ជាតិ
រដ្ឋមន្ត្រីសាធារណការ៖ រថយន្តដឹកលើសទម្ងន់២០ភាគរយ ត្រូវឃាត់ទុក១ឆ្នាំ
16, Jul 2021 , 7:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រថយន្តដឹកលើសទម្ងន់២០ភាគរយ ត្រូវឃាត់ទុក១ឆ្នាំ ដើម្បីឱ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន បានយល់ច្បាស់ពីច្បាប់ និងទោសទណ្ឌ ។ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង តាមប្រព័ន្ធវីដេអូពីចម្ងាយ នាថ្ងៃទី១៤ ខែកក្កដា ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងដំណោះស្រាយបញ្ហា។

 
 
លោក ស៊ុន ចាន់ថុល ប្រាប់ឲ្យអាជ្ញាធរពាក់ព័ន្ធសហការជាមួយក្រុមការងារជញ្ជីង ដើម្បីទប់ស្កាត់ និងឃាត់ទុករថយន្ត ដែលដឹកលើសទម្ងន់កំណត់មករក្សាទុក រយៈពេលមួយឆ្នាំឲ្យបានត្រឹមត្រូវ ដោយមិនត្រូវដោះលែងវិញជាដាច់ខាត។ 
 
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាកាមេរ៉ាឆ្លាតវៃ និងជញ្ជីងស្វ័យប្រវត្តិ ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ 
 
«ឡានដឹកលើស២០ភាគរយ ត្រូវឃាត់ទុកមួយឆ្នាំ  ដើម្បីឱ្យក្រុមហ៊ុនដឹកជញ្ជូនបានយល់ច្បាស់អំពីមាត្រាច្បាប់និងការដាក់ទោសទណ្ឌ ឱ្យបានទូលំទូលាយ ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ឱ្យបានរឹងមាំ ជៀសវាងមតិរិះគន់ថា ធ្វើផ្លូវជាប់រហូត»។ នេះជាការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ដែលទទូចដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន កុំដឹកទំនិញលើសទម្ងន់។
 
បន្ថែមពីនេះ មន្ត្រីពាក់ព័ន្ធត្រូវអនុវត្តការចេញប័ណ្ណបើកបរ ដល់អ្នកប្រើប្រាស់យានជំនិះឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ចំណែកមន្ត្រីទទួលបន្ទុកការងារបច្ចេកទេសសាងសង់ផ្លូវ ត្រូវកសាងផ្លូវប្រកបដោយគុណភាព ពោលគឺមិនត្រូវធ្វើការងារឱ្យរួចពីដៃ ដែលនាំឱ្យខាតទាំងពេលវេលា និងថវិកាឡើយ។
 
កាលពីថ្ងៃទី១៣-១៤ ខែកក្កដា ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ បានឃាត់រថយន្តដឹកលើសកម្រិតកំណត់ចំនួន២០គ្រឿងនៅខេត្តសៀមរាប កណ្តាល និងកំពង់ស្ពឺ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន៕
 
 

Tag:
 ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com