អន្តរជាតិ
សេតវិមាន៖ អ្នកបកប្រែអាហ្វហ្គានីស្ថាន២ម៉ឺននាក់ស្នើសុំសិទ្ធិជ្រកកោននៅអាមេរិក
16, Jul 2021 , 9:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
សេតវិមាន នៅថ្ងៃទី១៥ ខែកក្កដា បញ្ជាក់ថា អ្នកបកប្រែជនជាតិអាហ្វហ្គានីស្ថានចំនួន២ម៉ឺននាក់ដែល បានជួយកងទ័ពអាមេរិកនិងណាតូអំឡុងសង្គ្រាមកន្លងមក បានស្នើសុំសិទ្ធិជ្រកកោននៅអាមេរិក ដោយសារបារម្ភពីសុវត្ថិភាព និងការសងសឹកពីសំណាក់ក្រុមតាលីបង់។

 
«មានប្រជាជនអាហ្វហ្គានីស្ថានចំនួន២ម៉ឺននាក់បានដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោន»។ លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាននិយាយទៅកាន់អ្នកសារព័ត៌មានបែបនេះក្នុងសន្និសីទថ្ងៃទី១៥ ខែកក្កដា ។ លោកស្រីបានបន្តថា ពួកគេជាអ្នកបម្រើការឱ្យយោធា និងស្ថាប័នផ្សេងទៀត ហើយក្លាយជាគោលដៅរបស់ក្រុមតាលីបង់ខណៈអាមេរិក និងសម្ព័ន្ធមិត្តចាប់ផ្ដើមដកទ័ព។ 
 
មិនត្រឹមតែអ្នកបកប្រែផ្ទាល់ឡើយ លោកស្រី Psaki បន្ថែមថា អាមេរិកក៏នឹងពិចារណាលើពាក្យស្នើសុំ របស់ក្រុមគ្រួសារពួកគេផងដែរ តែលោកស្រីមិនបញ្ជាក់ចំនួនឱ្យច្បាស់ឡើយ។ បើយោងតាមការ ប៉ាន់ស្មានកន្លងមក ប្រជាជនអាហ្វហ្គានីស្ថានដែល មានសិទ្ធិត្រូវបានជម្លៀសមានចំនួនប្រហែល១០ ម៉ឺននាក់ឯណោះ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP មន្រ្តីអាមេរិកបញ្ជាក់ថា ការជម្លៀសនឹងចាប់ផ្ដើម ក្នុងខែកក្កដានេះ។
 
ក្រុមអ្នកបកប្រែភាសាដែលត្រៀមជម្លៀស ជាអ្នកដែលបានដាក់ពាក្យស្នើសុំរួចរាល់ក្រោមកម្មវិធី ទិដ្ឋាការអន្តោប្រវេសន៍ពិសេស (SIV) របស់ក្រសួងការបរទេសអាមេរិកសម្រាប់អ្នកបកប្រែអ៊ីរ៉ាក់និង អាហ្វហ្គានីស្ថាន។ លោកស្រី Psaki បន្ថែមថា អ្នកដែលបានឆ្លងការត្រួតពិនិត្យផ្នែកសន្តិសុខរួចរាល់ អាចស្នាក់នៅមូលដ្ឋានយោធាអាមេរិកជាបណ្ដោះអាសន្ន។ ចំណែកអ្នកត្រូវឆ្លងការត្រួតពិនិត្យសិននោះ នឹងត្រូវបញ្ជូនទៅកាន់បន្ទាយទ័ពអាមេរិកនៅបរទេស ឬប្រទេសទីបីណាមួយរហូតទិដ្ឋាការត្រូវផ្ដល់ឱ្យ។
 
ស្របពេលអាមេរិកកំពុងដកទ័ពនោះ សមាជិកព្រឹទ្ធសភាអាមេរិក ក៏ទទូចឱ្យរដ្ឋបាលលោក បៃឌិន ពន្លឿនការជម្លៀសខ្លួន និងផ្ដល់ជំនួយដល់អ្នកដែលជួយកម្លាំងសម្ងាត់អាមេរិកផងដែរ។ ក្នុងលិខិតផ្ញើទៅកាន់លោក បៃឌិន ប្រធានគណៈកម្មាធិការចារកម្មលោក Mark Warner និងអនុប្រធាន Marco Rubio បានសរសេរថា អស់រយៈពេលពីរទសវត្សមកហើយ ប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់បាន ប្រថុយជីវិតរបស់ពួកគេដើម្បីធ្វើការជាមួយអ្នកជំនាញស៊ើបការណ៍សម្ងាត់មកពីអាមេរិកនិងបណ្តា ប្រទេសណាតូផ្សេងទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមអាល់កៃដា, ក្រុមជ្រុលនិយមរដ្ឋឥស្លាម និងក្រុម ភេរវករដទៃទៀត។
 
ដូចនេះ ការទុកចោលប្រជាជនអាហ្វហ្គានីស្ថានដែលបានគាំទ្រដល់ការស៊ើបការណ៍សម្ងាត់អាមេរិក នៅអាហ្វហ្គានីស្ថាន នឹងផ្ញើសារអវិជ្ជមានដល់សម្ព័ន្ធមិត្ត និងដៃគូអាមេរិកទាក់ទិនជំនឿចិត្ត និងភាពជឿជាក់។ សមាជិកព្រឹទ្ធសភាអាមេរិកទាំងពីរប្រាប់លោក បៃឌិន បែបនេះ៕
 

Tag:
 អាហ្វហ្កានីស្ថាន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com