ជាតិ
ជិតពីឆ្នាំកន្លងមកនេះ ក្រសួងកសិកម្មដាំគ្រញូងបានជាង៤ពាន់នៅជាំក្សាន្ត ខេត្តព្រះវិហារ
17, Jul 2021 , 9:49 am        
រូបភាព
ការចែកកូនឈើក្រញូង ជូនពលរដ្ឋ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
ការចែកកូនឈើក្រញូង ជូនពលរដ្ឋ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
ដោយ:
 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបណ្តុះ និងចែកកូនឈើពូជគ្រញូង ជូនពលរដ្ឋ ក្នុងស្រុកជាំក្សាន្ត សម្រាប់ដាំ សរុប ៤៨ ៥៩០ដើម រួមទាំងកូនឈើហូបផ្លែ និងកូនឈើដទៃ ចំនួន ៣ ១២៦ដើម។ ទន្ទឹមនោះ គម្រោងក៏បានរៀបចំឱ្យមានការដាំកូនគ្រញូងឡើងវិញ ចំនួន ៤ ៣៥០ដើម ទូទាំងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីតាំងសម្បូរឈើគ្រញូងដុះជាងគេ។

 
លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម លើកឡើងថា គម្រោងនេះ បានជួយលើកកម្ពស់ ការពារធនធានពូជឈើ ដែលជិតផុតពូជនៅកម្ពុជា។ គម្រោងនេះ ក៏បានសិក្សាអំពីស្ថានភាពឈើប្រណិតប្រភេទឈើគ្រញូង និងឈើនាងនួន នៅខេត្តព្រះវិហារ និងលក្ខខណ្ឌអំណោយផលនានា ក្នុងការគាំទ្រដល់ការបង្កើន និងការចុះបញ្ជីចម្ការឈើដាំទាំងពីរប្រភេទនេះ ជាលក្ខណៈឯកជន ខ្នាតតូច។
 
ការប្រើប្រាស់គ្រឿងសង្ហារឹម គ្រឿងចម្លាក់ និងគ្រឿងលម្អ ដែលធ្វើពីឈើប្រណិតកាន់តែកើនឡើង ក្លាយជាក្ដីព្រួយបារម្ភ។ លោក វេង សាខុន បានរៀបរាប់ដូច្នេះ៖«ឈើគ្រញូង និងឈើនាងនួន ជាប្រភេទឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់ លើទីផ្សារ។ បច្ចុប្បន្ន ឈើប្រណិតមានតម្រូវការលើសលុប ធ្វើឲ្យឈើទាំងពីរប្រភេទ រងការបំផ្លាញ។ សកម្មភាពអាជីវកម្មខុសច្បាប់នេះ បាននិងកំពុងឈាន ទៅរកការវិនាសផុតពូជ ក្នុងដែនជម្រកព្រៃធម្មជាតិ»។
 


រូបភាពពីហ្វេសប៊ុកលោក វេង សាខុន

ក្នុងបញ្ជីក្រហម IUCN ឈើគ្រញូងត្រូវបានចាត់ទុកជាប្រភេទឈើ ងាយរងគ្រោះថ្នាក់ ដែលពិភពលោកកំពុងមានការព្រួយបារម្ភ។ ដូច្នេះ តាមរយៈគម្រោងនេះ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រំពឹងថា ជាផ្នែកមួយ ក្នុងការស្តារ និងរួមចំណែក ក្នុងការការពារធនធានពូជឈើគ្រញូង ដែលស្ទើរជិតផុតពូជ ឲ្យបានគង់វង្ស និងធ្វើឱ្យប្រភេទឈើប្រណិតនេះសម្បូរឡើងវិញ។
 
ឈើគ្រញូង និងឈើនាងនួន ច្រើនដុះនៅក្នុងតំបន់ព្រៃដីទំនាប ដែលមានរបបទឹកភ្លៀងប្រចាំឆ្នាំពី ១២០០-១៦៥០មីលីម៉ែត្រ និងមានសីតុណ្ហភាពទាបបំផុត ១០អង្សា។ ដោយឡែក ដើមគ្រញូង ជាប្រភេទឈើត្រូវការពន្លឺថ្ងៃ និងសំណើមមធ្យម ហើយវាមិនទាមទារលក្ខខណ្ឌដីល្អប៉ុន្មានទេ។ គ្រញូង ច្រើនដុះនៅលើដីឥដ្ឋ ល្បាយខ្សាច់ និងដី ដែលមានជីជាតិកំបោរ និងដុះលូតលាស់នៅក្នុងព្រៃល្បោះ និងព្រៃពាក់កណ្តាលស្រោង៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com