ជាតិ
សង្គមជាតិ
កន្លះឆ្នាំ សម្ដេច ស ខេង ទទួលបានសំណុំរឿងជាង៦០០ តាមហ្វេសប៊ុក
18, Jul 2021 , 5:19 pm        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។
សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។
ភ្នំពេញ៖ លទ្ធផលប្រចាំឆមាសទី១នៃឆ្នាំ២០២១ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រី្តក្រសួងមហាផ្ទៃ បានទទួលសំណុំរឿង៦៦៥ ពីពលរដ្ឋ ដែលផ្ញើចូលទំព័រហ្វេសប៊ុករបស់សម្ដេច។ សំណុំរឿងទាំងនោះ ត្រូវបានក្រុមការងាររបស់សម្ដេច ពិនិត្យឃើញភាគច្រើនជា បញ្ហាគ្រឿងញៀន ហិង្សា និងទំនាស់ដីធ្លី។

 
សម្ដេច ស ខេង បានបញ្ជាក់លើទំព័រហ្វេសប៊ុកថា សម្ដេចបានបញ្ជូនបញ្ហានិងសំណូមពរដែលទទួលបានពីពលរដ្ឋតាមហ្វេសប៊ុក ទៅឲ្យបណ្ដាអគ្គនាយកដ្ឋាននិងអង្គភាបពាក់ព័ន្ធនានា ដើម្បីដោះស្រាយ។ សម្តេច បញ្ជាក់ថា សំណុំរឿងទាំងនោះ មាន៤២៤ករណីបានពិនិត្យមើល ហើយ២៥៩ករណីបានបានដោះស្រាយរួចរាល់។ 
 
ចំពោះសំណុំរឿងទាំងនេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានពិនិត្យដោះស្រាយ និងឆ្លើយតបទៅប្រជាពលរដ្ឋជាម្ចាស់គណនីហ្វេសប៊ុកចំនួន១៧២គណនី ដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន, ល្បែងស៊ីសង, ការចោទប្រកាន់លើអាជ្ញាធរ, អំពើហិង្សា និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។ អគ្គនាយកដ្ឋានរដ្ឋបាលបានពិនិត្យដោះស្រាយ និងឆ្លើយតបទៅប្រជាពលរដ្ឋជាម្ចាស់គណនីហ្វេសប៊ុកចំនួន៥៨គណនី គឺមានពាក់ព័ន្ធនឹងការអនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋាន, ការគ្រប់គ្រងដីបឹងធម្មជាតិ, ទំនាស់ដីធ្លី, ការស្នើពន្លឿនការផ្ដល់សេវាសាធារណៈនៅច្រកចេញចូលតែមួយ និងបណ្ដឹងសុំដូរមេភូមិ ។ល។ 
 
ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ ក៏បានទទួលយកមតិយោបល់ពីប្រជាពលរដ្ឋដែលផ្ញើទៅកាន់សម្ដេចផងដែរ។ សម្ដេច សរសេរដូច្នេះថា៖ «ខ្ញុំក៏បានទទួលយកនូវមតិយោបល់ និងទស្សនៈល្អៗ របស់បងប្អូនប្រជាពលរដ្ឋបានផ្ញើមកខ្ញុំមានប្រមាណ១៥៤គណនី ដែលអាចធ្វើឲ្យខ្ញុំយកមកពិចារណាដើម្បីប្រតិបតិបត្តិក្នុងកិច្ចការបម្រើជាតិ»។ 
 
ជាមួយគ្នាដែរ សម្តេចរដ្ឋមន្រី្ត បានអំពាវនាវឲ្យពលរដ្ឋបន្តលើកមតិយោបល់និងសំណូមពរនានាបន្ថែមទៀត តាមទំព័រហ្វេសប៊ុករបស់សម្ដេចដដែល ដើម្បីជួយដោះស្រាយបញ្ហាដល់ពលរដ្ឋដោយគ្មានការរើសអើង៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com