ជាតិ
និស្សិតកសិកម្ម ជិត១៣០០នាក់ បានទៅហាត់ការនៅអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ២០០៨មក
18, Jul 2021 , 9:39 am        
រូបភាព
សកម្មភាពអតីតនិស្សិតកសិកម្ម ហាត់ការនៅប្រទេសអ៊ីស្រាអែល អំឡុងឆ្នាំ២០១៤ (រូបភាពផ្ដល់ដោយ លោក ជឿក គឹមយ៉ាង)
សកម្មភាពអតីតនិស្សិតកសិកម្ម ហាត់ការនៅប្រទេសអ៊ីស្រាអែល អំឡុងឆ្នាំ២០១៤ (រូបភាពផ្ដល់ដោយ លោក ជឿក គឹមយ៉ាង)
ដោយ:
ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ២០០៨មក  សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបញ្ជូននិស្សិតទៅហាត់ការ និងធ្វើការ នៅប្រទេសអ៊ីស្រាអែលជាលើកដំបូង បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន Agrostudies ។


គិតមកដល់ពេលនេះ គឺមានរយៈពេល១៣ហើយ និងមាននិស្សិតកសិកម្មចំនួន ១ ២៧១នាក់បានទៅហាត់ការ  និងធ្វើការ នៅអ៊ីស្រាអែល។ នេះបើតាមរបាយការណ៍របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងត្រូវបានផ្សព្វផ្សាយដោយ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
 
អ៊ីស្រាអែលជាប្រទេសជឿនលឿនមួយ ផ្នែកវិស័យកសិកម្ម។ ក្រោយនិស្សិតបញ្ចប់ការហាត់ការរយៈពេល ១១ខែ នៅទីនោះ ពួកគេនឹងទទួលបានចំណេះដឹង និងបទពិសោធជាច្រើនទាក់ទងវិស័យកសិកម្ម។ ក្រៅពីបណ្ដុះបណ្ដាល ផ្នែកវិស័យកសិកម្ម និស្សិតកសិកម្ម ដែលហាត់ការ មានឱកាស ចុះអនុវត្តការងារផ្ទាល់ ក្នុងកសិដ្ឋានផងដែរ។
 
តាមរបាយការណ៍ដដែល ពីមួយឆ្នាំទៅមួយឆ្នាំ មាននិស្សិកម្ពុជា កាន់តែច្រើនឡើង ត្រូវបានបញ្ជូនទៅហាត់ការនៅអ៊ីស្រាអែល។ នៅឆ្នាំទី១៤នេះ សាកលវិទ្យាល័យភូមិន្ទកសិកម្ម គ្រោងបញ្ជូននិស្សិតទៅហាត់ការ ចំនួន២០០នាក់បន្ថែមទៀត នៅខែកញ្ញា និងខែតុលា ខាងមុខនេះ។
 
សាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាទីបណ្ដុះបណ្ដាលជំនាញកសិកម្មដំបូងគេនៅកម្ពុជា។ គិតត្រឹមឆ្នាំ២០២០ មាននិស្សិតជាង ១ម៉ឺននាក់ បានបញ្ចប់ការសិក្សា ហើយភាគច្រើនពួកគេ បានចូលបម្រើការងារ ក្នុងស្ថាប័នរាជរដ្ឋាភិបាល ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងប្រកបអាជីវកម្មផ្ទាល់ខ្លួន៕
 
 

Tag:
 និស្សិតកសិកម្ម
 ភូមិន្ទកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com