ជាតិ
ពីនេះ ពីនោះ
ត្រូវសរសេរ«ស័ក្តិសម»និង«ស័ក្តិសិទ្ធិ» វិញទើបត្រឹមត្រូវ
18, Mar 2023 , 7:29 am        
រូបភាព
អ្នកដែលធ្លាប់តែសរសេរ «សាកសម»និង«សាកសិទ្ធិ» ត្រូវបែរមកសរសេរជា«ស័ក្តិសម»និង«ស័ក្តិសិទ្ធិ»វិញទើប ត្រឹមត្រូវទៅតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។

 
«ស័ក្តិសម» មានន័យថាសមដោយអំណាច។ ខ្មែរច្រើនប្រើពាក្យនេះ ដោយសំដៅលើភាពអ្វីមួយដែលសមសួន។ ចំណែកពាក្យ «ស័ក្តិសិទ្ធ» ការសម្រេចដោយអំណាច។ ជាគុណសព្ទ មានន័យថា ដែលមានអំណាច ឬដែលអាចសម្រេចប្រយោជន៍បាន,ដែលវិសេសវិសាល,ដែលពូកែឆុតឆាប់,ដែលខ្លាំងពូកែ។ អាចប្រើជាកិរិយាសព្ទ មានន័យថាធ្វើឲ្យឃើញជាក់ស្តែង ឲ្យឃើញប្រាកដ។ 
 
ដើម្បីជៀសវាងកុំឲ្យមានការប្រើពាក្យពេចន៍ខុស ពលរដ្ឋត្រូវកត់ចំណាំពាក្យ«សាក» និងពាក្យ«ស័ក្តិ»គឺ មានន័យខុសគ្នា ហើយការប្រើប្រាស់ក៏ខុសគ្នាដែរ។
 
«សាក»មានន័យថាចម្លងយកបែបឲ្យដូចភាពដើម។ សាកមើលឲ្យដឹងសិន។ «សាក»ក្នុងន័យមួយទៀត គឺសំដៅលើ ការបង្គប់មែក ឬដើមឈើ ដែលងាយដុះឫសឲ្យកប់ទៅក្នុងដី លុះដល់ឈើនោះដុះហើយ ក៏កាត់យកមកផ្សំា ឬដាំសម្រេចតែម្តង។ សាកមែកល្មុត។ «សាក»ក៏មានន័យម្យ៉ាងទៀតថា រាង,រូបរាងនៃមនុស្ស ឬសត្វ ដែលបានស្លាប់ទៅ។ 
 
ចំណែក«ស័ក្តិ» អាចសរសេរម្យ៉ាងទៀតថា«សក្តិ» ដែលមានន័យថា អំណាច, សេចក្ដីអង់អាច, សេចក្ដីក្លាហាន; កម្លាំង; ព្យាយាមរឹងប៉ឹង; ការខ្លាំងពូកែ; ការជំនាញ; សេចក្ដីធន់, ការប៉ិនធន់ទ្រាំ; លំពែង : អ្នកមានស័ក្ដិ, ស័ក្ដិតូច, ស័ក្ដិធំ, ស័ក្ដិស្មើគ្នា៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com