ជាតិ
បណ្តាញសហគមន៍ព្រៃឡង់អះអាងថា ៥ថ្ងៃប៉ុណ្ណោះ បទល្មើសព្រៃឈើមានដល់ទៅ៣៦៦ករណី
16, Jul 2021 , 2:52 pm        
រូបភាព
បទល្មើសព្រៃឈើដែលបណ្ដាញសហគមន៍ព្រៃឡង់រកឃើញក្នុងខេត្តព្រះវិហារ។ (រូបពី CYN) 2
បទល្មើសព្រៃឈើដែលបណ្ដាញសហគមន៍ព្រៃឡង់រកឃើញក្នុងខេត្តព្រះវិហារ។ (រូបពី CYN) 2
បណ្ដាញសហគមន៍ព្រៃឡង់រកឃើញបទល្មើសព្រៃឈើ៣៦៦ករណី នៅតំបន់ព្រៃឡង់ខេត្តព្រះវិហារ។ ប៉ុន្តែក្រសួងបរិស្ថានចាត់ទុកថា របាយការណ៍នេះជារបស់ក្រុមបណ្ដាសហគមន៍តែម្ខាង ដោយសង្កត់ធ្ងន់ថា កម្ពុជាលែងមានបទល្មើសព្រៃឈើធំៗទៀតហើយ។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានច្រានចោលរបាយការណ៍ នេះ។

 
គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា បណ្ដាញសហគមន៍ព្រៃឡង់បានអះអាងពីការ រកឃើញបទល្មើសព្រៃឈើដល់ទៅ៣៦៦ករណី ក្នុងតំបន់ព្រៃឡង់ខេត្តព្រះវិហារ ហើយសង្កេតឃើញមានការដឹកឈើទាំងនោះ ចូលក្នុងតំបន់របស់ក្រុមហ៊ុនមួយ។ នេះបើតាមការអះអាងរបស់លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិរបស់សមាគមបណ្ដាញយុវជនកម្ពុជា (CYN) ដោយបញ្ជាក់បន្ថែមថា ប្រភេទឈើដែលបានកាប់បំផ្លាញគឺស្រឡៅ ផ្ចឹក គគីរ និងសុក្រំជាដើម។ 
 
លោកថា ការរកឃើញបទល្មើសព្រៃឈើជាង៣០០ករណីនេះ បង្ហាញថាបទល្មើសព្រៃឈើនៅតែបន្តកើតមានយ៉ាងខ្លាំងក្លា ខណៈសកម្មជននិងអ្នកស្រលាញធម្មជាតិ រង ការរឹតត្បិត មិនឲ្យចូលក្នុងតំបន់ការពារធម្មជាតិ។ 
 
«យើងទទូចឲ្យការកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធនៃការកាប់បំផ្លាញ់ព្រៃឈើ ពិសេសអ្នកនៅពីក្រោយករណីនេះ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។ ខ្ញុំយល់ប្រហែលជាការកាប់បំផ្លាញព្រៃឈើយ៉ាងច្រើននេះ វាអាចពាក់ព័ន្ធនឹងអាជ្ញាធរហុងកុងដែលរកឃើញឈើ២១១តោន ប្រើសិនមានការស៊ើបអង្កេតមែនប្រហែលជារកឃើញអ្នករត់ពន្ធខុសច្បាប់ទាំងនោះឃើញផងដែរ»។ នេះបើតាម លោក គឹមហុង ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម ហើយបន្ថែមថា អាជ្ញាធរ ពិសេសខាងក្រសួងបរិស្ថាន គួរតែចាប់ផ្ដើមឡើងវិញ នូវកិច្ចសហការជាមួយពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីចូលរួមទប់ស្កាត់បទល្មើសព្រៃឈើនេះ បន្តទៀត។ ប្រសិនបើបទល្មើសនេះ នៅតែកើតមានបន្តទៀត លោកបារម្ភថាកម្ពុជានឹងបាត់បងពូជឈើកម្រនិងគម្របព្រៃឈើដែលជាធម្មជាតិយ៉ាងសំខាន់របស់មនុស្ស  សត្វ ដូចជាភពផែនដីទាំងមូលផងដែរ។ 
 
ជុំវិញបទល្មើសព្រៃឈើដែលរកឃើញ៣៦៦ករណីនេះ លោក នេត្រា ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានចាត់ទុកថា ជារបាយការណ៍តែម្ខាងប៉ុណ្ណោះ។ លោកសរសេរប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមយ៉ាងដូច្នេះ៖ «នេះជារបាយការណ៍សម្រាប់តែក្រុមគ្នាគាត់ប៉ុណ្ណោះ»។ 


 បទល្មើសព្រៃឈើដែលបណ្ដាញសហគមន៍ព្រៃឡង់រកឃើញក្នុងខេត្តព្រះវិហារ។ (រូបពី CYN)

ជាមួយគ្នាដែរ លោកបញ្ជាក់ថាបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ការពារធម្មជាតិលែងកើតមានទៀតហើយ។ ប៉ុន្តែនៅមានបទល្មើសទ្រុងទ្រាយតូចៗកើតឡើងដែលសមត្ថកិច្ចក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ កំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។ ក្រសួងបរិស្ថាននឹងបន្តបេសកកម្មរបស់ខ្លួនប្រកប ដោយការទទួលខុសត្រូវខ្ពស់និងវិជ្ជាជីវៈក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
 
ពាក់ព័ន្ធនឹងកិច្ចការពារធនធានធម្ម លោក គឹមហុង ក៏បានលើកឡើងដែរថា ក្នុងថ្ងៃរុក្ខទិវា នាយករដ្ឋមន្រី្ត សម្ដេច ហ៊ុន សែន បានអំពាវនាវឲ្យចូលរួមការងារធនធានធម្មជាតិ ដែលរឿងគួរឲ្យកត់សម្គាល់។ ប៉ុន្តែក្រសួងបរិស្ថានហាក់មិនធ្វើតាមអនុសាសន៍ដោយនៅតែបន្តរឹតត្បឹតសិទ្ធិសេរីភាពពលរដ្ឋក្នុងចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ។ កន្លងមក បណ្ដាញសហគមន៍ព្រៃឡង់ សហគមន៍ជនជាតិភាគតិច និងសមាគមបណ្ដាញយុវជនកម្ពុជា(CYN ) បានរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើជាហូរហែ ជិត៤០០ករណីរួចហើយ។ 
 
កាលថ្ងៃទី៩កក្កដា នៃពិធីបុណ្យ «រុក្ខទិវា» សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវដល់ពលរដ្ឋទាំងអស់ឲ្យចូលរួមដាំដុះនិងការពារព្រៃឈើ សម្រាប់មនុស្សជំនាន់ក្រោយ។ សម្ដេចសរសេរលើទំព័រហ្វេសប៊ុកដូច្នេះ៖ «សូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចូលរួមស្រឡាញ់ថែរក្សា ការពារព្រៃឈើ និងចូលរួមដាំដុះកូនឈើ ថែរក្សាការពារបរិស្ថានធម្មជាតិឱ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លួនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវចម្រុះជាច្រើនផង ដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់»។
 
បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន រយៈពេល ៦ខែឆ្នាំ២០២១ ពីខែមករាដល់ខែមិថុនានេះ មន្ត្រីឧទ្យានុរក្សបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន៤២៣៨ករណី។ ក្នុងចំណោមបទល្មើស ទាំងនោះ បានធ្វើការពិន័យអន្តរការណ៍៥១១ ករណី និងបានចងក្រងសំណុំរឿងបញ្ជូនទៅ តុលាការបានចំនួន៥១៥ករណី។ បទល្មើសទាំងនេះ ភាគច្រើនទាក់ទងនឹងការទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋក្នុងតំបន់អភិរក្សដោយខុសច្បាប់ ការបកាប់បំផ្លាញឈើ ការបរបាញ់សត្វជាដើម។ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ មន្ត្រីឧទ្យានុរក្សក៏បានរឹបអូសរណាយន្តបាន២៤៦២គ្រឿង ដកហូតរថយន្តចំនួន១៨២គ្រឿង, គោយន្ត៣០៨គ្រឿង, ម៉ូតូ៣៣៦គ្រឿង, ត្រាក់ទ័រ២៤គ្រឿង និងឈើចំនួន១.២៦០ម៉ែត្រគូប។ ទន្ទឹមនឹងនេះ មន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិបានរកឃើញនិងដកហូតអន្ទាក់ចំនួន២៥.៥៩៦អន្ទាក់ និងកាំភ្លើងកែច្នៃជាង៣៤៨ដើម៕ 
 
អត្ថបទទាក់ទង
 

Tag:
 ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com