កីឡាអន្តរជាតិ
អន្តរជាតិ
រកឃើញករណីឆ្លងទីមួយក្នុងភូមិកីឡាអូឡាំពិកតូក្យូ មួយសប្ដាហ៍មុនបើកព្រឹត្តិការណ៍
17, Jul 2021 , 7:40 pm        
រូបភាព
ប៉ូលិសជប៉ុនដើរត្រួតពិនិត្យនៅភូមិកីឡាអូឡាំពិកក្រុងតូក្យូ។ រូបថត AFP
ប៉ូលិសជប៉ុនដើរត្រួតពិនិត្យនៅភូមិកីឡាអូឡាំពិកក្រុងតូក្យូ។ រូបថត AFP
អាជ្ញាធរជប៉ុន នៅថ្ងៃទី១៧ ខែកក្កដា រកឃើញករណីជំងឺកូវីដ-១៩ ទីមួយក្នុងកន្លែងស្នាក់នៅរបស់កីឡាករចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ ដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ។ យ៉ាងណាមិញ អ្នករៀបចំព្រឹត្តិការណ៍ ក៏បានផ្ដល់ការធានាដល់អត្តពលិកទាំងអស់ផងដែរ។

 
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅក្រុងតូក្យូ នឹងចាប់ផ្ដើមពីថ្ងៃទី២៣ ខែកក្កដា សប្ដាហ៍ក្រោយទៅក្រោយពន្យារពេលជាងមួយឆ្នាំមកដោយសារជំងឺកូវីដ-១៩ ។ អត្តពលិករាប់ពាន់នាក់មកពីជុំវិញពិភពលោក បានធ្វើដំណើរទៅដល់ទឹកដីជប៉ុនជាបន្តបន្ទាប់ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំដែលរៀបចំឡើងរៀងរាល់បួនឆ្នាំម្ដង។
 
ប៉ុន្តែមួយសប្ដាហ៍មុនកម្មវិធីចាប់ផ្ដើម អ្នករៀបចំបែរជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ ក្នុងភូមិកីឡា ដែលធ្វើឱ្យអត្តពលិកនាំគ្នាព្រួយបារម្ភពីការផ្ទុះករណីឆ្លងទ្រង់ទ្រាយធំណាមួយ។ លោក Masa Takaya អ្នកនាំពាក្យអ្នករៀបចំព្រឹត្តិការណ៍និយាយក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ ខែកក្កដា ថា ករណីដំបូងកក្នុងភូមិកីឡា ត្រូវបានរកឃើញអំឡុងការត្រួតពិនិត្យប្រចាំថ្ងៃ។ លោកមិនផ្ដល់ព័ត៌មានលម្អិតឡើយ តែប្រព័ន្ធផ្សព្វផ្សាយជប៉ុនរាយការណ៍ថា ជាអ្នកមកពីបរទេស។
 
ទាក់ទងរឿងនេះ ប្រធានព្រឹត្តិការណ៍អូឡាំពិកតូក្យូ លោកស្រី Seiko Hashimoto និយាយដែរថា លោកស្រីយល់ពីការបារម្ភរបស់អត្តពលិកទាំងអស់ ដែលកំពុងប្រឈមមុខសម្ពាធច្រើនដូចជាការធ្វើតេស្តរាល់ថ្ងៃ និងសម្ពាធនៃការប្រកួតផង។ លោកស្រីសង្កត់ធ្ងន់ថា៖ «យើងនឹងធ្វើគ្រប់យ៉ាងដើម្បីបង្ការការផ្ទុះទ្រង់ទ្រាយធំ។ ប្រសិនបើនៅតែផ្ទុះ យើងមានផែនការឆ្លើយតប។»
 
ចំណែកនាយករដ្ឋមន្រ្តី ស៊ូហ្កា យូស៊ីហ៊ីដេ វិញ បង្ហាញសុទិដ្ឋិនិយមថា ព្រឹត្តការណ៍លើកនេះនឹងមកការរីករាយ ទោះត្រូវធ្វើដោយគ្មានទស្សនិកជនក្ដី។ លោក ស៊ូហ្កា ប្រាប់ទូរទស្សន៍ Nippon TV ថា ទោះគ្មានអ្នកមើល លោកនៅតែជឿថា វាជារឿងសំខាន់ក្នុងការបង្កើតការសប្បាយសម្រាប់ប្រជាជននៅជប៉ុន និងលើពិភពលោក៕ 
 
 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com