ជាតិ
សេដ្ឋកិច្ច
កង្វះបច្ចេកទេសដាំដុះមន និងចិញ្ចឹមដង្កូវនាង រារាំងដល់ការអភិវឌ្ឍសិប្បកម្មសូត្រនៅកម្ពុជា
18, Jul 2021 , 7:59 am        
រូបភាព
ផលិតផលដែលធ្វើពីសូត្រខ្មែរ
ផលិតផលដែលធ្វើពីសូត្រខ្មែរ
ដោយ:
ភ្នំពេញ៖ នៅកម្ពុជា ការដាំដុះដំណាំមននៅមានកម្រិតនៅឡើយ។បច្ចេកទេសចិញ្ចឹមដង្កូវនាងនៅខ្សោយ គួបផ្សំនឹងកង្វះពូជដង្កូវនាងដែលមានគុណភាពល្អនិងផ្តល់ទិន្នផលសូត្រខ្ពស់ បានក្លាយជាឧបសគ្គចម្បង ដែលរារាំងដល់ការអភិវឌ្ឍសិប្បកម្មសូត្រ។



ដ្បិតមនជាដំណាំងាយដាំ ប៉ុន្តែនាបច្ចុប្បន្ន ដំណាំនេះ មានការដាំដុះតិចតួចប៉ុណ្ណោះដែលមាននៅខេត្តមួយចំនួន ដូចជាខេត្តតាកែវ សៀមរាប បន្ទាយមានជ័យ កំពង់ស្ពឺ កំពង់ឆ្នាំង
បាត់ដំបង កណ្តាល កំពត និងមណ្ឌលគីរី។
 
នៅឆ្នាំ១៩៩០ ផលិតកម្មដំណាំមន បានចាប់ផ្ដើមឡើងវិញនៅកម្ពុជា។ តែរហូតមកដល់សព្វថ្ងៃ ការដាំដុះដំណាំមន នៅតែមិនទាន់ឆ្លើយតបនឹងតម្រូវការនៅឡើយ ដោយសារការយល់ដឹងពីអត្ថប្រយោជន៍ដំណាំមននៅមានកម្រិត និងបញ្ហាខ្វះបច្ចេកទេសដាំដុះ រួមទាំងសន្ទុះនៃការគាំទ្រធ្លាក់ចុះ បានធ្វើឱ្យកសិករមិនសូវចាប់អារម្មណ៍ដាំដំណាំមន។


កន្លែងចិញ្ចឹមដង្កូវនាង (រូបភាពពីហ្វេសប៊ុកលោក វេង សាខុន) 

ដើម្បីអភិរក្សនិងជំរុញវិស័យតម្បាញសូត្រខ្មែរ ឱ្យរីកចម្រើន នៅឆ្នាំ២០២០ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានផ្ដល់ពូជមនដល់កសិករ ។ មិនតែប៉ុណ្ណោះ ក្រសួងកសិកម្មក៏បានបណ្តុះបណ្តាលបច្ចេកទេសដាំដុះ ការចិញ្ចឹមដង្កូវនាង និងដំណើរការផលិតសូត្រក្នុងខេត្តកំពត តាកែវ សៀមរាប បន្ទាយមានជ័យ និងកំពង់ឆ្នាំងផងដែរ។ ទោះជាយ៉ាងណាផលិតកម្មសូត្រខ្មែរ នៅមិនទាន់អាចឆ្លើយតបនឹងតម្រូវការនៅឡើយ។
 
លោក វេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម លើកឡើងថា វិស័យសូត្រខ្មែរ នៅមានកម្រិត ព្រោះផលិតកម្មសូត្រខ្មែររបស់ពលរដ្ឋ នាពេលបច្ចុប្បន្នមិនទាន់មានការច្នៃប្រឌិត
និងធ្វើតាមបែបប្រពៃណីនៅឡើយ។ រដ្ឋមន្រ្តីក្រសួងកសិកម្មនិយាយបែបនេះ លើគណនីហ្វេសប៊ុករបស់លោក៖«ការអភិវឌ្ឍផលិតកម្មដំណាំមននៅមានកម្រិតព្រោះការដាំមន ការចិញ្ចឹដង្កូនាង ការផលិតសរសៃសូត្រ និងការត្បាញតាមរបៀបប្រពៃណីមិនទាន់មានការផ្លាស់ប្តូរ។ អាចនិយាយថា ពួកគាត់នៅខ្វះបច្ចេកទេសដាំ ការជ្រើសពូជខ្វះពូជដង្កូវនាង ដែលផ្តល់ទិន្នផលសូត្រខ្ពស់»។
 
ទាក់ទងបញ្ហានេះ អ្នកស្រី នឹម ម៉ារិន អតីតអ្នកជំនាញបណ្ដុះបណ្ដាលវិស័យសូត្រខ្មែរ នៅមជ្ឈមណ្ឌលជាតិ ក្នុងខេត្តសៀមរាប និងជាអ្នកដាំដំណាំមន កំពុងមានការព្រួយបារម្ភ ពីការថយចុះនៃវិស័យសូត្រខ្មែរ។ បើតាមអ្នកស្រី ម៉ារិន បច្ចុប្បន្ននេះ អ្នកដាំដំណាំមនកាន់តែថយចុះ និងមិនសូវយល់ពីអត្ថប្រយោជន៍របស់វា។ អ្នកស្រី ម៉ារិន មានបទពិសោធជាង ២០ឆ្នាំ ក្នុងវិស័យសូត្រខ្មែរ ប៉ុន្តែវិបត្តិកូវីដ-១៩ ធ្វើឱ្យអ្នកស្រី ផ្អាកការបង្រៀនតម្បាញសូត្រដែលជាមុខរបរទីស្រលាញ់របស់ខ្លួន។
 



ស្រ្តីវ័យ ៤៥ឆ្នាំរូបនេះបានរៀបរាប់បែបនេះ៖«ខ្ញុំពិតជាមានការព្រួយបារម្ភ ចំពោះវិស័យសូត្រខ្មែរ ព្រោះឥឡូវនេះមិនសូវមានអ្នកដាំមននោះទេ ពួកគាត់មិនសូវយល់ច្បាស់ពីអត្ថប្រយោជន៍ដើមមន។ សព្វថ្ងៃខ្ញុំព្យាយាមដាំដើមមនបានជាង ១០០ដើម។ ហើយខ្ញុំក៏នៅចិញ្ចឹមដង្កូវនាងខ្លះដែរ»។ដំណាំមនមិនត្រឹមមានអត្ថប្រយោជន៍សម្រាប់ផលិតសូត្រនោះទេ តែក៏អាចយកច្នៃជាគ្រឿងសម្អាងផងដែរ។
 
ស្ត្រីរូបនេះ រំពឹងថា ក្រោយស្ថានភាពកូវីដ-១៩ ធូរស្បើយ អ្នកស្រីនឹងអាចចាប់ផ្ដើមអាជីពមួយនេះបន្តទៀត និងចែករំលែកនូវចំណេះដឹងបទពិសោធទាក់ទងនឹងវិស័យសូត្រខ្មែរ ដល់អ្នកដែលចង់ស្វែងយល់ពីវិស័យសូត្រខ្មែរដើម្បីចូលរួមអភិរក្ស មុខរបរតម្បាញសូត្រខ្មែរ ទៅថ្ងៃអនាគត។
 
ដំណាំមន មិនពិបាកដាំហើយក៏មិនរើសប្រភេទដីដែរ វាទាមទារការមើលថែឱ្យបានដិតដល់ ក្នុងរយៈពេល៣ខែដំបូងប៉ុណ្ណោះ។ ជាទូទៅ គេដាំដំណាំមន ដើម្បីយកស្លឹក ធ្វើជាចំណីរបស់ដង្កូវនាង។ បន្ទាប់មកដង្កូវនាងនឹងបង្កើតបានជាសម្បុក ហើយសម្បុកនោះ ត្រូវបានគេយកទៅផលិតចេញជាសរសៃសូត្រសម្រាប់ត្បាញចេញជាហូល ផាមួង ក្រមា សម្លៀកបំពាក់ឬគេអាចយកច្នៃជាគ្រឿងសម្អាងសម្រាប់ស្ត្រីផងដែរ៕
 
 


លោកស្រី នឹម ម៉ារិន 
 
 

Tag:
 មន
 ដង្កូវនាង
 សូត្រ
 តម្បាញសូត្រ
© រក្សាសិទ្ធិដោយ thmeythmey.com