អន្តរជាតិ
វ៉ាក់សាំងកូវីដ-១៩ ជាង២,៦លានដូសរបស់អាមេរិក ទៅដល់ឡាវនិងហ្វីលីពីន
17, Jul 2021 , 3:39 pm        
រូបភាព
វ៉ាក់សាំងរបស់អាមេរិកទៅដល់ឡាវ។ រូបថតស្ថានទូតអាមេរិកប្រចាំទីក្រុងវៀងចន្ទន៍
វ៉ាក់សាំងរបស់អាមេរិកទៅដល់ឡាវ។ រូបថតស្ថានទូតអាមេរិកប្រចាំទីក្រុងវៀងចន្ទន៍
ឡាវ និងហ្វីលីពីន នៅថ្ងៃទី១៦ ខែកក្កដា បានទទួលវ៉ាក់សាំងសរុបជាង២,៦លានដូសរបស់ក្រុមហ៊ុន Johnson & Johnson ពីដែលជាវិភាគទានរបស់អាមេរិក។ វ៉ាក់សាំងនេះ ត្រូវបានបរិច្ចាគតាមយន្តការ COVAX ។

 
ក្នុងចំណោមវ៉ាក់សាំងចាក់មួយដូសរបស់ Johnson & Johnson ទាំង២,៦លានដូសរបស់អាមេរិក ឡាវ ទទួលបានវ៉ាក់សាំងចំនួន១លាន៨ពាន់ដូស ហើយហ្វីលីពីនទទួលបានជាង១,៦លានដូស។ ហ្វីលីពីន នឹងទទួលបានវ៉ាក់សាំង១,៦លានដូសទៀតពីអាមេរិកនៅប៉ុន្មានថ្ងៃខាងមុខ។
 
វ៉ាក់សាំងទាំងនេះ ស្ថិតក្រោមគម្រោងចែកចាយចំនួន៨០លានដូសដែលប្រធានាធិបតី ចូ បៃឌិន ប្រកាសកាលពីខែឧសភាកន្លងទៅ។ លោក បៃឌិន ក៏ប្រកាសផែនការទិញវ៉ាក់សាំង៥០០លានដូសទៀតសម្រាប់ផ្ដល់ឱ្យប្រទេសក្រីក្រផងដែរ។
 
សម្រាប់ឡាវ វ៉ាក់សាំងជាង១លានដូសនេះ នឹងប្រើប្រាស់សម្រាប់ប្រជាជនជាងមួយលាននាក់ ដែលស្មើនឹង១៤ភាគរយនៃប្រជាជនសរុប។ សារព័ត៌មាន Laotian Times រាយការណ៍ថា ឡាវ នឹងយកវ៉ាក់សាំងរបស់ Johnson & Johnson ចាក់ឱ្យប្រជាជនមានអាយុលើស៦០ឆ្នាំ អ្នកមានជំងឺប្រចាំកាយ និងបុគ្គលិកសុខាភិបាលទូទាំងប្រទេស។ ឡាវ គ្រោងចាក់វ៉ាក់សាំងលើប្រជាជនឱ្យបាន៥០ភាគរយនៅត្រឹមដំណាច់ឆ្នាំ២០២១នេះ។
 
ស្ថានភាពជំងឺកូវីដ-១៩ នៅឡាវ ហាក់ប្រសើរជាងប្រទេសជិតខាងរបស់ខ្លួន ក៏ដូចជាក្នុងតំបន់អាស៊ីគ្នេយ៍ផងដែរ។ គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឡាវមានករណីឆ្លងសរុបជាង៣ពាន់នាក់ និងស្លាប់៤នាក់។ មួយរយៈចុងក្រោយ ករណីឆ្លងហាក់ឡើងខ្លាំង ដោយសារពលករឡាវដែលធ្វើការនៅថៃសម្រុកចូលស្រុកវិញ។ ចំណែកហ្វីលីពីន ជាប្រទេសរងគ្រោះខ្លាំងមួយនៅក្នុងតំបន់។ ករណីឆ្លងនៅប្រទេសនេះមានជិត១លាន៥សែនករណីទៅហើយ និងមានអ្នកស្លាប់ជាង២ម៉ឺន៦ពាន់នាក់។  
 
កន្លងទៅ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងវៀតណាម ទទួលបានជំនួយវ៉ាក់សាំងពីអាមេរិករួចទៅហើយ។ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀតដែលនឹងបានវ៉ាក់សាំងពីអាមេរិកមានកម្ពុជា ថៃ និងប៉ាពួអាស៊ីនូវែលហ្គីណេ៕
 
  
 

Tag:
 អាមេរិក
  ឡាវ
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com