UNDP៖ កម្ពុជាបាត់រំហូរសាច់ប្រាក់ជិត៤ពាន់លានដុល្លារ ដោយសារកូវីដ-១៩
ជាតិ
សេដ្ឋកិច្ច
UNDP៖ កម្ពុជាបាត់រំហូរសាច់ប្រាក់ជិត៤ពាន់លានដុល្លារ ដោយសារកូវីដ-១៩
18, Jul 2021 , 1:59 pm        
រូបភាព
ភ្នំពេញ៖ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យកម្ពុជាខាតបង់រំហូរហិរញ្ញប្បទានប្រមាណ៣,៦ ពាន់លានដុល្លារ ដែលស្មើនឹង១៩,៨ភាគរយនៃរំហូរហិរញ្ញវត្ថុសរុបសម្រាប់ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ(UNDP) ប្រចាំកម្ពុជា ដោយបានបញ្ជាក់ថា ប្រភពហិរញ្ញប្បទានដែលកម្ពុជាខាតបង់ខ្លាំងជាងគេ មានចំណូលនៅក្នុងស្រុក, ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) និងការវិនិយោគក្នុងស្រុកពីប្រភពឯកជន។

 
របាយការណ៍សិក្សាថ្មីមួយរបស់UNDP ដែលមានចំណងជើងថា«ការវាយតម្លៃលើធនធានហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍនៅកម្ពុជា (DFA)» បានចេញផ្សាយកាលពីថ្ងៃទី១៦កក្កដា ឆ្នាំ២០២១ ថា ចំណូលក្នុងស្រុកកាន់តែក្លាយជាប្រភពហិរញ្ញប្បទានសំខាន់បំផុតសម្រាប់ការអភិវឌ្ឍនៅកម្ពុជា ដែលស្មើនឹង ១៩ភាគរយនៃផលិតផលក្នុងស្រុកសរុប នៅក្នុងឆ្នាំ២០២០ ដោយប្រភពហិរញ្ញប្បទាន នឹងកើនរហូតដល់២២,៥ភាគរយនៅត្រឹមឆ្នាំ២០២៥។ 
 
របាយការណ៍របស់UNDPជាភាសាអង់គ្លេសដែលកម្រាស់ជាង៥០ទំព័រនោះ បានបង្ហាញថា រំហូរជំនួយអភិវឌ្ឍផ្លូវការដែលកម្ពុជាទទួលបាន គឺនៅមានកម្រិតគួរកត់សម្គាល់នៅឡើយដែល ស្មើនឹងប្រមាណ៧,៩ភាគរយនៃផលិតផលក្នុងស្រុកសរុប ខណៈផ្នែកខ្លះនៃហិរញ្ញប្បទាន ត្រូវបានបង្វែរទៅជាកម្ចីវិញ។
 
UNDP បានសរសេររវៀបរាប់នៅក្នុងរបាយការណ៍របស់ខ្លួនដូច្នេះ៖« ជំងឺកូវីដ-១៩ នាំឱ្យ[កម្ពុជា]មានការខាតបង់រំហូរហិរញ្ញប្បទានសរុបប្រមាណ ៣,៦ពាន់លានដុល្លារ ដែលស្មើនឹង ១៩,៨ភាគរយ នៃរំហូរហិរញ្ញវត្ថុសរុបសម្រាប់ឆ្នាំ២០២០»។ 
 
បើតាមរបាយការណ៍ដដែលរបស់UNDP ប្រភពហិរញ្ញប្បទានរបស់កម្ពុជាដែលរងផលប៉ះពាល់ខ្លាំងជាងគេក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ មានប្រភពចំណូលក្នុងស្រុកដែលធ្លាក់ចុះ២៣,៦ភាគរយ។ ប្រភពចំណូលនេះ គឺធ្លាក់ចុះដោយសារការកាត់បន្ថយប្រាក់ចំណូលពន្ធលើសេដ្ឋកិច្ចធុន-តូច។  ការធ្លាក់ចុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស ប្រមាណជាង៣០ភាគរយ ដោយសារផលប៉ះពាល់នៃខ្សែច្រវ៉ាក់ផលិតផលកម្មជាសកល ព្រមទាំងការខាតបង់ពីការវិនិយោគក្នុងស្រុកទៅលើវិស័យសំណង់និងទេសចរណ៍ផងដែរ។  ការខាតបង់ពីការវិនិយោគក្នុងស្រុកទៅលើវិស័យសំណង់និងទេសចរណ៍របស់កម្ពុជានេះ គឺអាចធ្លាក់ចុះនៅក្នុងរង្វង់៤០០លានដុល្លារ។
 
លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជា បានឱ្យដឹងថា នេះជាលើកទីមួយហើយដែលមានការបង្កើតជាម៉ូដែល ដើម្បីបង្ហាញឱ្យឃើញពីរូបភាពពេញលេញនៃរំហូរចូលហិរញ្ញវត្ថុ ដែលគេរំពឹងថានឹងទទួលបានពីគ្រប់ប្រភពទាំងអស់សម្រាប់កម្ពុជា ជាមួយនឹងភាពជាក់លាក់បែបនេះ។ «នៅពេលដែលយើងអាចសម្រួលការរឹតត្បិត ដោយសារជំងឺកូវីដ-១៩ គេរំពឹងថា រំហូរធនធានហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ នឹងមានកំណើនខ្ពស់»។ លោក Nick Beresford បានបញ្ជាក់ថា  ក្នុងចំណោមរំហូរទាំងនេះ ប្រភពហិរញ្ញប្បទានពីក្នុងស្រុក កាន់តែមានសារៈសំខាន់ខ្លាំងឡើងៗ។
 
នាយកUNDP ប្រចាំកម្ពុជារូបនេះ បានបន្តលើកឡើងថា៖« កម្ពុជា អាចងើបចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅចុងទសវត្សរ៍២០២០។ ពេលនេះហើយ ជាពេលវេលាដែលត្រូវត្រៀមប្រភពហិរញ្ញប្បទានថ្មីៗ ដូចដែលបង្ហាញយ៉ាងច្បាស់នៅក្នុងរបាយការណ៍នេះ។ ឧទាហរណ៍ ការមានលទ្ធភាពចេញសញ្ញាប័ណ្ណជាប្រាក់រៀល គឺជាជម្រើសមួយដែលកំពុងត្រូវបានយកមកធ្វើការពិចារណា ហើយក៏ជាជម្រើសដែលទទួលបានការគាំទ្រខ្លាំងក្លាពី UNDP ផងដែរ»។
 
សម្រាប់រដ្ឋាភិបាលកម្ពុជាផ្ទាល់ គឺមានគម្រោងផ្សព្វផ្សាយផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ដែលនឹងប្រើប្រាស់ហិរញ្ញប្បទានពីថវិកាជាតិ និងពិចារណាកៀរគរប្រភពហិរញ្ញប្បទានផ្សេងទៀតផងដែរ។ នេះជាប្រសាសន៍របស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានបញ្ជាក់ថារបាយការណ៍របស់UNDP នេះ នឹងផ្តល់នូវគំនិតបន្ថែមពីជម្រើសប្រភពហិរញ្ញប្បទានដទៃទៀតសម្រាប់កម្ពុជា។ 
 
លោក សីលវ៉ា បានស្វាគមន៍អនុសាសន៍គោលនយោបាយដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍ DFA នេះផងដែរ។ លោកបាននិយាយដូច្នេះ ៖ «ការផ្ដល់អនុសាសន៍គោលនយោបាយឈរលើភ័ស្តុតាងដល់រាជរដ្ឋាភិបាលកម្ពុជា គឺជាការរួមវិភាគទានបន្ថែមទៀតរបស់ UNDP»៕
 
 
 
 

Tag:
 វិនិយោគ
  FDI
© រក្សាសិទ្ធិដោយ thmeythmey.com