ជាតិ
ហ្វូងខ្ទីង ត្រូវបានថតដោយម៉ាស៊ីនថតរូបស្វ័យប្រវតិ្តនៅដែនជម្រកសត្វព្រៃកម្ពុជា
17, Jul 2021 , 10:19 pm        
រូបភាព
ភ្នំពេញ៖ ហ្វូងសត្វខ្ទីង ដែលមានទាំងសត្វខ្ទីងធំ និងសត្វខ្ទីងតូចជាច្រើន ត្រូវបានថតដោយម៉ាស៊ីនថតរូបស្វ័យប្រវតិ្តនៅដែនជម្រកសត្វព្រៃកម្ពុជា។ នេះបើតាមក្រសួងបរិស្ថាននៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១។



សត្វខ្ទីង ត្រូវបានគេកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះ និងជិតផុតពូជនៅលើពិភពលោក។ លោក នេត្រ ភក្ត្រា អ្នកនាំពាំក្យក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វខ្ទីងនៅកម្ពុជា មានការធ្លាក់ចុះប្រមាណជាង ៥០ភាគរយនៅក្នុងអំឡុង ពេលចន្លោះពីឆ្នាំ ១៩៦០ មកដល់ដើមឆ្នាំ ១៩៩០។ ចំនួននេះត្រូវបានរកឃើញថា មានការធ្លាក់ចុះបន្ថែមទៀតរហូតមកដល់ពេលនេះ។ យ៉ាងណាមិញ គេនៅតែប្រទះឃើញវត្តមានសត្វខ្ទីងមាននៅស្ទើរគ្រប់តំបន់ការពារធម្មជាតិនានា។
 
លោក នេត្រ ភក្រ្តា បញ្ជាក់ថា៖ «មិនមានទិន្នន័យច្បាស់នៅឡើយទេថា កម្ពុជានៅសល់សត្វខ្ទីងចំនួនប៉ុន្មាន។ សត្វខ្ទីងនៅតែបន្តមានវត្តមានក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា និងបានបន្តពូជបង្កើតកូនតូចៗជាច្រើនផងដែរ។ វាជាផ្នែកមួយនៃការរក្សាបានប្រភេទពូជសត្វដ៏កម្ររបស់ពិភពលោកនៅកម្ពុជា និងការថែរក្សាបាននូវទីជម្រក ប្រកបដោយសុវត្ថិភាពសម្រាប់ពួកគេរស់នៅ»។
 
បើតាមក្រសួងបរិស្ថាន តំបន់ដែនជម្រកសត្វព្រៃក្នុងខេត្តមណ្ឌលគិរី ជាតំបន់ដែលមានសត្វខ្ទីងរស់នៅច្រើននៅ អំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៩០ ចន្លោះពីជាង ៥០០ ទៅជាង ១០០០ក្បាល  ប៉ុន្តែចំនួននេះបានថយចុះនៅពេលបច្ចុប្បន្ន។
 
ចំនួនសត្វខ្ទីងនៅលើពិភពលោកត្រូវបានគេប៉ាន់ស្មានថា មានចន្លោះពី ១៥ ០០០ ទៅ ៣៥ ០០០ ក្បាល។ បើយោងតាមទិន្នន័យទីវាល ចំនួនសត្វខ្ទីងពេញវ័យអាចមានចន្លោះពី ៦ ០០០ ទៅ ២១ ០០០ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ខ្ទីងកំពុងមានវត្តមានរស់នៅក្នុងប្រទេសប៊ូតង់ កម្ពុជា ចិន ឥណ្ឌា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ថៃ និងវៀតណាម។ ប៉ុន្តែខ្ទីង បានផុតពូជនៅក្នុងប្រទេសស្រីលង្កា និងប្រទេសបង់ក្លាដេស។
 
សត្វខ្ទីង ជាប្រភេទសត្វរស់នៅតាមតំបន់ទំនាប។ វាអាចរស់នៅទីខ្ពស់ជាង ២ ០០០ម៉ែត្រផងដែរ។  ខ្ទីងរស់នៅក្នុងតំបន់មួយចំនួនដូចជា តំបន់ទេសភាពខ្ពង់រាបខាងកើត និងតំបន់ជួរភ្នំក្រវ៉ាញជាដើម។ សត្វខ្ទីង ចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ។ វាតែងតែចេញរកស៊ីនៅពេលព្រឹក និងពេលល្ងាច។
 
ប្រភេទសត្វនេះ ចូលចិត្តរស់នៅជាហ្វូង ហើយអាហាររបស់វា គឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ សត្វខ្ទីងញីអាចបង្កើតកូនបាន១ បន្ទាប់ពីពពោះរយៈពេល ៩ខែ។ សត្វខ្ទីងញីពេញវ័យ អាចមានទម្ងន់រហូតដល់ជិត ១ តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់ ១.៥ តោន៕
 
 


រូបភាពហ្វូង សត្វខ្ទីង ថតដោយមាស៊ីនថតរូបស្វ័យប្រវត្តិ។ រូបភាពីក្រសួងបរិស្ថាន

រូបភាពហ្វូង សត្វខ្ទីង ថតដោយមាស៊ីនថតរូបស្វ័យប្រវត្តិ។ រូបភាពីក្រសួងបរិស្ថាន

 រូបភាពហ្វូង សត្វខ្ទីង ថតដោយមាស៊ីនថតរូបស្វ័យប្រវត្តិ។ រូបភាពីក្រសួងបរិស្ថាន
 
 
 

Tag:
 ថ្មីៗ២៥
  ក្រសួងបរិស្ថាន
  សត្វខ្ទីង
  ដែនជម្រកសត្វព្រៃកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com