និយ័តករមូលបត្រកម្ពុជា បង្គាប់ឱ្យក្រុមហ៊ុន GFX ដោះស្រោយជាមួយអ្នកដាក់ប្រាក់វិនិយោគជាបន្ទាន់
ជាតិ
សេដ្ឋកិច្ច
និយ័តករមូលបត្រកម្ពុជា បង្គាប់ឱ្យក្រុមហ៊ុន GFX ដោះស្រោយជាមួយអ្នកដាក់ប្រាក់វិនិយោគជាបន្ទាន់
17, Jul 2021 , 5:59 pm        
រូបភាព
លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។ រូបថត៖ SERC
លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។ រូបថត៖ SERC
ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា បានបង្គាប់ឱ្យក្រុមហ៊ុន GoldFX Investment (GFX) ចូលខ្លួនដោះស្រោយបន្ទាន់ជាមួយវិនិយោគិននិងអតិថិជន  ដែលជាអ្នកដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន GFX នេះ។ សេចក្តីបង្គាប់នេះ ធ្វើឡើងបន្ទាប់ពីនិយ័តករមូលបត្រកម្ពុជា  ទទួលបានជិត៨០០បណ្តឹងពីវិនិយោគិនឬអតិថិជន ដែលប្តឹងក្រុមហ៊ុន GFX។ 

 
មកដល់ថ្ងៃទី១៦កក្កដា ឆ្នាំ២០២១ និយ័តករមូលបត្រកម្ពុជា ទទួលបានពាក្យបណ្តឹងរហូតជិត៨០០បណ្តឹង ដែលប្តឹងទៅក្រុមហ៊ុន GFX ដើម្បីទាមទារប្រាក់ដើមមកវិញ ក្រោយពីក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណធ្វើអាជីវកម្មជាឈ្មួញជើងសាឧបករណ៍និស្សន្ទពីនិយ័តករមូលបត្រកម្ពុជានេះ ធ្វើឱ្យបាត់ប្រាក់វិនិយោគរបស់អតិថិជនប្រមាណ៣០លានដុល្លារ។ 
 
បច្ចុប្បន្ន និយ័តករមូលបត្រកម្ពុជា កំពុងបន្តនីតិវិធីច្បាប់លើសំណុំរឿងនេះជាមួយតុលាការ ដោយស្នើសុំឱ្យមានការស៊ើបអង្កេតបន្ថែមលើប្រតិបត្តិការសង្ស័យរបស់ក្រុមហ៊ុនGFXនេះ។ និយ័តករមូលបត្រកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានខ្លួនកាលពីថ្ងៃទី១៦កក្កដា ថា៖ «ពាក្យបណ្តឹងទាំងអស់ដែលប្តឹងក្រុមហ៊ុនGFX ដែលនិយ័តករមូលបត្រកម្ពុជាទទួលបាននោះ គឺបានបញ្ជូនទៅតុលាការ ជាមួយនឹងសំណុំរឿងព្រហ្មទណ្ឌដែលមានការពាក់ព័ន្ធគ្នានេះ ហើយកំពុងស្ថិតក្រោមចំណាត់ការរបស់ស្ថាប័នអយ្យការ ដើម្បីពន្លឿនការដោះស្រាយជូនទៅម្ចាស់បណ្តឹងទាំងអស់ឱ្យស្របតាមនីតិវិធីច្បាប់ជាធរមាន»។ 
 



បើតាមតំណាងវិនិយោគិននៃក្រុមហ៊ុនGFX ពួកគេបានដាក់ញាត្តិជាថ្មីទៀត ដើម្បីបដិសេធនឹងដំណោះស្រាយរបស់គណៈកម្មការដោះស្រាយវិវាទរបស់ក្រុមហ៊ុននេះ ដែលទូទាត់ប្រាក់មកកាន់អតិថិជនវិញតែ៣០ភាគរយនៃប្រាក់ដើម ប៉ុណ្ណោះ។  អតិថិជន ឬវិនិយោគិន ដែលជាជនរងគ្រោះ នៅរក្សាជំហរក្នុងការទាមទារប្រាក់ដើម១០០ភាគរយមកវិញ ដើម្បីយកមកផ្គត់ផ្គង់ជីវភាព និងទូទាត់សងធនាគារ។
 
គិតចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុនGFX បានណាត់ជួបអតិថិជនជាង៣០ភាគរយ នៃអតិថិជនប្រមាណ៣ពាន់នាក់ ដោយនៅក្នុងនោះអ្នកដែលបានយល់ព្រមទទួលដំណោះស្រាយរួមរវាងក្រុមហ៊ុននិងអតិថិជនក៏មានចំនួនច្រើនហើយដែរ។ បើតាមមេធាវីរបស់ក្រុមហ៊ុន GFX៕ 
 

Tag:
 និយ័តករមូលបត្រកម្ពុជា
  GFX
© រក្សាសិទ្ធិដោយ thmeythmey.com