COVID-19
ជាតិ
ព្រះសង្ឃ និងឧបាសក នៅវត្តទួលទំពូង៤៣អង្គ និងនាក់ក្នុងវត្ត ឆ្លងជំងឺកូវីដ-១៩
× ភ្នំពេញ៖ ព្រះសង្ឃ និងឧបាសកចំនួន៤៣អង្គ និងនាក់ ក្នុងវត្តទួលទំពូង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បានតេស្តឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមលោក ឆេង ជៀក ចៅសង្កាត់ទួលទំពូង១ ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។
ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ក្នុងវត្តទួលទំពូងនេះ គឺមានព្រះសង្ឃចំនួន២០អង្គ និងឧបាសកចំនួន២៣នាក់។ នេះបើតាមលោក ឆេង ជៀក ចៅសង្កាត់ទួលទំពូង១ ដោយបញ្ជាក់ថា បច្ចុប្បន្នព្រះសង្ឃ និងបាសកទាំងនោះ កំពុងគង់ និងសម្រាកនៅមណ្ឌលព្យាបាលទួលពង្រ ក្នុងស្ថានភាពកម្រិតស្រាល។
បើតាមលោកចៅសង្កាត់ទួលទំពូង១ ព្រះសង្ឃ និងឧបាសក ដែលបានឆ្លងជំងឺកូវីដ-១៩ គឺស្ថិតក្នុងចំណោមអ្នកតេស្តសំណាកសរុប១១៣អង្គ និងនាក់។ បច្ចុប្បន្នអ្នកពាក់ព័ន្ធទាំងអស់កំពុងធ្វើចត្តាឡីស័កនៅក្នុងវត្តទួលទំពូង។
ក្រោយពីមានការរាតត្បាតជំងឺកូវីដ-១៩ ក្នុងវត្តទូលទំពូង អាជ្ញាធរខណ្ឌចំការមន បានសម្រេចបិទខ្ទប់វត្តជាបណ្តោះអាសន្ន។
ក្រៅពីវត្តទួលទំពូង ក៏មានវត្តផ្សេងទៀត នៅរាជធានីភ្នំពេញ មានករណីព្រះសង្ឃឆ្លងជំងឺកូវីដ-១៩ផងដែរ រួមមានវត្តស្ទឹងមានជ័យ វត្តសារាវ័នតេជា វត្តមហាមន្ត្រី វត្តព្រែកលាបជាដើម។
មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប៦៧១៨១នាក់ ក្នុងនោះ ៦៣១៥នាក់ ជាករណីនាំចូល។ អ្នកជាសះស្បើយមាន ៥៨៩៣០នាក់ និងស្លាប់សរុប ១១០៦នាក់៕
Tag:
ព្រះសង្ឃ
វត្តទួលទំពូង
© រក្សាសិទ្ធិដោយ thmeythmey.com