COVID-19
ជាតិ
COVID-19៖ ស្ថាប័នរដ្ឋ និងឯកជន គួរធ្វើតេស្តលើបុគ្គលិក ១ដង ក្នុងមួយសប្ដាហ៍ តែអ្នកហានិភ័យខ្ពស់ ត្រូវតេស្តញឹកញាប់
16, Jul 2021 , 12:58 pm        
រូបភាព
ភ្នំពេញ៖ ស្ថាប័នរដ្ឋ និងឯកជន គួរតែធ្វើតេស្តលើបុគ្គលិកជាប្រចាំ តែ១ដង ក្នុងមួយ ឬពីរសប្ដាហ៍បានហើយ លើកលែងអ្នកមានហានិភ័យខ្ពស់ប៉ុណ្ណោះ ដែលត្រូវធ្វើតេស្តញឹកញាប់។ នេះបើតាមគោលការណ៍ណែនាំទូទៅស្តីពីគ្រប់គ្រង និងការប្រើប្រាស់ឧបករណ៍តេស្តរហ័ស របស់រដ្ឋាភិបាល ដែលបានដាក់ចេញកាលពីថ្ងៃទី១៤ កក្កដា។


រដ្ឋាភិបាល បានតម្រូវឱ្យប្រធានស្ថាប័ន អង្គភាពរដ្ឋ និងឯកជន ត្រូវរៀបចំផែនការធ្វើតេស្តរហ័សជាប្រចាំលើបុគ្គលិកយ៉ាងតិចពី៥ទៅ១០ភាគរយ នៃបុគ្គលិកក្នុងស្ថាប័ន និងអង្គភាពនីមួយៗ។
 
នៅក្នុងខ្លឹមសារស្តីពី គោលការណ៍រៀបចំប្រតិបត្តិការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន បានបញ្ជាក់ដូច្នេះថា ៖«ផែនការនេះ គួរតែធានាថា បុគ្គលិកទាំងអស់ ដែលមានវត្តមាននៅបរិវេណស្ថាប័ន ឬអង្គភាព ទទួលបានតេស្តរហ័សជាប្រចាំ(យ៉ាងតិច១ដង ក្នុងចន្លោះ១ ទៅ២សប្ដាហ៍។ ស្ថាប័ន ឬអង្គភាពនីមួយៗ ត្រូវផ្សព្វផ្សាយឱ្យបានច្បាស់លាស់ និងទូលំទូលាយអំពីផែនការនៃការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩របស់ខ្លួន»។
 
រដ្ឋាភិបាលចេញគោលការណ៍ណែនាំទូទៅ ស្តីពីគ្រប់គ្រង និងការប្រើប្រាស់ឧបករណ៍តេស្តរហ័សនៅតាមស្ថាប័ន និងអង្គភាពនេះ ស្របពេលក្រសួងមហាផ្ទៃ និងក្រសួងទេសចរណ៍ ដាក់ចេញវិធានការតេស្តរកអង់ទីហ្សែនកូវីដ-១៩ លើថ្នាក់ដឹកនាំ មន្ត្រី និងភ្ញៀវ ជាប្រចាំ ដែលចេញ-ចូលស្ថាប័នខ្លួន។ 
 
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់សារព័ត៌មានថ្មីៗថា អង្គភាពលោក បានតម្រូវឱ្យមន្ត្រី បុគ្គលិកទាំងអស់ ធ្វើតេស្តសំណាកជាប្រចាំថ្ងៃ រាល់ម៉ោងធ្វើការ។ ចំណែកភ្ញៀវចេញ-ចូល ក្រសួងមហាផ្ទៃ ក៏ត្រូវធ្វើតេស្តសុខភាពដែរ។ លោក ខៀវ សុភ័គ ក៏ទទួលស្គាល់ថា ការធ្វើតេស្តរកកូវីដ-១៩ រាល់ថ្ងៃ ក៏ប៉ះពាល់ដល់សុខភាពច្រមុះដែរ។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ បាននិយាយដូច្នេះថា៖«អ្នកខ្លះរលាកច្រមុះដែរហ្នឹង [យកសំណាកតាមច្រមុះ] ប៉ុន្តែដើម្បីសុខភាពទាំងអស់គ្នា ទាំងម្ចាស់ខ្លួនផង ទាំងមិត្តភក្តិនៅធ្វើការជុំវិញគ្នាផង ទាំងគ្រួសារផង និងសង្គមជាតិផង ពួកគាត់ខ្លាចអី នឹងធ្វើតេស្តនេះ ព្រោះមេរោគកូវីដ-១៩ ហ្នឹង ថ្ងៃនេះអត់មាន តែវាមិនប្រាកដថា ថ្ងៃស្អែកអត់មានទៀតឯណា»។
 
ជុំវិញករណីតេស្តរកកូវីដ-១៩ លើបុគ្គលិកប្រចាំថ្ងៃនេះ សារព័ត៌មានថ្មីៗ បានទាក់ទងទៅលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោក ហុក គឹមចេង អគ្គនាយបច្ចេកទេសនៃក្រសួងសុខាភិបាលដែរ ដើម្បីសាកសួរថា តើគួរត្រូវធ្វើតេស្តរាល់ថ្ងៃទេ? ប៉ុន្តែអ្នកទាំងពីរអះអាងដូចគ្នាថា ខ្លួនរវល់ប្រជុំ ។ 
 
តែយ៉ាងណាក្នុងខ្លឹមសាររបស់រដ្ឋាភិបាល ស្តីពី គោលការណ៍រៀបចំប្រតិបត្តិការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន ក៏មិនបានបញ្ជាក់ពីការតម្រូវឱ្យធ្វើតេស្តលើមន្ត្រី និងបុគ្គលិករាល់ថ្ងៃឡើយ លើកលែងតែអ្នកមានហានិភ័យខ្ពស់ នៃជំងឺនេះ។ 
 
«កំណត់បុគ្គលិកដែលមានហានិភ័យខ្ពស់ ដូចជាបុគ្គលិក ដែលមានការប្រាស្រ័យទាក់ទងជាមួយបុគ្គលិកផ្សេងទៀត ឬ មនុស្សក្រៅស្ថាប័ន ឬក្រៅអង្គភាព រួចធ្វើតេស្តរហ័សឱ្យបានញឹកញាប់លើបុគ្គលិកទាំងនោះ»។ នេះបើតាមគោលការណ៍របស់រដ្ឋាភិបាល។
 
ក្រសួងមហាផ្ទៃ នឹងពិនិត្យឡើងវិញ ចំពោះវិធានការយកសំណាកមន្ត្រី និងបុគ្គលិករាល់ថ្ងៃនេះ ក្រោយរដ្ឋាភិបាលដាក់ចេញគោលការណ៍នេះ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យមហាផ្ទៃ បាននិយាយដូច្នេះថា៖«យើងក៏អាច(ធ្វើតេស្ត១ ឬ២ អាទិត្យម្ដង)អ៊ីចឹងដែរ ពីព្រោះគោលការណ៍រដ្ឋាភិបាល មិនអាចឱ្យធ្វើតេស្តរាល់ថ្ងៃពេកទេ ប៉ុន្តែសំខាន់ឱ្យតែភ្ញៀវ ចូលមកគឺគេធ្វើតេស្ត ឱ្យហើយ»។ 
 
ក្រសួងមហាផ្ទៃ មានឧបករណ៍ធ្វើតេស្តសំណាក ចំនួន៥ម៉ឺនប្រអប់ ដែលបានមកពីការឧបត្ថម្ភរបស់រដ្ឋាភិបាល។ នេះបើតាមលោក ខៀវ សុភ័គ។
 
រដ្ឋាភិបាល បានដាក់ចេញគោលការណ៍គ្រប់គ្រង និងការប្រើប្រាស់ឧបករណ៍តេស្តរហ័សនេះ ក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័នរដ្ឋ និងឯកជន ក្នុងការការពារជំងឺឆ្លងកូវីដ-១៩ ដល់បុគ្គលិកខ្លួន និងអ្នកពាក់ព័ន្ធ។ ជាពិសេសពង្រឹងសមត្ថភាពពួកគេឱ្យចូលរួមរុករក និងកំណត់មុខសញ្ញានៃផ្ទុកជំងឺកូវីដ-១៩ និងគ្រប់គ្រងឱ្យបានឆាប់រហ័ស ដោយមានប្រសិទ្ធភាព និងទាន់ពេលក្នុងសហគមន៍ជាដើម៕

Tag:
 COVID-19
  ក្រសួងសុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com