ជាតិ
បទល្មើសធនធានធម្មជាតិជាង៤០០០ករណី ត្រូវបានបង្ក្រាបនារយៈពេល៦ខែចុងក្រោយ
17, Jul 2021 , 8:59 am        
រូបភាព
ឆមាសទី១ ឆ្នាំ២០២១ អាជ្ញាធរបង្រ្កាប បទល្មើសធនធានធម្មជាតិចំនួន ៤.២៣៨ ក្នុងនោះមាន ៥១១ ករណីពិន័យអន្តរការណ៍ និង៥១៥ ករណីត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។ នេះបើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ដែលបង្ហាញថា ចំនួនបទល្មើសនេះ ប្រហែសប្រហែលគ្នា បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។

 
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ការពារធម្មជាតិលែងកើតមានទៀតហើយ តែនៅមានបទល្មើសទ្រុងទ្រាយតូចៗកើតមាននៅឡើយ។ «ករណីបទល្មើសភាគច្រើនទាក់ទងនឹងការទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋក្នុងតំបន់អភិរក្សដោយខុសច្បាប់ ការកាប់បំផ្លាញឈើ និងបរបាញ់សត្វ»។ នេះជាការបញ្ជាក់របស់ លោក នេត្រ ភក្រ្តា។ 
 
បើតាម លោក នេត្រ ភក្ត្រា ខេត្តដែលមានបទល្មើសច្រើនជាងគេ គឺខេត្ត កំពងធំ ព្រះវិហារ សៀមរាប ពោធិ៍សាត់ កោះកុង ស្ទឹងត្រែង និងខេត្តក្រចេះ។ ក្នុងការបង្រ្កាបនេះ មន្ត្រីឧទ្យានុរក្សបានរឹបអូសរណាយន្តបានចំនួន ២.៤៦២ គ្រឿង ដកហូតរថយន្តចំនួន ១៨២ គ្រឿង គោយន្តចំនួន ៣០៨ គ្រឿង ម៉ូតូចំនួន ៣៣៦ គ្រឿង ត្រាក់ទ័រចំនួន ២៤ គ្រឿង ឈើចំនួន ១.២៦០ម៉ែត្រគូប អន្ទាក់ចំនួន២៥.៥៩៦ និងកាំភ្លើងកែច្នៃចំនួន ៣៤៨ ដើម។
 
គួរជម្រាបថា នៅឆ្នាំ២០២០ បទល្មើសធនធានធម្មជាតិដែលត្រូវបានបង្ក្រាបមានចំនួន៨៩០០ករណី ក្នុងនោះ៦០៥ករណីបានបញ្ជូនទៅកាន់តុលាការ និងមាន៨០០ករណីត្រូវផាកពិន័យអន្តរការណ៍ ព្រមទាំងរឹបអូសបានសម្ភារៈធ្វើសកម្មភាពប្រព្រឹទ្ធបទល្មើសជាច្រើនទៀត៕ 
 
 
 

Tag:
 ក្រសួងបរិស្ថាន
  បទល្មើស
  ធនធានធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com