ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ដករដ្ឋលេខាធិការម្នាក់ពីតំណែងដោយសារសរសេរផ្ចាញ់ផ្ចាលចំពោះសព
16, Jul 2021 , 3:57 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី តាមរយៈហ្វេសប៊ុកនៅថ្ងៃនេះ បានបញ្ជាក់ពីការដកលោក ឌុច សុវណ្ណារី ពីតំណែងរដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា ដោយសារមន្ត្រីនោះ បានសរសេរឌឺដងលើសពដែលជាអតីតថ្នាក់ដឹកនាំរបស់ខ្លួន។



ដោយមិនសរសេរចំឈ្មោះ លោក ឌុច សុវណ្ណារី បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួន កាលពីម៉ោង១ និង៤៦នាទីរសៀលថ្ងៃទី១៥ ខែកក្កដាថា៖ «ថ្ងៃនេះខ្ញុំបានទទួលដំណឹងថាមនុស្សម្នាក់ដែលតែងតែអគតិចំពោះកូនចៅក៏ដូចជារូបខ្ញុំ បានលាចាកលោកទៅហើយ។ ដោយសារកូវីដ ខ្ញុំមិនបានចូលរួមជូនដំណើរទេ ហើយក៏សូមអហោសកម្មជូនគាត់ហើយសូមបួងសួង បើជាតិក្រោយគាត់មានសំណាងបានកើតជាមនុស្ស សូមឲ្យមានចិត្តទូលាយ ដឹងខុស ដឹងត្រូវជាងនេះ កុំត្រចៀកស្រាលដូចជាតិនេះទៀត»។

សម្តេច ហ៊ុន សែន បានភ្ជាប់សារមួយនេះ ដែលធ្វើឲ្យគេដឹងថា លោក ឌុច សុវណ្ណារី សរសេរក្នុងន័យឌឺដងដាក់សពលោក ហុង ថែម ទីប្រឹក្សាក្រសួងដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែកក្កដា ក្នុងអាយុ៨៦ឆ្នាំ ដោយជរាពាធ។



ប្រមុខរដ្ឋាភិបាលបានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ ម៉ែន សំអន ចំពោះមរណភាពបង ហុង ថែម ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩។ខ្ញុំមិននឹកស្មានដល់សោះថាខ្ញុំមានមន្ត្រីមួយរូបថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ជាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវម៉ែន សំអនសុំអោយដកចេញក៏មិនព្រមដកដែរ»។

សម្តេចបានសម្រេចយ៉ាងម៉ឺងម៉ាត់ថា៖ ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារីអោយនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនសាកសមជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌»៕



© រក្សាសិទ្ធិដោយ thmeythmey.com