Grauman’s Chinese Theather ក្រុង Los Angeles រដ្ឋ California នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៣៦ លោក Charlie Chaplin បានចាប់ផ្តើមដំណើរកម្សាន្តរបស់ខ្លួន ដែលអមដំណើរដោយតួស្រីអាមេរិក Paulette Goddard ក្នុងរឿង «សម័យទំនើប» រួមទាំងម្តាយរបស់នាងឈ្មោះ Alta និងលោក Frank Yonamori ជនជាតិជប៉ុន ដែលជាអ្នកមើលការខុសត្រូវក្នុងផ្ទះសម្បែងរបស់លោក Chaplin ផ្ទាល់។
 
 
ក្រោមការរៀបចំរបស់ភ្នាក់ងារទេសចរណ៍ Thomas Cook and Son ក្រុមរបស់លោក សាក់ឡូ បានចេញដំណើរតាមនាវា SS Coolidge ឆ្ពោះទៅកោះហាវៃ មុនបន្តចេញដំណើរទៅ Yokohama, តូក្យូ ប្រទេសជប៉ុន, សៀងហៃ, ហុងកុង ប្រទេសចិន។ បុគ្គលល្បីៗដែលលោកបានជួបមានដូចជា អ្នកនិពន្ធអៀរឡង់ George Bernard Shaw នៅហាវៃ និងស្តេចល្ខោនអូបេរ៉ា Mei Lanfang នៅសៀងហៃ ជាដើម។
 
លោក សាក់ឡូ និងអ្នករួមដំណើរ បានចេញដំណើរពីហុងកុង ទៅដល់សិង្ហបុរី នៅថ្ងៃទី១៨ ខែមិនា តាមនាវា Suwa Maru ដោយមានអ្នកគាំទ្រជាច្រើននៅរង់ចាំ។ នៅសិង្ហបុរី មានព័ត៌មានផ្សព្វផ្សាយថា លោកបានរៀបការនៅទីនោះជាមួយ Paulette ហើយព័ត៌មានខ្លះ បានលើកឡើងថា វាជាដំណើរទេសចរណ៍ក្រេបចន្ទទឹកឃ្មុំរបស់អ្នកទាំងពីរ ប៉ុន្តែមិនដែលមានការបញ្ជាក់ជាផ្លូវការឡើយពីសាមីខ្លួន។
 
 

មុនដំណើរមកកាន់ឥណ្ឌូចិន លោក សាក់ឡូ បានទៅតំបន់ជាច្រើននៅឥណ្ឌូណេស៊ី រួមមាន Batavia, កោះជ្វា, កោះជ្វាភាគខាងលិច, Garut, Djoka និងកោះបាលី ជាដើម។ បន្ទាប់មក លោកបានវិលត្រឡប់ទៅសិង្ហបុរីវិញ ដើម្បីបន្តដំណើរតាមនាវា Aramis ឆ្ពោះទៅក្រុងសៃហ្គន (បច្ចុប្បន្នហូជីមិញ) និងមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមេសា។  នេះបើយោងតាមកំណត់ត្រានៃដំណើររបស់លោក Charlie Chaplin នៅឆ្នាំ១៩៣៦ (Day by Day: 1936)។
 
មិនឃើញមានរូបថតណាមួយឡើយទាក់ទងនឹងវត្តមានរបស់លោកសាក់ឡូ នៅរាជធានីភ្នំពេញ ប៉ុន្តែអត្ថបទស្រាវជ្រាវរបស់លោក Darryl Collins ដែលមានចំណងជើងថា «Chaplin in Cambodia» ចុះផ្សាយកាលពីឆ្នាំ២០០២ ក្នុងព្រឹត្តិបត្តិ Sarika Review បង្ហាញថា តារាកំប្លែងលំដាប់ពិភពលោករូបនេះ មានអនុស្សាវរីយ៍ជាច្រើន។ សណ្ឋាគារ Le Royal ក៏បានចារក្នុងកំណត់ត្រារបស់ខ្លួនសម្រាប់ឆ្នាំ១៩៣៦ ទាក់ទងនឹងវត្តមានភ្ញៀវដ៏ពិសេសរូបនេះផងដែរ។
 
ក្នុងអត្ថបទសារព័ត៌មានខ្លីមួយជាភាសាបារាំងដែលមានចំណងជើងថា «ទស្សនកិច្ចនៅភ្នំពេញរបស់លោក Charlie Chaplin» (La visite à Phnom Penh de M. Charlie Chaplin) ស្តេចកំប្លែងរូបនេះ បានកោតសរសើររាជធានីភ្នំពេញថា៖ «រាជធានីរបស់កម្ពុជា ជាក្រុងតូចមួយដ៏មានមន្តស្នេហ៍។ ព្រះបរមរាជវាំង ក៏ដូចជាប្រាសាទព្រះកែវមរកតពិតជាស្រស់ស្អាតខ្លាំងណាស់»។

 
បើតាមគេហរទំព័រសារមន្ទីរជាតិ លោក សាក់ឡូ ពិតជាមានការភ្ញាក់ផ្អើលចំពោះសម្រស់រាជធានីភ្នំពេញ ជាពិសេសតាមបណ្តាវិថីមួយចំនួន ដែលលោកចាត់ទុកដូចប្អូនស្រីតូចរបស់វិថី Champs Elysees ដ៏ធំនៅក្រុងប៉ារីស ប្រទេសបារាំង។ កាសែត L’Echo du Cambodge ជាភាសាបារាំង នាពេលនោះ ក៏បានផ្សាយបែបនេះ ផងដែរ។
 
អត្ថបទស្រាវជ្រាវរបស់លោក Darryl Collins ក៏បានអះអាងផងដែរថា លោក សាក់ឡូ បានឃើញព្រះភក្ត្ររបស់ព្រះមហាក្សត្រ ព្រះបាទ ស៊ីសុវត្ថិ មុន្នីវង្ស នាអំឡុងពេលលោកទស្សនាព្រះបរមរាជវាំង។ លោករំភើបចំពោះការរួសរាយរាក់ ជាពិសេសសេវាកម្មសណ្ឋាគារដ៏ល្អប្រណីតនៅរាជធានីភ្នំពេញ។ 
 
តាមពិតទៅដំណើរមកកាន់កម្ពុជានៅថ្ងៃទី១៨ ខែមេសា លោក Chaplin មានបំណងជាពិសេសគឺការទស្សនាប្រាសាទអង្គរវត្តនៅខេត្តសៀមរាប។ សារព័ត៌មានថ្មីៗ ក៏បានឃើញការអះអាងបែបនេះ ផងដែរក្នុងបទសម្ភាសមួយរវាងលោកជាមួយសារព័ត៌មានឥណ្ឌូចិន L’Avenir du Tonkin។ នៅភ្នំពេញ លោកក៏បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានប្រមាណ២ម៉ោងផងដែរ។
 

នៅថ្ងៃទី២០ ខែមេសា Charlie និង Paulette បានទស្សនាប្រាសាទអង្គរវត្ត និងអង្គរធំ ដោយមានលោក Victor Goloubew ជាមគ្គុទ្ទេសក៍។ លោក Victor ជាបុរាណវិទូរុស្ស៊ីរបស់សាលាបារាំងចុងបូព៌ា (EFEO) ដោយលោកក៏រួមដំណើរតាមផ្លូវគោកពីភ្នំពេញ ទៅសៃហ្គន នាដំណើរចុងក្រោយរបស់ក្រុមលោកសាក់ឡូ នៅឥណ្ឌូចិន។
 
លោក សាក់ឡូ និងអ្នករួមដំណើរត្រូវបានរាយការណ៍ថា បានស្នាក់នៅពីរថ្ងៃក្នុងសណ្ឋាគារ Grand Hotel d’Angkor ហើយសកម្មភាពទស្សនាប្រាសាទអង្គរវត្ត និងអង្គរធំ បន្សល់នូវរូបថតអនុស្សារីយ៍ជាច្រើនសន្លឹក ដែលយើងអាចរកឃើញនៅក្នុង Charliechaplinarchive.org, photo.charlichaplin.com និង pjcoggan.wordpress.com ជាដើម។
 
ក្នុងសម្ភាសមួយ លោក សាក់ឡូ បានអះអាងថា ដំណើរទស្សនកិច្ចរបស់ខ្លួននៅឥណ្ឌូចិន ពោរពេញទៅដោយផ្លែផ្កា និងទទួលបានបទពិសោធន៍ថ្មីៗជាច្រើន។ នាពេលនោះ លោកក៏បានសន្យាផ្សព្វផ្សាយទេសចរណ៍ពីឥណ្ឌូចិន ពេលវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញផងដែរ។
 

លោក Charlie Chaplin បន្សល់ទុកនូវស្នាដៃដ៏មហិមាជាច្រើនដែលចាប់ផ្តើមពីឆ្នាំ១៩១៤រហូតដល់ឆ្នាំ១៩៦៧។ លោកត្រូវបានចាត់ទុកជាបុគ្គលដ៏ល្បីល្បាញជាងគេកាលពីឆ្នាំ១៩១០ និងឆ្នាំ១៩២០ និងទទួលបានពានរង្វាន់អន្តរជាតិជាច្រើនក្នុងវិស័យភាពយន្ត។
 
ស្តេចកំប្លែងរូបនេះ បានទទួលមរណភាពក្នុងអាយុ៨៨ឆ្នាំនៅប្រទេសស្វីស កាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ១៩៧៧។ លោកឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍៤លើក ក្នុងនោះចំណងស្នេហ៍អាថ៌កំបាំងជាមួយអ្នកស្រី Paulette។ លោកមានកូនសរុបទាំងអស់១១នាក់៕
 










ប្រភពរូបថត៖ www.charliechaplinarchive.org
 

© រក្សាសិទ្ធិដោយ thmeythmey.com