ជាតិ
JICA ជួយជំរុញផលិតកម្ម និងការប្រើគ្រាប់ពូជស្រូវនៅព្រៃវែង តាកែវ កំពង់ឆ្នាំង និងបាត់ដំបង
17, Jul 2021 , 7:59 am        
រូបភាព
ដោយ:
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ច សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) បានបង្កើតគម្រោង «ការជំរុញផលិតកម្ម និងប្រើប្រាស់គ្រាប់ពូជស្រូវ» ដើម្បីជំរុញកសិករឱ្យប្រើប្រាស់គ្រាប់ពូជស្រូវដែលមានគុណភាពល្អ និងពង្រីកសក្កានុពល ផលិតកម្មស្រូវ នៅកម្ពុជា។ ខេត្តចំនួន៤ ត្រូវបានជ្រើសរើស ជាគោលដៅ ក្នុងការអនុវត្តគម្រោងនេះ មានខេត្តព្រៃវេង ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។



 គម្រោងនេះ មានរយៈពេល ៥ឆ្នាំ ដោយចាប់អនុវត្តពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២។ លោករដ្ឋមន្រ្តីកសិកម្ម ជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគមន៍កសិកម្ម និងសមាគមកសិកម្ម រួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមនានា ទាក់ទងនឹងផលិតកម្មស្រូវ និងសហការអនុវត្តគោលនយោបាយនេះឱ្យបានប្រសើរ។


រូបភាពពីហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម 

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងបែបនេះ នៅលើគណនីយហ្វេសប៊ុកផ្ទាល់របស់លោក៖«ការអនុវត្តគម្រោងនេះ រួមចំណែកយ៉ាងសំខាន់ ក្នុងការកែលម្អ និងលើកកម្ពស់គុណភាពគ្រាប់ពូជស្រូវ ធានាបានប្រសិទ្ធិភាពផលិតកម្ម និងសេដ្ឋកិច្ច កាត់បន្ថយការនាំចូល»។
 
 
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆមាសទី១ ឆ្នាំ២០២១ កម្ពុជា បាននាំអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ សរុប ២៨០ ៤៥០តោន ថយចុះ ២៩,៤៧ភាគរយ។ រីឯ ការនាំចេញស្រូវ សរុប ១ ៦៩២ ៨១៣តោន កើនឡើង ៧២,១២ភាគរយ៕
 


លោក វេង សាខុន ចុះពិនិត្យស្ថានភាពដំណាំស្រូវរបស់កសិករ 

Tag:
 ស្រូវ
 JICA
© រក្សាសិទ្ធិដោយ thmeythmey.com