កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបាល់ទាត់អាហ្វ្រិកខាងត្បូង២រូបឆ្លងកូវីដ-១៩ នៅភូមិកីឡាអូឡាំពិក
19, Jul 2021 , 11:14 am        
រូបភាព
កីឡាករបាល់ទាត់អាហ្វ្រិកខាងត្បូងពីររូប និងអ្នកវិភាគម្នាក់បានធ្វើតេស្តចេញលទ្ធផលវិជ្ជមានកូវិដ-១៩ នៅភូមិកីឡាអូឡាំពិកជាទីស្នាក់នៅរបស់អត្តពលិក ពោលគឺ៥ថ្ងៃមុនបើកព្រឹត្តិការណ៍។ ក្រុមមន្ត្រីរៀបចំកីឡារដូវកាលក្តៅអះអាងដូច្នេះនៅថ្ងៃទី១៨ ខែកក្កដា ស្របពេលកមានការភ័យខ្លាចនៃការរាលដាលនៅក្នុងភូមិកីឡាខ្លាំងឡើង។


នេះជាករណីឆ្លងលើអត្តពលិកជាបន្តបន្ទាប់នៅអូឡាំពិកឆ្នាំ២០២០ ដែលបានធ្វើឱ្យបរិយាកាសអាប់អួរនៅជុំវិញការប្រកួតប្រជែង ស្របពេលប្រជាជនជប៉ុនភាគច្រើនប្រឆាំងនឹងដំណើរការព្រឹត្តិការណ៍នេះ។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ​កីឡាករ Thabiso Monyane និង Kamohelo Mahlatsi រួមជាមួយអ្នកវិភាគលោក Mario Masha របស់អាហ្វ្រិកខាងត្បូង ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្រោយធ្វើតេស្តវិជ្ជមាន។
 
គោលការណ៍នៅភូមិកីឡាអូឡាំពិក រាល់អ្នកចេញចូលទាំងអស់ត្រូវទទួលការធ្វើតេស្តជាប្រចាំ ហើយត្រូវគោរពតាមវិធានការណ៍ចំបាច់របស់អ្នករៀបចំផង។
 
ស្របពេលមានការភ័យខ្លាចពីសំណាក់អត្តពលិកនៃប្រទេសផ្សេងៗក្រោយករណីឆ្លងនៅភូមិកីឡាអូឡាំពិក លោក Masa Takaya អ្នកនាំពាក្យ ព្រឹត្តិការណ៍តូក្យូឆ្នាំ ២០២០ លើកលើងថាករណីទាំង៣ គឺមកពីប្រទេស និងកីឡាតែមួយ ដូច្នេះហានិភ័យមានកម្រិតទាប សម្រាប់បើកដំណើរការប្រកួតប្រជែងនៅ៥ថ្ងៃខាងមុខ។
 
លោក Neil Powell គ្រូបង្វឹកក្រុមកីឡាបាល់ឱបរបស់អាហ្វ្រិលខាងត្បូង ក៏បានធ្វើតេស្តវិជ្ជមានជំងឺរាតត្បាតនេះដែរ ហើយលោកត្រូវនៅឆ្ងាយពីក្រុមដែលកំពុងហ្វឹកហាត់ត្រៀមប្រកួតដណ្តើមមេដាយ។
 
ទន្ទឹមនឹងនេះអត្តពលិក៦នាក់ និងបុគ្គលិក២នាក់របស់ចក្រភពអង់គ្លេស ក៏ត្រូវដាក់ឱ្យនៅដាច់ដោយឡែកផងដែរ បន្ទាប់ពីពួកគេមានទំនាក់ទំនងជាមួយអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់ អំឡុងពេលធ្វើដំណើរទៅដល់ក្រុងតូក្យូនៅថ្ងៃទី១៦ ខែកក្កដា។
 
អត្រាករណីឆ្លងកូវីដ-១៩ បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅក្រុងតូក្យូ ជាទីដែលរៀបចំកីឡារដុវកាលក្តៅ ដោយក្នុងនោះកើនឡើងដល់ ១០០០ ករណីក្នុងរយៈពេល៤ថ្ងៃជាប់ៗគ្នា។ ការស្ទង់មតិបង្ហាញថាប្រជាជនជប៉ុនជាច្រើនជំទាស់នឹងការប្រារព្ធធ្វើកីឡានេះ ខណៈពួកគេបារម្ភពីការហូរចូលនៃភ្ញៀវទេសចរបរទេស។
 
គិតថ្ងៃថ្ងៃទី១៩ ខែកក្កដា ជប៉ុនកើនករណីឆ្លងដល់ជិត៨៤ម៉ឺនករណី ក្នុងនោះស្លាប់ជាង១៥០០០ករណី និងសះស្បើយជិត៨០ម៉ឺនករណី៕
 

Tag:
 Olympic
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com